ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ដាក់​ទោស​សកម្មជន​មាតា​ធម្មជាតិ​ជាប់​ពន្ធនាគារ​១ឆ្នាំ


លោក​ ហ៊ុន វណ្ណៈ​ និង​លោក​ ឌឹម​ គុណឌី ​ជា​សកម្មជន​​បរិស្ថាន​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​អង្គការ​មាតា​ធម្មជាតិ។​ (រូបថតដោយចលនាមាតាធម្មជាតិ)

សកម្មជន​​ទាំង​ពីរ​​ត្រូវ​បាន​ចាប់​ខ្លួន​​បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន​ ​LYP​ ​របស់​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ​គឺ​លោក​ លី យ៉ុងផាត់​ ដែល​ជា​សេដ្ឋី​មួយ​រូប​ផង​ដែរ។

សាលាដំបូង​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​សុក្រ​នេះ​បានសម្រេច​ផ្តន្ទា​ទោស​សកម្មជន​ការពារ​បរិស្ថាន​ពីរ​រូប​នៃ​អតីត​អង្គការ​មាតា​ធម្មជាតិ​ចំនួន​មួយ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​សម្រាប់​សំណង​រដ្ឋប្បវេណី​ចំនួន​១លាន​រៀល​ម្នាក់​ តែ​អ្នក​ទាំងពីរ​នឹង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ពេល​ពួកគេ​បាន​ អនុវត្ត​ទោស​បាន​ចំនួន​ប្រាំ​ខែ​នៅ​ក្នុង​ពន្ធនាគារ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កោះកុង​និង​មេធាវី​ការពារ​ក្តី​សកម្មជន​ទាំងពីរ​។

លោក​ ​ហ៊ុន វណ្ណៈ​ ​វ័យ​៣៥​ ឆ្នាំ​ និង​លោក​ ឌឹម គុណឌី​ វ័យ​ ​២១ឆ្នាំ​ ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ ​«ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល»​ ​និង​ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ ​តាម​មាត្រា​៣០២​និង​៤៩៥​ ​នៃ​ក្រមព្រហ្ម​ទណ្ឌ​កម្ពុជា​ ​ក្រោយ​ពី​ពួកគេ​ទាំងពីរ​នាក់​បាន​ថត​វីដេអូ​កប៉ាល់​ពីរ​គ្រឿង​ដែល​គេ​សង្ស័យ​ថា​ ​កំពុង​តែ​ដឹក​ជញ្ជូន​ខ្សាច់​ស៊ីលីការ​សម្រាប់​នាំ​ចេញ​ដោយ​ខុសច្បាប់​ ​នៅ​តាម​បណ្ដោយ​ឆ្នេរ​ព្រែក​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ​ឆ្នាំ​២០១៧។

លោក​ អ៊ិន​ គង់ជិត​ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង​ បាន​ប្រាប់​ VOA ​ក្រោយ​ការ​បញ្ចប់​សវនាការ​ប្រកាស​សាលក្រម​ថា​ តុលាការ​មិន​បាន​ផ្តល់​យុត្តិធម៌​ពេញលេញ​ដល់​សកម្មជន​ទាំងពីរ​នាក់​នោះ​ទេ​ ព្រោះ​ថា​ ផ្អែក​តាម​សាក្សី​ និង​ភស្តុតាង​ដែល​បាន​លើក​ក្នុង​អង្គ​សវនាការ​បង្ហាញ​ថា​ អ្នក​ទាំង​ពីរ​មិន​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ នាំ​ដល់​ការ​ចាប់ និង​ឃុំ​ខ្លួន​នោះ​ឡើយ។ លោក​ថ្លែង​បញ្ជាក់​ថា​ ការ​កាត់​សេចក្តី​នេះ​ ជា​សារ​បំបាក់​ស្មារតី​ដល់​យុវជន ​ដែល​ហ៊ាន​លះបង់​ពេល​វេលា​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស។

«វា​ជា​ការ​មួយ​បំបាក់​ស្មារតី​យុវជន​ដែល​មាន​ទឹកចិត្ត​ក្លាហាន​ ក្នុង​ការ​ចូលរួម​កិច្ច​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ បាទ​ធ្វើ​ឲ្យ​យុវជន​ដទៃ​ទៀត​ហ្នឹង​មានការ​ភ័យ​ខ្លាច​ មិន​អាច​ចូលរួម​នៅ​ក្នុង​កិច្ច​ការងារ​សង្គម​ហ្នឹង​បាន។ នេះ​ជា​សារ​ព្រមាន​មួយ​ដល់​យុវជន​មិន​ឲ្យ​មានការ​ចូលរួម​នៅ​ក្នុង​កិច្ចការ​សង្គម​ កិច្ចការ​ងារ​ការពារ​ធនធាន​ធម្មជាតិ»។

សកម្មជនទាំង​ពីរត្រូវ​បាន​ចាប់​ខ្លួនបន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​ពី​ក្រុមហ៊ុន​ ​LYP​ ​របស់​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​គឺ​លោក​ លី យ៉ុងផាត់​ ដែល​ជា​សេដ្ឋី​មួយ​រូប​ផង​ដែរ។​ ​ពាក្យ​បណ្ដឹង​នេះ​ ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​អង្គការ​មាតា​ធម្មជាតិ​ ​បាន​ចេញ​ផ្សាយ​ខ្សែ​អាត់​វីដេអូ​មួយ​ ដែល​បង្ហាញ​ពី​ភាព​ខុស​គ្នា​នៃ​ទិន្នន័យ​នៃ​ការ​នាំចេញ​ខ្សាច់​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​ សំ ចំរើន​ មេធាវី​ការពារ​សកម្មជន​ទាំងពីរ​ មាន​ប្រសាសន៍​ថា​ លោក​មិន​អាច​ទទួល​យក​បាន​ទេ​ ចំពោះ​សាលក្រម​របស់​តុលាការ​ដែល​បានសម្រេច​ជូន​ចំពោះ​កូនក្តី​លោក​ ដែល​ជា​ជន​ស្លូតត្រង់​ និង​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ណា​មួយ​នោះ​ទេ។

«អ្វី​ដែល​ខ្ញុំ​ចង់​បាន​ ដូច​ខ្ញុំ​បញ្ជាក់​ពីដើម​ថា​ កូនក្តី​សុចរិត​ ហើយ​ការ​អនុវត្ត​នីតិវិធី​កន្លងមក​តាំង​ពី​ការ​ឃាត់​ខ្លួន​តាំងពី​ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ចោទប្រកាន់​ឃុំ​ខ្លួន​និង​រហូត​ដល់​ថ្ងៃ​សម្រេច​ដាក់​ទោស​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​ការ​ភាន់​ច្រឡំ​ទៅលើ​អង្គហេតុ​ និង​អង្គច្បាប់»។

លោក​មេធាវី​បាន​បន្ថែម​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក​ទាំង​ពីរ​នាក់​ ចំពោះ​អ្វី​ដែល​នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត​ដើម្បី​ទាម​ទារ​ទម្លាក់​បទ​ចោទ​ប្រកាន់។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ចៅក្រម​ កែវ សុខា​ តែ​មិន​អាច​ទាក់​ទង​លោក​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដោយហេតុ​ទូរស័ព្ទ​លោក​រោទិ៍​ គ្មាន​អ្នក​ទទួល​។

ម្តាយរបស់សកម្មជនពីរនាក់របស់អតីតអង្គការចលនាមាតាធម្មជាតិ រង់ចាំនៅខាងក្នុងតុលាការខេត្តកោះកុង នៅពេលដែលតុលាការបានកាត់ទោសឲ្យសកម្មជនទាំងពីរជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។ (រូបផ្តល់ឲ្យ)
ម្តាយរបស់សកម្មជនពីរនាក់របស់អតីតអង្គការចលនាមាតាធម្មជាតិ រង់ចាំនៅខាងក្នុងតុលាការខេត្តកោះកុង នៅពេលដែលតុលាការបានកាត់ទោសឲ្យសកម្មជនទាំងពីរជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។ (រូបផ្តល់ឲ្យ)

អ្នកស្រី​ ដួង សាក់​ធារី វ័យ ៥០​ ឆ្នាំ​ ម្តាយ​បង្កើត​លោក​ ឌឹម គុណឌី​ បាន​ប្រាប់​ VOA ថា​ កូន​ប្រុស​អ្នក​ស្រី​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ពេញលេញ​នៅ​ឡើយ​ ហើយ​ថា​ ការ​បញ្ជា​ឲ្យ​បង់​សំណង​ជូន​រដ្ឋ​ចំនួន​១​លាន​រៀល​ គឺ​ជា​រឿង​ពិបាក​ទទួល​។ យ៉ាង​ណា​ក្តី​អ្នកស្រី​មិន​ទាន់​ដឹង​ថា​ នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៀត​ ក្នុង​ការ​តស៊ូ​ខាង​ច្បាប់​បន្ទាប់​ពី​ការ​ប្រកាស​សាលក្រម​នេះ។

«ច៎ា​ អាហ្នឹង​មីង​ អត់​ទាន់​ដឹង​ ព្រោះអី​មីង​សប្បាយ​ចិត្ត​ពេក​ ក៏​អត់​ទាន់​រៀប​ពាក្យ​ដែល​និយាយ​ក្មួយ»។

ក្រោយ​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​ពីរ​គឺ​លោក​ ហ៊ុន វណ្ណៈ​ ​និង​លោក​ ឌឹម គុណឌី​ បាន​ពីរ​ថ្ងៃ​ ​ក្រសួង​មហាផ្ទៃ​បានសម្រេច​លុប​ឈ្មោះ​អង្គការ​«មាតា​ធម្មជាតិ»​ ​ចេញ​ពី​បញ្ជី​អង្គការ​មិនមែន​រដ្ឋាភិបាល។​ ​នាយ​ឧត្តមសេនីយ៍ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ផ្តល់​ហេតុផល​ថា​ ​ការ​សម្រេច​លុប​ឈ្មោះ​អង្គការ​មាតា​ធម្មជាតិ​នេះ​គឺ​ធ្វើ​ទៅតាម​សំណើ​របស់​ប្រធាន​អង្គការ​នេះ​ គឺព្រះ​តេជគុណ ​ព្រហ្ម ធម្មជាតិ​ដែល​ស្នើឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ចប់​អាណត្តិ​អង្គការ​មាតា​ធម្មជាតិ។

អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ថា​ ​«ជា​ក្រុម​ញុះញង់»​ ​នៅ​ពេល​ពួក​គេ​ទម្លាយ​របាយ​ការណ៍​របស់​គយ​តៃវ៉ាន់​ទាក់​ទិន​ការ​នាំ​ខ្សាច់​របស់​កម្ពុជា​ទៅ​កាន់​កោះ​តៃវ៉ាន់។​ របាយការណ៍​នោះ​ បាន​បង្ហាញ​នូវ​ទិន្នន័យ​តម្លៃ​នាំ​ខ្សាច់​ចេញ​រាប់​លាន​ដុល្លារ​ ដែល​មិន​ត្រូវគ្នា​នឹង​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា។

បន្ថែម​លើ​ការ​ទប់ស្កាត់​ការ​បូម​ខ្សាច់​បំផ្លាញ​ស្ថានភាព​បរិស្ថាន​ក្នុង​ដែន​សមុទ្រ​ខ្មែរ​ និង​នៅ​តាម​ដង​ទន្លេ​ ក្រុម​សកម្មជន​នៃ​អតីត​អង្គការ​មាតា​ធម្មជាតិ​ ក៏​ត្រូវគេ​ដឹង​ថា​ បាន​ចូលរួម​សកម្ម​ភាព​ទប់​ស្កាត់​មិន​ឲ្យ​មានការ​សង់​ទំនប់​វារី​អគ្គីសនី​ នៅ​ក្នុង​តំបន់​អារ៉ែង​ នៃ​ខេត្ត​កោះកុង​ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​ផង​ដែរ។

រហូតមកដល់​ពេលនេះ​ សកម្មជន​ការពារ​បរិស្ថាន​នៃ​អតីត​អង្គការ​មាតា​ធម្មជាតិ​ ដែល​បាន​ទទួល​ការ​កាត់​ទោស​នៅ​ថ្ងៃ​សុក្រ​នេះ​ត្រូវ​បាន​តុលាការឃុំខ្លួន​ជាបណ្តោះ​អាសន្ន​រយៈពេល​ជាង​បួន​ខែ​មក​ហើយ​ គិត​ចាប់​តាំង​ពីថ្ងៃ​ចាប់​ខ្លួន​។

មន្ត្រី​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​កោះកុង​ បាន​បញ្ជាក់​បន្ថែម​ថា​ សកម្មជន​ការពារ​បរិស្ថាន​ទាំង​ពីរ​នេះ​ នឹង​ត្រូវ​ចាប់​ខ្លួន​យក​មកអនុវត្ត​ទោស​ដែល​នៅ​សេសសល់​ ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​ដោះលែង​រួច​ហើយ ​តែ​បែរ​ជា​ទៅ​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​ ដែលផ្ទុយ​នឹង​ច្បាប់៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG