ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់មួយនៅតំបន់គ្មានយោធានៃព្រំដែនរវាងប្រទេសទាំងពីរនៅថ្ងៃចន្ទនេះ។
កិច្ចប្រជុំនេះផ្ដោតលើការពិភាក្សាអំពីការអនុវត្តនូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅឯការប្រជុំនាពេលថ្មីៗនេះនៅក្នុងទីក្រុងព្យុងយ៉ាង ស្របពេលដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានអំពាវនាវឲ្យសហគមន៍អន្តរជាតិឲ្យសរសើរមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un សម្រាប់កិច្ចប្រឹងប្រែងរបស់លោកនៅក្នុងការលុបបំបាត់នុយក្លេអ៊ែរ។
លោក Cho Myoung Gyon រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េទាំងពីរនៃប្រទេសកូរ៉េខាងត្បូង បានដឹកនាំគណៈប្រតិភូកូរ៉េខាងត្បូងដែលមានសមាជិក ៥ នាក់ ទៅចូលរួមកិច្ចប្រជុំនេះនៅភូមិ Panmunjom នៃព្រំដែនកូរ៉េទាំងពីរ។ គណៈប្រតិភូកូរ៉េខាងត្បូងនេះត្រូវបានស្វាគមន៍ដោយលោក Ri Son Gwon ប្រធានគណៈកម្មាធិការដើម្បីការបង្រួបបង្រួមប្រទេសដោយសន្តិវិធី ដែលជាអ្នកដឹកនាំគណៈប្រតិភូកូរ៉េខាងជើង។
កាលពីខែមុន មេដឹកនាំកូរ៉េខាងជើង និងមេដឹកនាំកូរ៉េខាងត្បូងបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំលើកទី ៣ របស់ខ្លួន នៅក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន និងជំរុញឲ្យមាននូវកម្មវិធីផ្សេងៗដើម្បីឈានទៅដល់សម្រេចឲ្យបាននូវយុគសម័យសន្តិភាពមួយនៅលើឧបទ្វីបកូរ៉េ ដែលគ្មានអាវុធនុយក្លេអ៊ែរ។
នៅឯកិច្ចប្រជុំនៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េទាំងពីរបានយល់ព្រមជាមួយគ្នានៅក្នុងការចាប់ផ្ដើមគម្រោងរួមគ្នាមួយដើម្បីភ្ជាប់ប្រព័ន្ធផ្លូវដែក និងផ្លូវគោកនៃប្រទេសទាំងពីរ ក៏ដូចជាធ្វើទំនើបកម្មផងដែរ នៅមុនដំណាច់ឆ្នាំនេះ។
គណៈប្រតិភូទាំងពីរក៏យល់ព្រមពិភាក្សាគ្នាផងដែរលើបញ្ហាមួយចំនួនទៀតទាក់ទងទៅនឹងការសម្ដែងរបស់ក្រុមសិល្បៈកូរ៉េខាងជើងនៅប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗខាងមុខនេះ និងការពិភាក្សារបស់អង្គការកាកបាទក្រហមនៅតំបន់រមណីយដ្ឋានភ្នំ Kumgang នៅកូរ៉េខាងជើងនៅខែវិច្ឆិកាខាងមុខនេះទាក់ទិននឹងបញ្ហាក្រុមគ្រួសារកូរ៉េដែលបែកគ្នាសម័យសង្គ្រាម៕