មន្ត្រីជាន់ខ្ពស់ដែលជាតំណាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ព្រមទាំងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅកម្ពុជា នឹងត្រូវមូលនិធិខុនរ៉ាតរបស់ប្រទេសអាល្លឺម៉ង់ បញ្ជូនឲ្យទៅធ្វើទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់នៅចុងខែមីនានេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ។ នេះបើតាមការឲ្យដឹងពីប្រធានមូលនិធិខុនរ៉ាតអាឌិនណៅអ៊ែរ (Konrad Adenauer Stiftung ) ប្រចាំប្រទេសកម្ពុជា ដែលជាអ្នករៀបចំដំណើរទស្សនកិច្ចនេះឡើង។
មូលនិធិខុនរ៉ាតអាឌិនណៅអ៊ែរ ឬ KAS គឺជាមូលនិធិរបស់ប្រទេសអាល្លឺម៉ង់ ដែលបាននិងកំពុងធ្វើការនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសនេះ។
លោក Rene Gradwohl ប្រធានមូលនិធិ KAS ប្រចាំកម្ពុជា ប្រាប់ VOA តាមរយៈសារហ្វេសប៊ុក នៅព្រឹកថ្ងៃសុក្រនេះថា កម្មវិធីដំណើរទស្សនកិច្ច និងការពិភាក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់មន្ត្រីអ្នកនាំពាក្យ និងអ្នកសារព័ត៌មានពីប្រទេសកម្ពុជា នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា។
លោកបន្តថា ដំណើរទស្សនកិច្ចដែលមានតែម្ដងនេះ នឹងនាំមន្ត្រីអ្នកនាំពាក្យ និងអ្នកសារព័ត៌មានកម្ពុជាទៅកាន់ស្ថាប័នរដ្ឋសំខាន់ៗមួយចំនួនរបស់អាល្លឺម៉ង់ ដើម្បីឲ្យពួកគេបានយល់ដឹងពីទំនាក់ទំនងនយោបាយរបស់ប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធនឹងការរៀបចំខ្លួន និងរបៀបដែលរដ្ឋាភិបាល សភា និងប្រព័ន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់ធ្វើការរួមគ្នាដើម្បីជូនដំណឹងដល់សាធារណជន។
លោកបន្ថែមថា ដំណើរទស្សនកិច្ចនេះ នឹងជួយពង្រឹងទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
លោក Rene បន្ថែមដោយសម្រង់ន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ខ្ញុំរំពឹងថា ដំណើរទស្សនកិច្ចនេះ នឹងផ្ដល់នូវគំនិតថ្មីសម្រាប់ស្ថានភាពក្នុងប្រទេសកម្ពុជា។ វានឹងផ្ដល់នូវឱកាសដើម្បីឆ្លុះបញ្ចាំង និងពិភាក្សាអំពីទំនាក់ទំនងជាសាធារណៈ និងរបៀបដើម្បីកែលម្អធ្វើឲ្យកាន់តែល្អប្រសើរឡើងនូវទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា»។
បើតាមលោក Rene ក្នុងដំណើរទស្សនកិច្ចនេះ នឹងមានការចូលរួមពីមន្ត្រីអ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រធានមន្ត្រីទំនាក់ទំនងនៃគណបក្សសង្គ្រោះជាតិ នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា (CCJ) និងអ្នកសារព័ត៌មានចំនួនពីររូប។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលនឹងចូលរួមក្នុងដំណើរទស្សនកិច្ចនោះ ប្រាប់VOA នារសៀលថ្ងៃសុក្រនេះថា ដំណើរទស្សនកិច្ចនេះ នឹងជួយឲ្យទំនាក់ទំនងនៃការផ្ដល់ព័ត៌មានរវាងមន្ត្រីសាធារណៈរបស់រដ្ឋាភិបាល ទៅកាន់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង។
លោកបញ្ជាក់ថា៖ «ធ្វើឲ្យស្ថាប័នអ្នកព័ត៌មានហ្នឹងក៏យល់អំពីអ្នកនាំពាក្យ និងអ្នកផ្សព្វផ្សាយព័ត៌មានហ្នឹងមានទម្ងន់យ៉ាងណា? វាមានផលលំបាក ឬក៏យ៉ាងម៉េចខ្លះដើម្បីផ្ដល់ព័ត៌មានជូនស្ថាប័នហ្នឹង ចង់និយាយថា ត្រូវខិតខំយ៉ាងណា។ ទី២ ក៏ត្រូវយកអ្នកនាំពាក្យហ្នឹងទៅដឹងអំពីតួនាទីភារកិច្ចអ្នកកាសែតសេរី អ្នកវិជ្ជាជីវៈ។ ចង់និយាយថាអ្នកកាសែតដែលមានក្រមសីលធម៌ច្បាស់លាស់ហ្នឹង យើងត្រូវផ្ដល់ព័ត៌មានឲ្យយ៉ាងម៉េច»។
លោក ប៊ិន សុជាតិ នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា (CCJ) លើកឡើងថា ការស្នើសុំ និងការទទួលបានព័ត៌មានរបស់អ្នកសារព័ត៌មានពីមន្ត្រីសាធារណៈនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន ហាក់មានភាពប្រសើរជាងមុនបើធៀបនឹងឆ្នាំមុនៗ។
លោកបន្ថែមថា ទោះបីជាការទទួលបានព័ត៌មាននេះ មានភាពប្រសើរជាងមុន ប៉ុន្តែលោកថា អ្នកសារព័ត៌មាននៅតែកំពុងប្រឈមនឹងបញ្ហាដដែល ដូច្នេះលោករំពឹងថា ដំណើរទស្សនកិច្ចនេះនឹងអាចធ្វើឲ្យការផ្ដល់ព័ត៌មានរបស់មន្ត្រីសាធារណៈ ដល់អ្នកសារព័ត៌មាន កាន់តែមានភាពទូលំទូលាយ។
លោកបញ្ជាក់ថា៖ «ក្នុងការប្រសើរនេះគឺមានកម្រិតមួយដែលយើងគិតថាមិនទាន់បានឆ្លើយតបនឹងតម្រូវការសម្រាប់អ្នកធ្វើការងារវិស័យវិជ្ជាជីវៈសារព័ត៌មាននៅឡើយទេ។ យើងឃើញថានៅតែមានការត្អូញត្អែរពីអ្នកសារព័ត៌មានភាគច្រើនដែលគាត់ថាពិបាករកព័ត៌មានអីអញ្ចឹង»។
បច្ចុប្បន្ននេះ ក្រសួងព័ត៌មានកម្ពុជាកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន នៅមានបញ្ហាប្រឈមមួយចំនួន ដូចជាភាពមិនច្បាស់លាស់នៃពាក្យថាព័ត៌មានសម្ងាត់របស់រដ្ឋ និងនីតិវិធីនៃការប្ដឹងតវ៉ា ដែលចំណុចទាំងនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ៕