ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខេត្ត​កោះកុង​សម្រេច​ឃុំ​ខ្លួន​មេ​សហគមន៍​អារ៉ែង


លោក វ៉ែន វ៉ន តំណាង​សហគមន៍​អារ៉ែង (រូបថត​ផ្តល់​ឲ្យ)
លោក វ៉ែន វ៉ន តំណាង​សហគមន៍​អារ៉ែង (រូបថត​ផ្តល់​ឲ្យ)

លោក ​វ៉ែន វ៉ន បាន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី៧​ខែ​តុលា​​ដោយ​មាន​សមាជិក​សហគមន៍​ជា​ច្រើន​នាក់​ទៅ​គាំទ្រ​ផង​ដែរ។ ​

តុលាការ​ខេត្ត​កោះកុង​បាន​ឃុំ​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង​មួយ​រូប​កាល​ពី​ថ្ងៃ​ពុធទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាពកាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់។​

លោក វ៉ែន វ៉ន តំណាង​សហគមន៍​អារ៉ែង​និង​ជា​ជនជាតិ​ដើម​ភាគតិច​ជង​រង​ការ​ចោទ​ប្រកាន់​ថា​ បាន«ប្រមូល​ទិញ​អនុផល​ព្រៃឈើ​ដោយ​មិន​មាន​ការ​អនុញ្ញាត‍» និង​ «បំផ្លាញ​វត្ថុ​តាង‍»។

លោក ​វ៉ែន វ៉ន បាន​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី៧​ខែ​តុលាដោយ​មាន​សមាជិក​សហគមន៍​ជា​ច្រើន​នាក់​ទៅ​គាំទ្រ​ផង​ដែរ។ ​

លោក ​អ៊ីន គង់ជិត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​នៅ​ខេត្ត​កោះកុង​បាន​បញ្ជាក់​ប្រាប់​ VOA​បន្ថែម​ថា៖

«បន្ទាប់​ពី​គាត់​ឆ្លើយ​បំភ្លឺចៅក្រម​ស៊ើបសួរ​ត្រូវ​បាន​លោក​ មីន មករា ​ដែល​ជា​ចៅក្រម​ស៊ើបសួរ​ហ្នឹង​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ហើយ​បាន​ដឹក​គាត់​ចេញ​ពី​សាលា​ដំបូង​នៅ​ខេត្ត​កោះកុង​នៅ​ម៉ោង​១២​គត់‍»។​

អ្នក​គាំទ្រលោក វ៉ែន វ៉ន តំណាង​សហគមន៍​អារ៉ែង ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ដំបូង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ (រូបថត​ផ្តល់​ឲ្យ)
អ្នក​គាំទ្រលោក វ៉ែន វ៉ន តំណាង​សហគមន៍​អារ៉ែង ជួប​ជុំ​គ្នា​នៅ​ខាង​ក្រៅ​សាលា​ដំបូង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥ (រូបថត​ផ្តល់​ឲ្យ)

សកម្មជន​និង​ក្រុម​គ្រួសារ​បាន​បញ្ជាក់​ថា ​លោក វ៉ែន វ៉ន មិន​បាន​កាប់​ឈើ​ទេ​ គឺ​លោក​គ្រាន់​តែបានទិញ​ឈើ​ដែល​គេ​កាប់​រួច​ស្រេច​យក​មក​ធ្វើ​ទីស្នាក់ការ​សហគមន៍​ដើម្បី​បម្រើ​ការងារ​សហគមន៍​តែប៉ុណ្ណោះ។

លោកស្រី ម៉ន សុខម៉ុន ភរិយា​របស់​លោក​វ៉ែន វ៉ន បាន​បញ្ជាក់​ប្រាប់ ​VOA ​ថា៖

«ទោស​ហ្នឹង​វា​មិន​សម​ដាក់​ពន្ធនាគារ​ទេ​ ព្រោះ​វា​បន្តិច​បន្តួច​ហើយ​គេ​មួល​បង្កាច់​ទម្លាក់​កំហុស​ឱ្យ​គាត់។ ហើយ​គាត់​ការពារ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ដើម្បី​ផល​ប្រយោជន៍​រួម​ទាំងអស់​គ្នា»។​

លោក ភិន សាវៃ​ នៃ​បណ្តាញ​យុវជន​កម្ពុជា​ដែល​បាន​តាម​ដាន​ដំណើរ​រឿង​ក្តី​នេះ​បាន​បញ្ជាក់​ថា អ្វី​ដែល​មេ​សហគមន៍​រូប​នេះ​ធ្វើ​ គឺ​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​ដែល​ច្បាប់​អនុញ្ញាត៖

«ដំណើរ​រឿង​ហ្នឹង​ខ្ញុំ​គិត​ថា ​វា​អយុត្តិធម៌​បំផុត​សម្រាប់​លោក​ វ៉ែន វ៉ន ​ដែល​ជា​ប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង​នៅ​តំបន់​អារ៉ែង ពីព្រោះ​ហេតុអ្វី​បាន​ជា​ខ្ញុំ​ថា​ អញ្ចឹង​ពីព្រោះ​កន្លង​មក​នៅ​តំបន់​នោះ មាន​ការ​កាប់​ឈើ​យ៉ាង​គំហុក​ដូច​ជា​ការ​កាប់​ឈើ​ប្រណិត​ផ្សេងៗ​ក្រញូង ឬ​ធ្នង់​សម្រាប់​បើ​ប្រៀបធៀប​ជាមួយ​គាត់​គឺ​គ្រាន់​តែ​ទិញ​ឈើ​ពី​គេ​យក​មក​ធ្វើ​ទីស្នាក់ការ​សម្រាប់​សហគមន៍​ក្នុង​ការ​សាងសង់​រោង​សហគមន៍​មួយ​រួម​សម្រាប់​ពួកគាត់​បម្រើ​សេវាកម្ម​ក្នុង​ឃុំ​របស់​គាត់​ឱ្យ​ប្រជាពលរដ្ឋ​ទេ‍»។​

ពលរដ្ឋ​ក្នុង​សហគមន៍​អារ៉ែង​ធ្លាប់​បាន​ចូលរួម​យុទ្ធនាការ​ជាច្រើន​តវ៉ា​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ទំបន់​វារីអគ្គិសនី​ដោយ​ក្រុមហ៊ុន​ចិន​នៅ​ក្នុង​តំបន់​នេះ។ ហើយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ក៏​ធ្លាប់​បាន​ព្រមាន​មិន​ឱ្យ​មាន​ការ​រារាំង​មន្ត្រី​រដ្ឋាភិបាល​ដែល​ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​នោះ​ដោយ​លោក​គំរាម​ថា​ អ្នក​ដែល​ហ៊ាន​ធ្វើ​អបគមន៍​ក្នុង​តំបន់​នោះ​នឹង​រង​ការ​បាញ់​កាំជ្រួច​ហ្វូង​ជាដើម។​ ការ​តវ៉ា​និង​យុទ្ធនាការ​ជា​អន្តរជាតិ​របស់​ពួកគេ​បាន​នាំ​ឱ្យ​រដ្ឋាភិបាល​សម្រេច​ផ្អាក​គម្រោង​នេះ​រហូតដល់​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។

«ឫសគល់​នៃ​ដួង​ព្រលឹង​យើង» ដោយ ម៉ម កល្យាណនី
សូម​រង់ចាំ

No media source currently available

0:00 0:03:22 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ អ៊ីន គង់​ជិត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​បន្ថែម​ទៀត​ថា នោះ​អាច​ជា​ហេតុផល​នៃ​ការ​ប្រើប្រាស់​វិធានការ​តុលាការ​នៅ​ពេល​នេះ​ដោយ​សារ​តែ​លោក​ វ៉ែន វ៉ន ​តែងតែ​ដឹកនាំ​សកម្មភាព​តវ៉ា​ប្រឆាំង​ជា​រៀង​រហូត៖

«អ្វី​ដែល​យើង​សង្កេត​ឃើញ​គឺ ​អាជ្ញាធរ​តែងតែ​បញ្ចុះ​បញ្ចូល​គាត់​មិន​ឱ្យ​ដឹកនាំ​សហគមន៍​ចូលរួម​តស៊ូ​មតិ​ឬ​ក៏​គាត់​មាន​យុទ្ធនាការ​ផ្សេងៗ។ ចឹង​តែង​តែ​បញ្ចុះបញ្ចូល​ឱ្យ​គាត់​លះបង់​ការ​តស៊ូ​មតិ​ដឹកនាំ​សហគមន៍​ដើម្បី​ធ្វើការ​តវ៉ា​ផ្សេងៗ​គឺ​មិន​បាន​ជោគជ័យ​បាន​ជា​មេឃុំ​ដាក់​ពាក្យ​ប្តឹង​ថា ​គាត់​ប្រមូល​អនុផល​ព្រៃឈើ​ទៅ​តុលាការ​ហើយ​ជា​ហេតុ​ធ្វើ​ឱ្យ​តុលាការ​បាន​ប្រើ​អំណាច​របស់​ខ្លួន​ចេញ​ដីកា​ហៅ​ទៅ​សាកសួរ​និង​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​នៅ​ថ្ងៃ​នេះ‍»។​

អ្នក​ជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ផលិតផល​អគ្គិសនី​ដែល​បាន​ពី​ការ​អភិវឌ្ឍ​តំបន់​អារ៉ែង​គឺ​មិន​ស្មើ​នឹង​ទំហំ​ខូចខាត​ព្រៃ​ធម្មជាតិ​និង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​នោះ​ទេ។​

ភរិយារបស់​លោក​ វ៉ែន វ៉ន ​ដែល​តាម​មក​មើលប្តី​ដល់​តុលាការ​តាំងពី​ពេល​ព្រឹក​នៅ​ទីរួម​ខេត្ត​កោះកុង​បញ្ជាក់​ថា ​លោកស្រី​នៅ​រង់ចាំ​ជួប​ប្តី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សិន​ មុន​នឹង​វិល​ត្រឡប់​ទៅ​តំបន់​អារ៉ែង​វិញ។​

«ខ្ញុំ​កំពុង​ពិបាក​ចិត្ត​ខ្លាំង​ណាស់​ពិបាក​ចិត្ត​នឹង​ប្តី ខ្ញុំ​គេ​ចាប់​ទៅ​ដាក់​ពន្ធនាគារ​ចឹង​ហើយ​ខ្ញុំ​ពិបាក​ចិត្ត​ណាស់។ ណាមួយ​ខ្ញុំ​មក​ពី​ឆ្ងាយ​មក​ពី​អារ៉ែង​ ចោល​កូន​តូចៗ​បី​នាក់‍»។​

កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មេសា លោក វ៉ែន វ៉ន បាន​ចូល​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​ព្រះ​រាជអាជ្ញារង​សាលា​ដំបូង​ខេត្ត​កោះកុង ​រួច​ម្តង​ហើយ ប៉ុន្តែ​មិន​មាន​ការ​ចោទ​ប្រកាន់​អ្វី​ជា​ផ្លូវការ​ទេ។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​លោក​ វ៉ែន វ៉ន ​វិញ​ដោយ​យល់​ថា​ វា​ជា​ទង្វើ​មួយ​ដែល​បំភិត​បំភ័យ​ដល់​សមាជិក​ដទៃ​ទៀត​នៅ​ក្នុង​សហគមន៍៕

សូម​ទស្សនា​បទ​សម្ភាសន៍​ពី​មុន​ជាមួយ​លោក Alex Gonzales

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG