គីម​ ជុង​អ៊ុន​ បង្ហាញ​ការចាប់​អារម្មណ៍​បន្តិច​បន្តួចក្នុង​ដំណោះ​ស្រាយ​ខាង​ការទូត

  • Brian Padden

រូបឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គឹម ជុងអ៊ុន នៅ​ជាមួយ​អ្នក​វិទ្យាសាស្ត្រ​និង​ក្រុម​បច្ចេកទេស​នៅ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ផ្នែក​ការពារ បន្ទាប់​ពី​មាន​ការ​បាញ់​មីស៊ីល​ឆ្លង​ទ្វីប Hwasong-14។

ក្តី​សង្ឃឹម​នៃ​ការ​ឈោង​ដល់​ដំណោះ​ស្រាយ​ខាង​ការទូត​សម្រាប់ការ​គំ​រាម​កំ​ហែង​អាវុធ​នុយក្លែអ៊ែ​របស់​ប្រទេស​កូរ៉េខាង​ជើងនៅ​តែ​មាន​ភាព​មិន​ច្បាស់​លាស់​នៅពេល​ដែល​លោក​ គីម​ ជុង​អ៊ុន​ បានបង្ហាញ​នូវ​ឆន្ទៈ​បន្តិច​បន្តួច​ក្នុង​ការធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​គូ​សត្រូវ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ហើយ​សូម្បី​តែ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​ទីក្រុង​ប៉េកាំង​ក៏កូរ៉េខាង​ជើង​មិន​សូវ​ទាក់​ទង​ដែរ។

អ្នកវិភាគ​និយាយ​ថា មេដឹកនាំ​ក្មេង​ខ្ចី​របស់​កូរ៉េខាង​ជើង​មិន​មាន​ការ​បន្ទន់​ជំហរ​ទេ​ក្នុង​ការ​តាំង​ចិត្ត​ធ្វើ​ឲ្យ​ប្រទេស​របស់​ខ្លួន​ក្លាយ​ជា​ប្រទេស​មហា​អំណាច​នុយក្លែអ៊ែ​ទេ។ លោក Choi Kangជា​អ្នក​វិភាគ​ខាង​នយោបាយ​នៅ​វិទ្យាស្ថាន​អាស៊ី​ក្នុង​រដ្ឋ​ធានី​សេអ៊ូល​និយាយ​ថា៖ «គីម ជុង​អ៊ុន​ ជា​អ្នក​មាន​ជំនឿ​ពិតប្រាកដ​ក្នុង​គោល​នយោ​បាយ​តឹងរ៉ឹង ​ពីព្រោះ​ជោគ​ជ័យនៃ​កម្មវិធីនុយក្លែអ៊ែ ​កម្មវិធី​កាំជ្រួច​មីស៊ីល​និង​អាវុធ​នុយក្លែអ៊ែ ​ជា​កត្តា​ដ៏​ខ្លាំង​បំផុត​មួយ​ដើម្បី​ធ្វើ​ឲ្យ​ស្រប​ច្បាប់​ដល់​ការ​កាន់​អំណាច​របស់​ គីម ជុង​អ៊ុន​ គឺ​ការ​ត្រួតត្រា​របស់​ខ្លួន​លើ​របប​នោះ‍»។

បន្ទាប់​ពី​ចូល​កាន់​អំណាច​នៅ​ចុងឆ្នាំ​២០១១​ក្រោយ​ពី​ការ​ស្លាប់​របស់​ គីម ជុងអ៊ីល​ដែល​ជា​ឪពុក​របស់​លោក​ មាន​សំណួរ​ថា​តើ​មេដឹកនាំ​កូរ៉េខាង​ជើងដ៏​ក្មេង​ដែល​បាន​ទទួល​ការ​អប់​រំ​នៅ​ប្រទេស​លោក​ខាង​លិច​នោះ ​នឹង​បន្ធូរ​បន្ថយ​ការ​គ្រប់​គ្រង​ការជិះ​ជាន់​សង្កត់​សង្កិន​ជាយូរ​យា​ណាស់​មក​ហើយ​នៅ​ក្នុង​កូរ៉េខាង​ជើងដែរ​ឬ​ទេហើយ​ថា​ តើ គីម ជុង​អ៊ុន ​អាច​ពង្រឹង​អំណាច​របស់​ខ្លួនដែរ​ឬ​ទេ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ​ពួក​អ្នក​វិភាគ​និយាយ​ថា គីម​ ជុងអ៊ុនបាន​លើក​ស្ទួយ​កិត្យា​នុភាព​របស់​ខ្លួន​ជាមេដឹកនាំ​ដ៏​ខ្លាំង​ម្នាក់​ដោយ​ដើរ​តាម​គន្លង​ឪពុក​និង​ជីតា​របស់​ខ្លួនគឺ​លោក​ គីម អៀវស៊ុង ​ដែល​ជា​មេដឹកនាំ​បង្កើត​ប្រទេស​កូរ៉េ​ខាង​ជើង ​តាម​គោល​នយោបាយ​«Byongjin»​ដើម្បី​គាំទ្រការ​ជម្នះ​ធ្វើ​អាវុធ​នុយក្លែអ៊ែ​របស់​កូរ៉េខាង​ជើង​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ ហើយ​និង​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ប្រសើរ​ឡើង។

លោក​ Suh Bo-hyuk សាស្រ្តាចារ្យ​ខាង​ការស្រាវជ្រាវ​នៅវិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​សន្តិភាព​និង​ការ​បង្រួប​បង្រួម​ជាតិ​នៃ​សាកល​វិទ្យាល័យ​សេអ៊ូលនិយាយ​ថា៖ «ខ្ញុំ​គិតថា ​របប​របស់​គីម​ ​ជុង​អ៊ុន​មាន​ស្ថិរភាព។ ជាង​នេះ​ទៀត ​ពេល​ដែល​លោក​បាន​ប្រកាស​អនុវត្ត​ទាំង​គោលនយោបាយ​សេដ្ឋកិច្ច​ផង​និង​អាវុធ​នុយក្លែអ៊ែ​ផង ​ហើយ​និង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​អាវុធ​នុយក្លែអ៊ែ​និង​កាំជ្រួច​មីស៊ីលឆ្លង​ទ្វីប ​ហើយ​ទោះ​ជាការ​អភិវឌ្ឍ​ខាង​សេដ្ឋ​កិច្ច​មិន​មាន​ប្រសិទ្ធិ​ភាព​ក៏ដោយ ក៏​ខ្ញុំ​គិតថាគីម ជុង​អ៊ុន​បាន​ទទួល​ប្រជា​ប្រីយភាព​យ៉ាង​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ​កូរ៉េខាងជើង‍»។

រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំ ​បាន​ព្យាយាម​ដាក់​ការ​គាប​សង្កត់​លើ​ប្រទេស​ចិន​ឲ្យ​និយាយ​ជាមួយ​កូរ៉េខាង​ជើង ​ក៏ប៉ុន្តែ​ ពួក​មេដឹកនាំ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​និយាយ​ថា ​ឥទ្ធិ​ពល​របស់​ពួក​គេ​មាន​កម្រិត។

គីម ជុង​អ៊ុន​ ដែល​ជាមេដឹកនាំ​ជំនាន់​ទី៣​របស់​កូរ៉េខាង​ជើង ​មិនមាន​ចំណង​ទាក់​ទង​មិត្តភាព​ល្អ​ជាមួយ​ប្រទេស​ចិន​ទេ​ហើយ​មិន​អើពើ​ម្តង​ហើយ​ម្តងទៀត​ដល់​ការ អំពាវនាវជា​ច្រើន​លើក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាង​កុំ​ធ្វើ​សកម្មភាព​បង្ក​ហេតុ​ដោយ​ការសាក​ល្បង​កាំជ្រួច​ផ្លោង ​ហើយ​ត្រូវ​វិលត្រ ឡប់​ទៅកាន់​ការចរចា​អន្តរជាតិ​ស្តី​ពីការ​គ្មាន​អាវុធ​នុយក្លែអ៊ែ។

ទោះ​បីជា ​កូរ៉េខាង​ជើង​បាន​ពឹង​ផ្អែក​លើ​ចិន​សម្រាប់​ការ​ការ​ពារ​ខាង​ការទូត​ហើយ​នឹង​ពាណិជ្ជកម្ម​ខាង​សេដ្ឋ​កិច្ច​ចំនួន​៩០​ភាគរយ​ក៏​ដោយ ក៏​គីម ជុងអ៊ុន​នៅមិន​ទាន់​បាន​ជួប​ជាមួយ​ប្រធានាធិបតីចិន ​ស៊ី ជីងពីង ​ទេ ​ដែល​ខុសគ្នា​ពី​ឪពុក​របស់​លោក​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ទីក្រុង​ប៉េកាំង​ជាច្រើន​ដង​ក្នុង​អំឡុងនៃការ​កាន់​អំណាច​របស់​លោក។

នៅឆ្នាំ​២០១៣ គីម ជុងអ៊ុន ​ក៏​បាន​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​លោក ​Jang Song Taek ​ដែល​ជាឪ​ពុក​មា​របស់​លោក​ដែល​ត្រូវ​បាន​ពួក​អ្នក​វិភាគ​ជា​ច្រើន​មើល​ឃើញ​ថា​ជា​អ្នក​គាំទ្រ​ការ​ធ្វើ​កំណែទម្រង់​ដែល​មាន​ចំណង​ទាក់​ទង​ដ៏​ជិត​ស្និទ្ធ​ជាមួយចិន។នៅ​ឆ្នាំ​នេះ​ រដ្ឋាភិបាល​របស់​គីម ​ជុង​អ៊ុន​ បាន​ទទួលរង​ការ​ចោទ​ប្រកាន់​ពីការ​រៀប​ចំការ​ធ្វើ​ឃាតុ​លោក ​Kim Jong Nam ​បង​ប្រុស​ឪពុក​តែ​មួយ​និង​ម្តាយ​ទីទៃ​ពីគ្នា​នៅ​ប្រ​ទេស​ម៉ាឡេស៊ី។ មាន​សេចក្តី​រាយការណ៍​ថា លោក Kim Jong Nam បាន​ស្ថិត​នៅ​ក្រោម​ការពារ​របស់​ចិន។

លោក​ Andrei Lankov ​ជា​សាស្រ្តាចារ្យ​និង​ជាអ្នក​វិភាគ​អំពី​ប្រទេស​កូរ៉េខាងជើងនៅ​សាកល​វិទ្យាល័យ ​Kookmin ​ក្នុង​រដ្ឋធានី​សេអ៊ូល​និយាយថា៖ «គីម ជុង​អ៊ុន ​មិន​មើល​ឃើញ​ចិន​ជា​សម្ព័​ន្ធមិត្ត​ទេ។ ​ចំពោះ គីម ​ជុង​អ៊ុន ​ចិន​ជា​ប្រភព​នៃការ​គំរាម​កំហែង​ដ៏ខ្លាំង​មួយ ​ជា​ប្រ​ទេស​ដែល​ធ្វើ​អន្តរាគមន៍​ប្រកប​ដោយ​ប្រសិទ្ធិភាព​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កូរ៉េខាង​ជើង​ហើយ​អាច​ជា​មេក្លោង​រក​អ្នក​ជំនួស​គីម ជុង​អ៊ុន​ ទៀត​ផង‍»។

មេដឹកនាំ​ដ៏គគ្លើនរបស់​កូរ៉េខាង​ជើង​រូប​នេះ ​ហាក់​ដូច​ជា​បាន​ធ្វើ​ការ​ពិចារណា​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​តម្លៃ​លើ​ស្ថិរភាព​នៃការ​គ្មាន​អាវុធ​នុយក្លែអ៊ែ ​ហើយ​នឹង​មិន​ដាក់​ទណ្ឌកម្ម​ខ្លាំងៗ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​លំហូរ​ជនភៀស​ខ្លួននៅ​តាម​ព្រំ​ដែន​ទេ ឬ​ចិន​បារម្ភ​ថា ការ​ដួល​រលំ​នៃ​របប​កូរ៉េ​ខាងជើង​អាច​នឹងនាំសហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​កាន់​កាប់​ឧបទ្វីប​កូរ៉េ​ទាំង​មូល។

​លោក Choi ​នៅ​វិទ្យាស្ថាន​អាស៊ី​បាន​និយាយ​ថា៖ «ចិន​មាន​ការ​ព្រួយ​កង្វល់​យ៉ាង​ខ្លាំង​ពី​លទ្ធភាពនៃ​របប​អស្ថិរភាព​ក្នុង​ប្រទេស​កូរ៉េខាង​ជើង។ ដូច្នេះ​ចិន​និយាយ​ថា ​ខ្ញុំ​នៅទី​នេះ។ កុំ​បង្ខំ​ខ្ញុំ​ខ្លាំង​ពេក បើពុំ​ដូច្នេះ​ទេ ​នឹង​មាន​អស្ថិរភាព​កើត​មាន​ឡើង‍»៕
ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន