លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ដែលមានទោសដោយសារតែការរិះគន់ដល់ការដាក់អំពូលភ្លើងនៅប្រាសាទអង្គរវត្តត្រូវបានព្រះមហាក្សត្រកម្ពុជាព្រះរាជទានលើកលែងទោសកាលពីសប្តាហ៍មុន។
លោក មឿង សុន ដែលបានរស់នៅនិរទេសខ្លួនអស់រយៈពេលជិត៦ឆ្នាំ គេចចេញពីការដាក់ពន្ធនាគារបានសម្រេចថា នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។
លោក មឿង សុន បានប្រាប់វីអូអេថា អ្វីដែលលោកសម្រេចបានគឺការដែលប្រាសាទអង្គរវត្តមិនមានការដាក់ភ្លើងដូចមុនដែលអាចនឹងខូចដល់ប្រាសាទបុរាណខ្មែរ៖«ការដែលយើងសម្រេចគឺអង្គរវត្តអត់មានការវិនិយោគដាក់ភ្លើងដូចមុនទៀត»។
ពេលដែលវិលត្រឡប់ចូលប្រទេសវិញ លោក មឿងសុន បានបញ្ជាក់ថា លោកនឹងមិនចូលប្រឡូកក្នុងឆាកនយោបាយទេ តែផ្តោតលើកិច្ចការការពារ និងលើកស្ទួយវប្បធម៌ខ្មែរ ដែលលោកមើលឃើញថា មានការវិវត្តន៍គួរឱ្យព្រួយបារម្ភ ខណៈពេលដែលពលរដ្ឋខ្មែរចេញទៅធ្វើការនៅក្រៅស្រុកកាន់តែច្រើន ដែលនឹងនាំមកនូវវប្បធម៌ចម្រុះចូលស្រុកវិញ។ រីឯបរទេសមានចំនួនកាន់តែច្រើនចូលមកក្នុងប្រទេសកម្ពុជា។ ជាពិសេសនៅពេលដែលការបង្កើតសហគមន៍អាស៊ានបានចូលនៅឆ្នាំក្រោយ។
លោក មឿង សុន បានបន្ថែមថា៖«បើសិនជាមិនជូននូវវប្បធម៌ អរិយធម៌ជាតិយើងឱ្យបានដិតដល់តាមខ្មែរយើងទេ នោះអនាគតទៅយើងនឹងបាត់បង់វប្បធម៌ព្រលឹងជាតិរបស់យើង។ នេះហើយជាការគ្រោះថ្នាក់មួយសម្រាប់យើង»។
តុលាការកម្ពុជាបានកាត់ទោសកំបាំងមុខលោក មឿង សុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀលតាំងពីខែកក្កដា ឆ្នាំ២០០៩ ដោយសារតែលោកបានផ្សព្វផ្សាយព័ត៌មានមិនពិត និងរិះគន់អាជ្ញាធរអប្សរាអំពីរឿងបើកឲ្យក្រុមហ៊ុនឯកជន ស៊ូជីន ដាក់អំពូលភ្លើងលម្អប្រាសាទអង្គរវត្តថាជាការធ្វើឲ្យប៉ះពាល់ដល់ថ្មប្រាសាទ។
លោក មឿង សុន បានចំណាយពេលនៅក្រៅប្រទេសភាគច្រើនស្នាក់នៅប្រទេសថៃ ដោយចូលរួមចំណែកឧបត្ថម្ភដល់ការបង្រៀនអក្សរសាស្រ្តខ្មែរដល់អ្នកដែលរស់នៅតំបន់ជាប់ព្រំដែន។
ការលើកលែងទោសនេះបានធ្វើឡើងបន្ទាប់ពីលោក មឿង សុន បានទៅជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមេសា នៅទីក្រុងគួឡាឡំពួរ ប្រទេសម៉ាឡេស៊ីដែលនៅទីនោះលោក ហ៊ុន សែន បានយល់ព្រមជួយធ្វើអន្តរាគមន៍៕