ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​បញ្ជា​សាលា​ឧទ្ធរណ៍​ឲ្យ​កាត់​ក្តី​អ្នក​ការពារ​បរិស្ថាន​តំបន់​អារ៉ែង​ឡើង​វិញ​


រូបឯកសារ៖ លោក វ៉ែន វ៉ន សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង ប្រាប់ VOA នៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក វ៉ែន វ៉ន សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង ប្រាប់ VOA នៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)

លោក​ វ៉ែន វ៉ន​ អ្នក​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង​ក្នុង​ខេត្ត​កោះកុង​ ខកខាន​មិន​បាន​ចូលរួម​សវនាការ​កាត់​ក្តី​បណ្តឹង​តវ៉ា​របស់​លោក ​នៅ​តុលាការ​កំពូល​ទាក់​ទិន​ការ​ទិញដូរ​ឈើ​ខុស​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ទោះ​ជា​អ្នក​ការពារ​បរិស្ថាន​រូប​នេះ​ អវត្តមាន​ក្នុង​សវនាការ​ ក៏​តុលាការ​កំពូល​បាន​សម្រេច​បង្វែរ​សំណុំ​រឿង​លោក​ វ៉ែន វ៉ន ​ទៅ​សាលា​ឧទ្ធរណ៍​ឲ្យ​កាត់​ក្តី​ជា​ថ្មី​ម្តង​ទៀត។​ អ្នក​ការពារ​សិទ្ធិមនុស្ស​សាទរ​នឹង​ការ​សម្រេច​នេះ។​

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​តុលាការ​កំពូល​បញ្ជា​ឲ្យ​សាលា​ឧទ្ធរណ៍​បើក​ការ​កាត់​ក្តី​អ្នក​ការពារ​បរិស្ថាន​តំបន់​អារ៉ែង ​គឺ​លោក​ ​វ៉ែន វ៉ន​ ឡើង​វិញ​ចំពោះ​បទ​ល្មើស​«ប្រមូល​ផល​ ​អនុផល​ព្រៃ​ឈើ​ ​ដោយ​គ្មាន​លិខិត​អនុញ្ញាត»។ ​តុលាការ​កំពូល​អះអាង​ថា​ ​ការ​កាត់​សេចក្តី​កន្លង​មក​នៅ​សាលា​ឧទ្ធរណ៍​ធ្វើ​ឡើង​មិន​ស្រប​តាម​គតិ​ច្បាប់។​ នេះ​បើ​តាម​ការ​ប្រកាស​សាលដីកា​របស់​ចៅក្រម​នៅ​តុលាការ​កំពូល​ និង​មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កោះកុង។​

ក្នុង​ការ​ប្រកាស​ដីកា​មិន​ដល់​៥នាទី​ផង​នោះ ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការ​កំពូល​អ្នកស្រី​ គឹម សត្ថាវី​ ​បាន​ប្រកាស​ថា​ ​ការ​កាត់​ក្តី​របស់​ឧទ្ធរណ៍​ មិន​ត្រឹម​ត្រូវ​តាម​គតិ​ច្បាប់​ ហើយ​បញ្ជា​ឲ្យ​សាលា​ឧទ្ធរណ៍​កាត់​សេចក្តី​សំណុំ​រឿង​នេះ​ឡើង​វិញ។

លោក​ អ៊ិន គង់ជិត​ ​អ្នក​សម្រប​សម្រួល​សិទ្ធិមនុស្សរបស់អង្គការការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ​នៅ​ខេត្ត​កោះ​កុង​ ថ្លែងប្រាប់​ VOA ថា​ តុលាការ​កំពូល​មាន​សុភវិនិច្ឆ័យ​ត្រឹមត្រូវ​ ដែល​បាន​បង្វែរ​សំណុំ​រឿង​លោក​ វ៉ែន វ៉ន​ ទៅ​ធ្វើ​ការ​ក្តី​នៅ​សាលា​ឧទ្ធរណ៍​ម្តង​ទៀត។​ លោក​រំពឹង​ថា​ ​សាលា​ឧទ្ធរណ៍​ នឹង​ពិចារណា​ផ្តល់​យុត្តិធម៌​ ​ដល់​សកម្មជន​ការពារ​បរិស្ថាន​ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ក្នុង​ស្រុក​ថ្មបាំង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ថ្លែង​ថា៖

«យើង​សុំ​ឲ្យ​សាលា​ឧទ្ធរណ៍​ បើ​មាន​ការ​ជំនុំ​ជម្រះ​ឡើង​វិញ​សារ​ជា​ថ្មី​ ហ្នឹង​ខ្ញុំ​សុំ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ វ៉ែន វ៉ន​ ព្រោះ​គាត់​អត់​មាន​ចេតនា​ទៀត​ ឬ​ក៏​មាន​គំនិត​ទុច្ចរិត​ ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ»។

តំបន់​ព្រៃមួយ​កន្លែង​នៅ​ខេត្ត​កោះកុង
តំបន់​ព្រៃមួយ​កន្លែង​នៅ​ខេត្ត​កោះកុង

សកម្មជន​ការពារ​ព្រៃឈើ​ក្នុង​តំបន់​អារ៉ែង​ខេត្ត​កោះកុង​ ​លោក​ វ៉ែន​ វ៉ន​ រង​ការ​ប្ដឹង​ផ្ដល់​តាម​ផ្លូវ​ច្បាប់​ពី​អាជ្ញាធរ​ស្រុក​ថ្ម​បាំង​ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មួយ​ចំនួន​ក្នុង​ខេត្ត​កោះកុង​ ក្រោយ​ពី​លោក​មាន​ភាព​សកម្ម​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​សហគមន៍​ជនជាតិ​ ​ដើម​ភាគ​តិច​ជង​ ​និង​ចូលរួម​ការពារ​បរិស្ថាន​តំបន់​អារ៉ែង ​ជា​មួយ​ស្ថាបនិក​ និង​ជា​នាយក​អង្គការ​«មាតា​ធម្មជាតិ»​ ​លោក​ ​Alejandro Gonzalez-Davdison​ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​ ក្រោម​ហេតុផល​ថា លោក​ស្នាក់​នៅ​ក្នុង​ប្រទេស​ហួស​ទិដ្ឋាការ​កំណត់។

​កាលពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៦​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​ការ​ចោទប្រកាន់​ លោក​ វ៉ែន វ៉ន​ ពី​បទ​ ​«ប្រមូល​ផល​ ​អនុផល​ព្រៃ​ឈើ​ ​ដោយ​គ្មាន​លិខិត​អនុញ្ញាត»​ ដែល​បាន​ធ្វើ​ឡើង​ដោយ​តុលាការ​ខេត្ត​កោះ​កុង​ កាល​ពី​ខែ​មិនា​កន្លង​ទៅ។​ លោក​ វ៉ែន​ វ៉ន​ បាន​ប្តឹង​ទៅ​តុលាការ​កំពូល​ ដើម្បី​សុំ​បដិសេធ​ចោល​ការ​តម្តល់​សាល​ដីកា​នេះ។

លោក​ វ៉ែន វ៉ន​ បាន​ចូល​ខ្លួន​ទៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី២១​ ខែ​មិថុនា​ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹង​សារទុក្ខ​របស់​លោក។​ ក្នុង​សាល​សវនាការ​នា​ពេល​នោះ​ លោក​ វ៉ែន វ៉ន​ ​បាន​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា​ លោក​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​ ហើយ​នៅ​ក្រៅ​របង​តុលាការ​កំពូល​ អ្នក​ការពារ​បរិស្ថាន​ជនជាតិ​ជង​ ក្នុងតំ​បន់​អារ៉ែង​ខេត្ត​កោះកុង​រូប​នេះ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ លោក​មិន​បាន​ប្រព្រឹត្ត​សកម្មភាព​ជួញ​ដូរ​ឈើ​ខុសច្បាប់​នោះ​ឡើយ​ ហើយ​ការ​ទិញដូរ​ឈើ​របស់​លោក​ គឺ​សម្រាប់​បម្រើ​ប្រយោជន៍​ក្នុង​សហគមន៍​របស់​លោក​ប៉ុណ្ណោះ។

លោក​ អ៊ិន គង់ជិត​ អ្នក​សម្រប​សម្រួល​សិទ្ធិមនុស្សរបស់អង្គការការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) នៅ​ខេត្តកោះកុងដែល​អង្កេត​រឿង​ក្តី​លោក​ វ៉ែន វ៉ន​ បាន​ប្រាប់​ ​VOA​ ​នា​រសៀលថ្ងៃ​ពុធ​នេះ​ថា​ ​លោក​ វ៉ែន វ៉ន​ មិន​បាន​ចូល​ស្តាប់​ការ​សម្រេច​របស់​ចៅក្រម​ក្នុង​សាលសវនាការ​តុលាការ​កំពូល​នោះ​ទេ​ ដោយ​សារ​លោក​ វ៉ែន វ៉ន​ មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចេញ​ពី​ស្រុក​ថ្មបាំង​ ​ខេត្ត​កោះកុង។​

VOA ​មិន​អាច​ទាក់ទង​លោក​ វ៉ែន វ៉ន​ បាន​ទេ​នៅ​ថ្ងៃពុធ​នេះ​ ដោយ​តំបន់​ដែល​លោក​កំពុង​រស់​នៅ​ពុំ​មាន​សេវា​ទូរស័ព្ទ។ យ៉ាង​ណា​ក្តី​ លោក​ វ៉ែន វ៉ន ធ្លាប់​និយាយ​នៅ​ក្រៅ​តុលាការ​កំពូល​កាលពី​ពេល​កន្លង​មក​ថា​ អ្វី​ដែល​លោក​បាន​ធ្វើ​ មិនមែន​សម្រាប់​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​លោក​នោះ​ទេ​ ប៉ុន្តែ​ដើម្បី​ប្រយោជន៍​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង​របស់​លោក​ និង​ពលរដ្ឋ​ទូទៅ​តែ​ប៉ុណ្ណោះ។​

លោក វ៉ែន​ វ៉ន ធ្លាប់​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖

«ចំពោះ​ខ្ញុំ​ ខ្ញុំ​ចង់​ស្នើ​ទៅ​តុលាការ​ហ្នឹង​ ដើម្បី​ទម្លាក់​ការ​ចោទប្រកាន់​របស់​ខ្ញុំ។​ ​អញ្ចឹង​បាន​ន័យ​ថា​ ឲ្យ​តុលាការ​ហ្នឹង​ គឺ​ទម្លាក់​ការ​ចោទប្រកាន់​របស់​ខ្ញុំ​តែ​ម្តង​ គឺ​ខ្ញុំ​អត់​មាន​ទោស​ទេ​ ​ពីព្រោះ​នេះ​ គឺ​ការ​ធ្វើ​ទង្វើ​របស់​ខ្ញុំ​នេះ​ គឺ​មិនមែន​ជា​ទង្វើ​សម្រាប់​បុគ្គល​ខ្ញុំ​មា្នក់​ឯង​ ដើម្បី​ផល​ប្រយោជន៍​របស់​ខ្ញុំ​ គឺ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​ហ្នឹង»។

​លោក​ វ៉ែន វ៉ន​ ​បាន​ប្រាប់​ VOA មុន​ពេល​លោក​ចូលខ្លួន​ទៅ​តុលាការ​កំពូល​ថា​ លោក​ចង់​រួចផុត​ពី​ពិរុទ្ធភាព​ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ អាច​បាន​ឈរ​ឈ្មោះ​ជា ​បេក្ខជន​ក្រុម​ប្រឹក្សា​ ឃុំ-​សង្កាត់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ស្រុក​ថ្ម​បាំង​បន្ត​ទៀត៕

រាយការណ៍​បន្ថែម​ដោយ​ កញ្ញា​ ​កាន់ វិច្ឆិកា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG