ពេលដែលជើងហោះហើរអន្តរជាតិចុងក្រោយចេញចូលក្នុងតំបន់ Kurdistan នៃប្រទេសអ៊ីរ៉ាក់បានត្រូវបញ្ឈប់កាលពីថ្ងៃសុក្រ បាតុកររាប់រយនាក់បានកាន់ប៉េងប៉ោងចម្រុះពណ៌និងសញ្ញាដែលមានសារដូចជា «សេចក្តីមេត្តាធម៌»និង«ការស្រឡាញ់»បានឈរនៅខាងក្រៅចំណតយន្តហោះ។
បាតុករនិយាយថា ពួកគេសង្ឃឹមថា រដ្ឋាភិបាលក្រុងបាដាកនឹងដកការសម្រេចចិត្តរបស់ខ្លួនដើម្បីបង្កើត«តំបន់គ្មានយន្តហោះបើកឆ្លងកាត់»លើតំបន់នោះបន្ទាប់ពីការបោះឆ្នោតឯករាជ្យដែលមានភាពចម្រូងចម្រាស់ដោយមានសំឡេងឆ្នោតគាំទ្រជាង៩២ភាគរយ។
លោក Rowand Hussein អ្នករៀបចំចាត់ចែងការតវ៉ាប្រឆាំងនោះបាននិយាយថា «ការសម្រេចនេះមិនប៉ះពាល់ត្រឹមតែតំបន់ Kurdistanទេ។ វាប៉ះពាល់ដល់ជនភៀសខ្លួន ធ្វើឲ្យក្រុមគ្រួសារគ្មានទីកន្លែងរស់នៅនិងប៉ះពាល់កងកម្លាំងទាំងអស់ដែលកំពុងប្រយុទ្ធជនសកម្មប្រយុទ្ធអ៊ីស្លាម»។
រដ្ឋាភិបាលអ៊ីរ៉ាក់បានហៅការបោះឆ្នោតប្រជាមតិនេះថា ខុសច្បាប់ ហើយបានសន្យាបង្ខំតំបន់ Kurdistan នេះឲ្យនៅរួបរួមជាមួយផ្នែកផ្សេងៗទៀតនៅក្នុងប្រទេស។ យោងតាម Twitter របស់លោក រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នាយករដ្ឋមន្រ្តី Haider al-Abadi នៃនៃប្រទេសអ៊ីរ៉ាក់បានទទួលការហៅទូរស័ព្ទមកពីពួកមេដឹកនាំបារាំង ចក្រភពអង់គ្លេស អ៊ីរ៉ង់និងទួគីដែលបានសម្តែងនូវការគាំទ្ររបស់ពួកគេដល់អ៊ីរ៉ាក់ឯកភាពមួយនេះ។
លោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់បានផ្ញើរសារតាមប្រព័ន្ធ Twitter មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតប្រជាមតិថា «យើងនឹងមិនធ្វើឲ្យខូចឯកភាពជាតិឬអធិតេយ្យភាព របស់អ៊ីរ៉ាក់ទេ។ អ៊ីរ៉ាក់ខ្លាំង។ មនុស្សខ្លះចង់ធ្វើឲ្យវាខ្សោយ។ ពួកគេបានគិតខុសហើយ»៕