ជនជាតិកូរ៉េខាងត្បូងវ័យចំណាស់ប្រហែល ៩០ នាក់ បានជួបជុំឡើងវិញជាមួយនឹងសាច់ញាតិរបស់ខ្លួនដែលជាជនជាតិកូរ៉េខាងជើង។ ពួកគេបានបែកគ្នាអស់រយៈពេលជាង ៦ ទសវត្សរ៍មកហើយ តាំងពីសម័យសង្គ្រាមកូរ៉េដែលជាសង្គ្រាមមួយបំបែកកូរ៉េជាពីរមកម្ល៉េះ។
ពួកគេបានយំអោបគ្នានៅថ្ងៃចន្ទនេះនៅឯរមណីយដ្ឋានភ្នំ Kumgang នៃប្រទេសកូរ៉េខាងជើង គឺក្នុងរយៈពេលតែប៉ុន្មានម៉ោងក្រោយមកតែប៉ុណ្ណោះបន្ទាប់ពីរថយន្តក្រុងដឹកពួកគេទាំងនោះឆ្លងចូលដល់ទឹកដីកូរ៉េខាងជើង។ ពួកគេនឹងជួបគ្នាដោយផ្ទាល់សម្រាប់រយៈពេល ៣ ថ្ងៃ ក្រោមការតាមដានពីភ្នាក់ងារកូរ៉េខាងជើង។
តាំងពីឆ្នាំ ២០០០ មក ការជួបជុំបែបនេះមានប្រហែលតែ ២០ ដងតែប៉ុណ្ណោះ ដោយលើកចុងក្រោយបំផុតបានធ្វើឡើងកាលពីខែតុលា ឆ្នាំ ២០១៥។
ក្រុមគ្រួសារកូរ៉េរាប់លានគ្រួសារត្រូវបានបែកគ្នាដោយសារសង្គ្រាមកូរ៉េដែលបានកើតឡើងពីឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣។ ភាគច្រើននៃអ្នកដែលរង់ចាំជួបជាមួយនឹងសាច់ញាតិរបស់ខ្លួននៅកូរ៉េខាងជើង បានស្លាប់អស់ហើយ ហើយភាគច្រើននៃអ្នកដែលនៅរស់គឺមានអាយុជាង ៨០ ឆ្នាំ។
ក្នុងចំណោមនោះ មានពលរដ្ឋអាមេរិកាំងដើមកំណើតកូរ៉េផងដែរ ដែលពួកគេមិនដែលត្រូវបានគេដាក់បញ្ចូលទៅក្នុងដំណើរការជួបជុំគ្នាឡើងវិញនេះទេ។
អ្នកស្រី Chahee Stanfield នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធជាតិនៃគ្រួសារដែលបែកគ្នា (National Coalition of Divided Families) បានប្រាប់ VOA ថា កាលពីឆ្នាំ ២០០១ មានពលរដ្ឋអាមេរិកាំងដើមកំណើតកូរ៉េ ១ សែននាក់ ដែលមានសាច់ញាតិបែកគ្នាដោយសារសង្គ្រាមកូរ៉េ កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែភាគច្រើននៃអ្នកទាំងនោះបានស្លាប់អស់ហើយ៕