មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាពេទ្យរុស្ស៊ី និងក្រុមគ្រួសារអ្នកជំងឺម្នាក់ដែលស្លាប់ បានអះអាងផ្ទុយគ្នាទៅលើការយកចិត្តទុកដាក់ក្នុងការព្យាបាល ពេលអ្នកជំងឺទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋមួយនោះ។
កញ្ញា ធូ ស្រីពេជ អាយុ ២៥ ឆ្នាំ ជាកូនស្រីច្បងនៃគ្រួសារសពដែលស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបរាប់នៅលើគណនេយ្យហ្វេសប៊ុករបស់កញ្ញាកាលពីថ្ងៃទី២៨ ខែមករា ថា៖ «មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ! តើមានបងប្អូនខ្មែរប៉ុន្មាននាក់ទៀតដែលត្រូវជួបរឿងបែបនេះ?»
បើតាមកញ្ញា ស្រីពេជ កាលពីថ្ងៃទី ២៦ ខែមករា វេលាម៉ោង ២ ទៀបភ្លឺ កញ្ញា និងម្តាយបាននាំឪពុករបស់កញ្ញា ដែលមានអាការៈបាត់បង់ស្មារតី យកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមន្ទីរពេទ្យមិនមានក្រុមការងារគ្រប់គ្រាន់ និងទុកឪពុករបស់កញ្ញាចោល និងតម្រូវបង់ប្រាក់មុនដោយចំណាយពេលជាង ៤០ នាទី និងត្រូវរង់ចាំបុគ្គលិកមន្ទីរពេទ្យ ដាស់គ្រូពេទ្យស្កែន និងតម្រូវឱ្យបង់ប្រាក់មុនស្កែន។
កញ្ញាបន្ថែមថា គ្រូពេទ្យមិនមានការសង្គ្រោះបឋមត្រឹមត្រូវចំពោះឪពុករបស់កញ្ញាឡើយ ដោយទុកឱ្យសន្លប់តាំងពីម៉ោង ២ រហូតដល់ម៉ោង ៤:៣០ ព្រឹក ដោយលទ្ធផលបង្ហាញថា ដាច់សរសៃរឈាមក្នុងខួរក្បាល ហើយពេទ្យប្រាប់ថាមិនអាចសង្គ្រោះបាននោះទេ។
កញ្ញារៀបរាប់លើបណ្តាញសង្គមថា៖ «រឿងដែលហួសចិត្តជាងនេះទៅទៀត នៅពេលដែលខ្ញុំ [និង] ពេទ្យយកប៉ាចេញទៅព្យាបាលបន្ត នៅវៀតណាម ខាងឡានសាមុយពេទ្យរុស្ស៊ីបានស្កាក់ឡានសាមុយដែលមកយកប៉ាខ្ញុំ ដោយមិនឲ្យចូល ដោយនិយាយថា មន្ទីរពេទ្យមិនអនុញ្ញាតឲ្យឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំផ្តិតមេដៃ សុំអនុញ្ញាតយកប៉ាចេញព្យាបាលទៅជាមួយហើយក៏ដោយ។ មិនមែនខ្ញុំមិនចង់យកឡានសាមុយខាងពេទ្យរុស្ស៊ីទេ តែតម្លៃខាងគាត់គឺគុណនឹង២ធៀបនឹងឡានសាមុយពេទ្យខាងក្រៅ»។
កញ្ញាថា ក្រុមគ្រួសារបានដោះស្រាយបញ្ហាឡានពេទ្យដើម្បីដឹកទៅព្យាបាលនៅប្រទេសវៀតណាម រហូតដល់ម៉ោង៨ព្រឹក ទើបដោះស្រាយរួច ប៉ុន្តែឪពុករបស់កញ្ញាបានបាត់បង់ជីវិតទៅហើយ។
ក្រោយកញ្ញា ស្រីពេជ បានរៀបរាប់ដំណើររឿងតាមបណ្តាញសង្គមហ្វេសប៊ុក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញលិខិតស្រាយបំភ្លឺ ដោយច្រានចោលការលើកឡើងរបស់កញ្ញា ស្រីពេជ។ មន្ទីរពេទ្យបញ្ជាក់ថា អ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង ហើយតាមលទ្ធផលពិនិត្យបង្ហាញថា អ្នកជំងឺមានដាច់សរសៃឈាមខួរក្បាលបណ្ដាលឱ្យហូរឈាមក្នុងខួរក្បាលធ្ងន់ធ្ងរ។ នេះបើតាមលិខិតស្រាយបំភ្លឺរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចុះថ្ងៃទី ២៩ ខែមករា។
មន្ទីរពេទ្យបញ្ជាក់បន្ថែមថា ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្រោ្គះដែលហួសពីលទ្ធភាពក្នុងការជួយសង្រ្គោះ ហើយខាងគ្រួសារក៏បានសម្រេចចិត្តយកអ្នកជំងឺទៅព្យាបាលបន្តនៅមន្ទីរពេទ្យប្រទេសវៀតណាម។ បើតាមសេចក្តីបំភ្លឺនោះ គ្រូពេទ្យក៏បានអនុញ្ញាតឱ្យក្រុមគ្រួសារយកសេវារថយន្ដសង្រ្គោះខាងក្រៅដឹកអ្នកជំងឺទៅព្យាបាល។
កញ្ញា ធូ ស្រីពេជ ប្រាប់វីអូអេបន្ថែមនៅថ្ងៃអង្គារនេះថា ក្រុមគ្រួសារ គឺនៅតែទាមទារឱ្យស្ថាប័នពាក់ព័ន្ធផ្តល់យុត្តិធម៌ និងមានវិធានការចំពោះបុគ្គលិកនៃមន្ទីរពេទ្យនោះ។
កញ្ញាថ្លែងថា៖ «សម្រាប់ករណីមួយហ្នឹង ខ្ញុំចង់ឱ្យមានវិធានការ។ កុំឱ្យមានរឿងហ្នឹងកើតឡើងទៀតសម្រាប់ប្រជាពលរដ្ឋផ្សេងៗទៀត ក៏ដូចជាដាក់ពិន័យ និងទណ្ឌកម្មទៅកាន់ពួកគាត់(គ្រូពេទ្យ)តាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ពួកគាត់»។
កញ្ញា ធូ ស្រីពេជ ក៏បានរៀបរាប់លើគណនេយ្យហ្វេសប៊ុករបស់កញ្ញា នៅថ្ងៃទី ៣០ ខែមករាថា ឪពុករបស់កញ្ញាបានបាត់បង់ជីវិតក្នុងមន្ទីរពេទ្យនោះ ដោយសារមន្ទីរពេទ្យគ្មានគ្រូពេទ្យយាមប្រចាំការគ្រប់គ្រាន់ យឺតយ៉ាវក្នុងការបញ្ជូនអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់ ត្រូវរង់ចាំពេទ្យ ទំនាក់ទំនងទូរស័ព្ទទៅពេទ្យម្នាក់ទៀត ដែលដាស់គ្នាឱ្យក្រោកធ្វើការ បង់លុយមុន មិនមានការសង្គ្រោះបឋមត្រឹមត្រូវ។ ចំណែកឡានពេទ្យសម្រាប់ដឹកអ្នកជំងឺ ឬហៅថាឡានសាមុយ ទារលុយ និងស្កាត់មិនឱ្យយកទៅក្រៅនិងប្រើពាក្យពេចន៍ខ្វះក្រមសុជីវៈធម៌ ជាដើម។
កញ្ញាចោទសួរលើបណ្តាញសង្គមហ្វេសប៊ុកថា៖ «តើមានវិធីសាស្រ្តណាដែលល្អជាងការបកស្រាយ ជាងការបកស្រាយបំភ្លឺទេ? ឬក៏ត្រូវឱ្យមានករណីនេះបន្តកើតមានឡើងលើប្រជាពលរដ្ឋផ្សេងៗទៀត?»
វីអូអេបានទាក់ទងទៅលេខប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោក ងី ម៉េង ប៉ុន្តែជំនួយការលើកទូរស័ព្ទ ដោយប្រាប់ឱ្យអ្នកសារព័ត៌មានវីអូអេទៅសួរនាំព័ត៌មានលើបញ្ហានេះពីផ្នែករដ្ឋបាលមន្ទីរពេទ្យដោយផ្ទាល់។ អ្នកសារព័ត៌មានវីអូអេបានទៅដល់ជាន់ទី៥នៃអគាររដ្ឋបាលមន្ទីរពេទ្យ នៅថ្ងៃអង្គារនេះ ប៉ុន្តែបុគ្គលិកនៅទីនោះប្រាប់វីអូអេឱ្យទាក់ទងក្រសួងសុខាភិបាលជំនួសវិញ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា មន្ទីរពេទ្យត្រូវប្រុងប្រយ័ត្នរាល់ការអនុវត្តការងារព្យាបាលអ្នកជំងឺជានិច្ច និងគួរមានប្រព័ន្ធតាមដានត្រួតពិនិត្យដើម្បីកុំឱ្យបញ្ហាបែបនេះកើតឡើងបន្តទៀត។
លោក សន ជ័យ ថ្លែងថា៖ «សម្រាប់ខ្ញុំ យល់ថា ការបង្កើតប្រព័ន្ធត្រួតពិនិត្យនិងឆ្លើយតបជាបន្ទាន់ចំាបាច់ទៅនឹងស្ថានភាព បានន័យថា យកវិធានការដែលមានស្រាប់យកមកពង្រឹងឡើងវិញ ដូចជារឿងកុំឱ្យមានការទារលុយពីអ្នកជំងឺមុនការព្យាបាលអីជាដើមនេះ សុទ្ធតែវិធានការចាស់ទេ ប៉ុន្ដែបែបជានៅមានការលើកឡើងថា នៅមានករណីបែបនេះកើតឡើងដដែល»។
លោក សន ជ័យ យល់ឃើញថា មន្ទីរពេទ្យរដ្ឋគួរតែរៀបចំឧបករណ៍ និងសម្ភារៈបែបទំនើបដែលអាចឆ្លើយតបទៅនឹងការព្យាបាលជំងឺរបស់អ្នកជំងឺ ការពង្រឹងនូវយន្ដការ ក្រមសីលធម៌ ឥរិយាបថ ការប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺទាក់ទងនឹងបញ្ហានានាឱ្យបានឆាប់រហ័ស បូកផ្សំជាមួយគុណភាពឱសថ និងការព្យាបាលអ្នកជំងឺឱ្យឆាប់ជាសះស្បើយ ដែលទាំងអស់នេះជាអ្វីដែលពលរដ្ឋចង់បាន និងអាចធ្វើឱ្យពលរដ្ឋមានជំនឿទៅលើមន្ទីរពេទ្យរដ្ឋ។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនបញ្ចេញមតិយោបល់តាមបណ្តាញសង្គមហ្វេសប៊ុក និងខ្លះចូលទៅបញ្ចេញយោបល់ ក្រោមខ្ទង់ Comment របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលផ្សព្វផ្សាយលិខិតស្រាយបំភ្លឺនោះ។ ពួកគេចង់ឃើញមន្ទីរពេទ្យ និងក្រសួងសុខាភិបាលស៊ើបអង្កេត និងបកស្រាយឱ្យបានច្បាស់ជុំវិញករណីនេះ ដើម្បីកុំឱ្យពលរដ្ឋមានមន្ទិលសង្ស័យ និងបាត់បង់ជំនឿលើសេវាព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ៕