មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន បានទទួលលិខិតផ្ទាល់ខ្លួនមួយពីលោកដូណាល់ ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងកំពុងពិចារណាពីខ្លឹមសារលិខិតនោះ។ នេះបើតាមសេចក្តីរាយការណ៍នៃបណ្តាញសារព័ត៌មានកូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េជាផ្លូវការបានបង្ហោះរូបថតលោកគីម អង្គុយសញ្ជប់សញ្ជឹងដោយកាន់លិខិត ដែលមានសញ្ញាសេតវិមាននៅខាងលើ។ សេចក្តីរាយការណ៍នោះបានដកស្រង់សម្តីលោកគីម ដោយសរសើរថាមាន«អត្ថន័យល្អប្រសើរ»។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបានរាយការណ៍ថា៖
«ដោយលើកសរសើរកម្លាំងវិនិច្ឆ័យខាងនយោបាយនិងសេចក្តីក្លាហានវិសាមញ្ញរបស់លោកប្រធានាធិបតីត្រាំ នោះ លោកគីម ជុងអ៊ុន បាននិយាយថាលោកនឹងពិចារណាលើអត្ថន័យគួរឱ្យយកចិត្តទុកដាក់នេះ»។
សេចក្តីរាយការណ៍នោះមិនបានបញ្ជាក់អ្វីផ្សេងទៀតពីខ្លឹមសារនៃលិខិតនោះទេ។
លោកប្រធានាធិបតីត្រាំ ក៏បាននិយាយកាលពីដើមខែនេះថាលោកបានទទួលលិខិត«ដ៏ល្អ» «ផ្ទាល់ខ្លួន» និង«កក់ក្តៅខ្លាំង» ពីមេដឹកនាំកូរ៉េខាងជើងដែរ។
បើទោះបីជាការចរចារវាងមន្ត្រីសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងជាប់គាំង ក៏លោកគីម និងលោកត្រាំ បន្តផ្លាស់ប្តូរលិខិតនិងរូបថតក្នុងឆ្នាំកន្លងមកនេះ ហើយមេដឹកនាំទាំងពីរនិយាយថាទំនាក់ទំនងរបស់ពួកគេមានភាពកក់ក្តៅ។