អាជ្ញាធរ​ខេត្ត​កោះកុង​ដាក់​ឱសានវាទ​ជាង​មួយ​ខែ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​អារ៉ែង​រុះរើ​ទីស្នាក់ការ​សហគមន៍

រូបឯកសារ៖ អ្នក​ភូមិ​អារ៉ែង​លេង​ភ្លេង​ដោយ​វាយ​ស្គរ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ថ្វាយ​បង្គុំ​គ្រូ។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)

អាជ្ញាធរ​ខេត្តកោះកុង ​​ទុក​ពេល​ជាងមួយ​ខែ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ស្ទឹង​អារ៉ែង​ រុះរើ​ទីស្នាក់ការ​សហគមន៍​ស្ទឹង​​អារ៉ែង​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាងសង់​សាលា​ឃុំ។ ​តំណាង​សហគមន៍​ មិន​ទាន់​អាច​បញ្ជាក់​ជំហរ​យ៉ាងណាទេ។​ មន្ត្រី​សង្គម​ស៊ីវិល ​បាន​លើក​ឡើង​ថា​ អាជ្ញាធរ​មូលដ្ឋាន​គួរ​អនុញ្ញាត​ឲ្យ​មាន​ស្នាក់​ការ​សហគមន៍​នេះ។

ប្រជា​ពលរដ្ឋ​ខ្មែររស់​នៅ​សហគមន៍​អារ៉ែង ​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ទីតាំង​ជួប​ប្រជុំ​ និង​ផ្តល់​សេវា​ដល់​ភ្ញៀវ​ទេសចរ​ ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន​បានស្នើ​ឲ្យ​តំណាង​សហគមន៍​នេះ ​រុះរើ​ទីស្នាក់​ការ​សហគមន៍​ស្ទឹង​អារ៉ែង។​ នេះ​បើ​យោង​តាម​លិខិត​ជូន​ដំណឹង​របស់​រដ្ឋបាល​ឃុំ​ជំនាប់​ ស្ថិត​ក្នុង​ខេត្ត​កោះកុង ​និង​តាម​ការ​បញ្ជាក់​ពី​តំណាង​របស់​សហគមន៍។​

តំបន់​អារ៉ែង ​គឺ​ជា​ទីតាំង​ ដែល​ធ្លាប់​មាន​បញ្ហា​ចម្រូង​ចម្រាស​ទាក់​ទិន​គម្រោង​សង់​ទំនប់​វារី​អគ្គិសនី​ ដោយ​ក្រុមហ៊ុន​ចិន​ ហើយ​តំណាង​សហគមន៍​នេះ​ មួយ​រូប​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ចចាប់​ដាក់​ក្នុង​ពន្ធនាគារ​ ដោយ​ចោទ​ថា​ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ។​

លិខិត​របស់​រដ្ឋបាល​ឃុំ​ជំនាប់​ ស្ថិត​ក្នុង​ស្រុក​ថ្មបាំង​ ខេត្ក​កោះកុង​ ​ចុះ​ហត្ថលេខា​ដោយ​លោក មាស​ ជ្រាយ​ ​មេឃុំ​ជំនាប់ កាលពី​ថ្ងៃ​ទី​ ២១ ​ខែ​មីនា​ បាន​បញ្ជាក់​ឲ្យ​ដឹងថា ​ ដោយ​រដ្ឋបាល​ឃុំ​តម្រូវឲ្យ​មាន​ការ​រៀបចំ​ទីតាំង​ដី​សាលាឃុំ​ ​សម្រាប់​ធ្វើ​សាលាឃុំ​ស្តង់ដា​នា​ពេល​ខាងមុខ​ និង​សម្រាប់​បម្រើ​សេវា​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​នោះ​ រដ្ឋ​បាល​ឃុំជំនាប់​ សូម​ជម្រាប​ជូន​ដំណឹង​ដល់​តំណាង​សហគមន៍​ស្ទឹង​អារ៉ែង​ សូម​ធ្វើ​ការ​រុះរើ​ទីស្នាក់​ការ​សហគមន៍​ឲ្យ​បាន​មុន​ថ្ងៃ​ទី​ ២៥​ ខែ​មេសា​ ឆ្នាំ​២០១៨ ជា​កំណត់។​

រដ្ឋបាល​ឃុំ​ជំនាប់​ក៏​ព្រមាន ​«ចាត់​វិធានការ​តាម​ផ្លូវច្បាប់»​ ប្រឆាំង​នឹង​សហគមន៍​ បើ​សហគមន៍​មិន​ព្រម​រុះរើ​ទីស្នាក់​ការ​ នៅ​ពេល​ដល់ឱសានវាទ។​

លោក​ ហឹង ពៅ​ ជនជាតិ​ដើម​ភាគ​តិច​ជង​ និង​ជា​អនុ​ប្រធាន​សហគមន៍​ស្ទឹង​អារ៉ែង​ ​បានប្រាប់​ VOA នៅ​ថ្ងៃ​សៅរ៍​ថា​ សហគមន៍​បាន​ទទួល​លិខិត​ជូន​ដំណង​ពី​អាជ្ញាធរ​មូល​ដ្ឋាន​ កាលពី​ថ្ងៃទី​ ២១ ​ខែមីនា​ ហើយ​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​សហគមន៍​ជាង​២០​នាក់គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ពិភាក្សា​រក​ដំណោះស្រាយ​ សម្រាប់​ការ​ស្នើ​ឲ្យ​រុះរើ​ទីស្នាក់​ការ​សហគមន៍​ដែល​មាន​ទំហំ​៧​ម៉ែត្រគុណ​១២​ និង​បម្រើ​ដល់ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជាង​១០០​គ្រួសារ​មក​ពីសហគមន៍ចំនួនបី ​រួមមាន​ឃុំ​ថ្ម​ដូនពៅ​ ឃុំ​ជំនាប់​ និង​ឃុំ​ប្រឡាយ។​

លោក​បាន​បញ្ជាក់​ថា​ ទីតាំង​ស្នាក់​ការ​របស់​សហគមន៍​ស្ទឹង​អារ៉ែង​គឺ​ជា​ទីតាំង​ដែល​អាជ្ញាធរបាន​គ្រោង​ទុក​សម្រាប់​សង់​សាលាឃុំ ដោយសារ​ឃុំ​មិន​ទាន់​មាន​ការិយាល័យ​រដ្ឋបាល​សម្រាប់​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​នៅ​ឡើយ។​ យ៉ាងណាក៏ដោយ​ លោក​មិន​អាច​បញ្ជាក់​ថា​ សហគមន៍​នឹង​ត្រូវ​ទទួល​យក​ការ​ស្នើ​សុំ​របស់​រដ្ឋបាល​ឃុំជំនាប់​ឬយ៉ាង​ណា ​ព្រោះ​ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការ​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ។​

«នៅ​ពេល​ដែល​ខ្ញុំ​បាន​ប្រជុំ​ចប់​ហើយ​ យើង​នឹង​យក​មតិ​រួមមួយ​ ដើម្បី​យក​ផ្លូវ​កណ្តាល​ ដើម្បី​ចរចា​ជាមួយ​គាត់ ​ក៏មិន​ដឹង​ ឬមួយ​ក៏យើង​គិត​ថា​ រើ​ចេញ ឬ​មួយ​ក៏​គិត​ថា​ មិន​រើ។ ​អា​ហ្នឹង​អត់​ទាន់​សម្រេច​ ទាល់​តែ​យើង​ប្រជុំ​ចប់​បង»។​

លោក​ ហឹង ពៅ​ ថ្លែង​បញ្ជាក់​ទៀត​ថា​ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​កោះ​ហៅ​ប្រជា​ពលរដ្ឋ​មក​ជំនុំ​គ្នា​មុន​ដើម្បី​ជជែក​គ្នា​ ទាក់​ទិន​ការស្នើ​ឲ្យ​រុះរើ​ស្នាក់ការនេះ​ទេ​ ពោល​គឺ​អាជ្ញាធរ​មូលដ្ឋាន​សុខៗ​ក៏​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​មាន​ការ​រុះរើ​នេះ​តែ​ម្តង។​ លោក​មាន​ប្រសាសន៍​បន្ត​ថា​ ប្រសិន​បើ​អាជ្ញាធរ​ប្រកាន់​ជំហរ​ដាច់​អហង្ការ​ឲ្យ​រុះរើ​ទីស្នាក់ការ​នេះ​មែន​នោះ​ ប្រជា​ពលរដ្ឋ​សហគមន៍​នឹង​ជួប​ផល​វិបាក​ក្នុង​ការ​ជួបប្រជុំ​ និង​រៀបចំ​វេទិកា​ផ្សេងៗ​ ហើយ​នឹង​បាត់​ទីតាំង​ផ្តល់​សេវា​ជូន​ភ្ញៀវ​ទេសចរ​ ដែល​អាច​ផ្តល់​ចំណូល​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ម្នាក់​ជាង​៣​ម៉ឺនរៀល​ផង​ដែរ។​

«បាទ ​នៅពេល​ដែល​រុះ​អា​ហ្នឹង​ហើយ​ គឺ​យើង​បាត់​បង់​កន្លែង​ប្រជុំ​គ្នា​ តាម​បណ្តាញ​សហគមន៍​របស់​យើង​ ហើយ​មួយ​ទៀត​ គឺបាត់​បង់​នូវកន្លែង​ដែល​យើង​ ដាក់​សម្ភារៈ​ ដែល​យើង​ផ្គត់​ផ្គង់​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ​ ក៏ដូច​ជា​សមាជិក​ផ្សេងៗ។​ អាហ្នឹង​គាត់​ដូចជា​ធ្វើ​ឲ្យគាត់​ហ្នឹង​មិន​ដឹង​ថា​ អារម្មណ៍​គាត់​ហ្នឹង​ គាត់​អត់​សូវ​មាន​ជំនឿ​សោះ​បាទ​ ពីព្រោះ​អ្វី​ដែល​យើង​ធ្វើបាន​ហើយ​ ឲ្យគាត់​រុះ​រើ​វិញ»។​

តំបន់​អារ៉ែង​គឺ​ជា​ជង្រុក​សម្បត្តិ​ធម្មជាតិ​មហា​សាល​របស់​កម្ពុជា​ដែល​នៅ​សេស​សល់​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី។​ តំបន់​នេះ​មាន​ទាំង​សត្វ​ចម្រុះ​ ច្រើន​ប្រភេទ​ ​ធន​ធាន​រ៉ែ​ និង​ព្រៃ​ឈើ​ស្តុក​ស្តម្ភ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​កន្លង​មក​របស់​លោក​ Alex Gonzalez Davidson ​ស្ថាបនិក​ និង​ជា​នាយក​អង្គ​ការ​មាតា​ធម្មជាតិ​ ដែល​ពេល​នេះ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​របស់​ក្រសួង​មហា​ផ្ទៃ។​

តំបន់​អារ៉ែង​ក៏​ជា​ទីតាំង​ ដែល​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​សកម្មភាព​កម្សាន្តតាម​រយៈការ​ផ្សងព្រេង​ ក្នុង​នោះ​មាន​ការ​ដើរ​ឡើង​ភ្នំ​ និង​ការ​ដើរ​ក្នុង​ព្រៃ​ជាដើម។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ស ម៉ូរី​ អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា។​

រូបឯកសារ៖ ស ម៉ូរី អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា នៅក្នុង​បន្ទប់ផ្សាយ​របស់ VOA ក្នុង​រាជធានី​ភ្នំពេញ​នៅ​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​រាត្រី​ថ្ងៃចន្ទ​ទី ១៣ ខែមីនា ឆ្នាំ២០១៧។ (លឹម សុធី/VOA)

លោក​ ស ម៉ូរី ​អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ដែល​ចុះ​ទៅ​ធ្វើការ​ផ្ទាល់​ក្នុង​សហគមន៍​ជំនាប់​នេះ​ បាន​ផ្តល់​ហេតុផល​ជា​ច្រើន​ នៅ​ក្រោយ​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​រុះរើ​ទីស្នាក់​ការ​សហគន៍​ស្ទឹង​អារ៉ែង​នេះ។ ​លោក​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ចេតនា​ថា​ នឹង​ទម្លាក់​ចោល​នូវ​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​នៅ​ទី​នោះ​នៅឡើយ​ ដោយ​សារ​រដ្ឋាភិបាល​បាន​លើក​គម្រោង​នេះ​ទៅឆ្នាំ​ ២០២៣។ ​ហើយ​បើ​ទោះបី​មាន​ការ​បញ្ជាក់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ថា​ មិន​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះក្តី​ ក៏​អ្វីៗ​ស្ថិត​ក្នុង​ភាព​មន្ទិល ​ពោល​គឺ​តំបន់​អារ៉ែង​នៅ​ប្រឈម​នឹង​ហានិភ័យ​គ្រប់​ពេល​វេលា។ ​លោក​ថ្លែង​យ៉ាង​ដូច្នេះ៖​

«ទោះបី​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​ម្តង​ ជា​ពីរដង​ មក​ហើយ​ថា​ មិនមាន​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង​ ក៏ប៉ុន្តែ​មិនមាន​ចេញ​លិខិត​ផ្លូវការ​ណាមួយ​ទេ​ ហើយ​រដ្ឋាភិបាល​ក៏មិន​បាន​សម្រេច​ដាក់​ស្ទឹង​អារ៉ែង​ទៅ​ជា​តំបន់​ការ​ពារ​ទេសភាព​អី​ជា​ដើម។ ​អីចឹង​យើង​ឃើញ​ថា​ តំបន់​អារ៉ែង​នៅតែ​ស្ថិត​នៅក្នុង​ហានិភ័យ​ដដែល​ ហើយ​ការ​រុះរើ​ទីស្នាក់​សហគមន៍​នេះ​ វា​អាច​ជា​ផ្នែក​មួយ​នៃ​រឿង​ហ្នឹង​ដែរ​បាទ»។​

លោក​ ស ម៉ូរី ​អះអាង​បន្ត​ថា​ ទំនាស់​ផល​ប្រយោជន៍​រវាង​អង្គការ​ Wildlife Alliance ​និង​ប្រជា​ពល​រដ្ឋ​សហគមន៍​ក្នុងឃុំ​ជំនាប់​ក៏​អាច​ជា​ផ្នែក​មួយ ​ដែល​នាំឲ្យ​អាជ្ញាធរ​មូលដ្ឋាន​តម្រូវឲ្យ​ប្រជា​ពល​រដ្ឋ​សហគមន៍​រុះរើ​ទីស្នាក់ការ​របស់​ពួក​គេ​ដែរ។​

លោក​បញ្ជាក់​ថា​ អង្គការ​ Wildlife Alliance ​បាន​បង្កើត​សហគមន៍​ទេសចរ​មួយ​ដែល​មាន​ទីស្នាក់​ការនៅ​ឃុំ​ថ្ម​ដូនពៅ​ ហើយ​ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋា​ភិបាល ខណៈ​ដែល​ប្រជា​ពល​រដ្ឋ ​សហគមន៍​មិន​បាន​ទទួល​ការ​អនុញ្ញាត​ពេញ​ច្បាប់​សម្រាប់​ការ​បង្កើត​ទីតាំងស្នាក់​ការ​របស់​ខ្លួន ដើម្បី​ទទួល​ភ្ញៀវទេស​ចរនោះ​ទេ។​

លោក​បន្ត​ថា​ ប្រជា​ពលរដ្ឋ​នៅឃុំ​ជំនាប់​មិន​ពេញ​ចិត្ត​សហគមន៍​ទេសចរ​របស់​អង្គការ​ Wildlife Alliance ​ព្រោះ​អាជ្ញាធរ​បាន​ហាម​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ទទួល​ភ្ញៀវ​ទេសចរ​ ក្រៅតែ​ពី​សហគមន៍​នេះ​ឡើយ។ ​លោក​ថ្លែង​ថា៖​

«គាត់​នៅ​ទីនោះ​ គាត់​ជា​ម្ចាស់​ធនធាន​ ម្ចាស់​ទឹក​ ម្ចាស់ដី​ ហើយ​គាត់​ខិតខំ​ប្រឹង​ប្រែង​មែនទែន​ក្នុង​ការ​ការពារ​តំបន់​អារ៉ែង។ ​អីចឹង​ គាត់​គួរតែ​ជាអ្នក​មាន​ឱកាស​ ហើយ​គាត់​មានជម្រើស​ ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ​ ហើយ​និង​ផ្តល់សេវា​កម្ម​ទេសចរ។​ ដោយសារ​តែ​មូលហេតុ​នេះ​ហើយ​ ខ្ញុំ​គិត​ថា​ វា​ក៏ជា​ផ្នែក​មួយ​ដែល​ជំរុញឲ្យ​មាន​ បាទ​ដែលៗ​ធ្វើ​ឲ្យមាន​ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ហ្នឹង​ ចេញ​សេចក្តី​សម្រេច​រុះ​រើ​ទីស្នាក់​ការ​សហគមន៍​ហ្នឹង​ដែរ»។​

VOA ​បាន​ព្យាយាម​ទាក់​ទងលោក​មាស​ ជ្រាយ​ មេឃុំ​ជំនាប់ដើម្បីសុំ​ការ​អធិប្បាយ​តែ​មិនទាន់​អាច​បាន​ទេ។ ​ចំណែក​លោក​ អន​ សុធារិទ្ធ​ អភិបាល​ស្រុក​ថ្ម​បាំង​ បដិសេធ​មិន​ផ្តល់​ការ​អធិប្បាយ​ទេ​ ដោយ​លោក​ជាប់​រវល់​ក្នុង​កិច្ច​ប្រជុំ។​

«អាឡូ​ បាទៗ​ អត់​ឮ​កំពុង​ជាប់ប្រជុំ​បន្តិច»។​

លោក​ ស ម៉ូរី​ អនុ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពិចារណា​ទុក​ឲ្យ​ទីស្នាក់​ការ​សហគមន៍​ស្ទឹង​អារ៉ែង​នេះ​បាន​ដំណើរការ​បន្តទៀត​ ហើយ​អាជ្ញាធរ​អាច​សង់​សាលាឃុំ​នៅ​ក្បែរ​ទីស្នាក់ការនេះ​ ដែល​នឹង​អាច​បង្កើត​បាន​នូវ​ការ​កសាង​ទំនាក់​ទំនង​រវាង​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន។ ​លោក​ក៏​បាន​ដាក់​ការ​សង្ស័យ​ថា​ អាជ្ញាធរ​ទំនង​ជាមាន​ចេតនា​បំបាត់​ទីស្នាក់ការ​នេះ​ ​ ព្រោះ​ទីស្នាក់​ការ​នេះ​ជាកន្លែង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ផ្នែក​ច្បាប់​ និង​សិទ្ធិ​តស៊ូ​មតិ​នានា។ ​លោក​ថា​ ប្រជា​ពលរដ្ឋ​សហគមន៍​ស្ទឹង​អារ៉ែង​ក៏​រង​ការ​ឈឺ​ចាប់​ក្នុង​ការ​កសាង​ទីស្នាក់ការនេះដែរ​ ដោយ​ហេតុថា​ តំណាង​សហគមន៍​មួយ​រូប​ គឺ​លោក វ៉ែន វ៉ន​ ត្រូវ​គេ​ចាប់​ដាក់​គុក​ ក្រោមបទ​ចោទ​ថា​ បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ។​

លោក​លើក​ឡើង​បន្ថែម​ថា​ ប្រសិន​បើ​ទីស្នាក់ការ​បច្ចុប្បន្ន​របស់​សហគមន៍​ត្រូវ​បាន​រុះរើមែន ​នោះ​ប្រជា​ពលរដ្ឋ​សហគមន៍​នឹង​គ្មានឱកាស​កសាង​ទីស្នាក់​ការ​របៀបនេះ​ទៀត​បាន​ទេ​ បើ​មើល​ទៅលើ​ស្ថាន​ភាព​នយោបាយ​អាប់អួរ ​និង​ស្ថាន​ភាព​រឹតបន្តឹង​លើ​សិទ្ធិ​ប្រមូលផ្តុំ​ និង​ការ​បញ្ចេញ​មតិ​ដូច​សព្វ​ថ្ងៃ​នេះ៕