អតីត​អ្នកទោស​គុក​ទួលស្លែង​ទាមទារ​ជាថ្មី​ឲ្យ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​សុំទោស

ជន​រងគ្រោះ​​គុក​ទួលស្លែង ដែល​បាន​រស់​រាន គឺ​លោក ប៊ូ ម៉េង (ឆ្វេង) និង លោក ជុំ មី (ស្តាំ) អង្គុយ​នៅ​ក្នុង​គេហដ្ឋាន​របស់​​​សព​លោក វ៉ាន់ ណាត អតីត​ជន​រងគ្រោះ​​និង​​ជាង​គំនូរ​ក្នុង​​គុក​ទួលស្លែង​។ (រូបថត​ឯកសារស ០៥ កញ្ញា ២០១១)

អតីត​អ្នកទោស​គុក​ទួលស្លែង ​និង​ជា​ប្រធាន​សមាគម​ជន​រងគ្រោះ​ដោយ​របប​កម្ពុជា​ប្រជាធិបតេ​យ្យ​ (ក្សេមក្សាន្ត)​បាន​ប្រកាស​នៅថ្ងៃ​នេះ​ច័ន្ទ​នេះ​ថា​ នឹង​មិនមាន​បាតុកម្ម​ប្រឆាំង​លោក​កឹម សុខា ​នៅ​ថ្ងៃ​អង្គារ​ទី៤​ ខែមិថុនា​ស្អែក​នេះ​ទេ ​ប៉ុន្តែ​នឹង​ធ្វើ​ការ​ព្រមាន​ជាថ្មី​ដល់​លោក​កឹម សុខា។​

សេចក្តី​អះអាង​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋ​សភា​កម្ពុជា​គ្រោង​នឹង​ពិភាក្សា​សេចក្តី​ស្នើ​ច្បាប់​មួយ​ប្រឆាំង​នឹង​ការធ្វើ​សេចក្តី​អត្ថាធិប្បាយ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​យល់​ខុសពី​អំពើ​ប្រល័យ​ពូជសាសន៍​ក្នុង​របប​ខ្មែរក្រហម។​

កាលពី​ដប់​ថ្ងៃមុន​ លោក​ជុំ ម៉ី ​ប្រធាន​សមាគម​ក្សេមក្សាន្ត​ បាន​ទាមទារ​ឲ្យ​លោក​កឹម សុខា​សុំទោស​ព្រលឹង​អ្នកស្លាប់​នៅ​គុក​ទួលស្លែង​តាមរយៈ​ការ​អុជ​ធូប ​សុំ​ខមាល​ទោស​នៅ​ទីនោះ ដោយ​លោក​លើកឡើង​ថា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​ចាត់ទុក​គុក​ទួលស្លែង ​ឬ​មន្ទីរ​ស២១​ជា​គុក​«សិប្បនិម្មិត»​របស់​ពួក​ខ្មែរក្រហម​ដែល​«រៀបចំ​ឡើង​ដោយ​វៀតណាម»។​
លោក​ជុំ ម៉ី​បាន​ទុក​ពេល​ដប់​ថ្ងៃ​គឺ​រហូត​មក​ដល់​ថ្ងៃ​ទី៣ ​ខែ​មិថុនា​នេះ​ ហើយ​បើសិនជា​លោក​កឹម សុខា​មិន​ព្រម​សុំទោស​ដល់​ជន​រងគ្រោះ​ទេ​ នោះលោក​នឹង​ដឹកនាំ​បាតុកម្ម​ធំ​មួយ​ប្រឆាំង​នឹង​លោក​កឹម សុខា។​

ប៉ុន្តែ​លោក​កឹម សុខា​ថ្លែង​ថា​ លោក​មិន​បាន​និយាយ​ដូច្នោះ​ទេ​ ហើយ​នោះ​គឺ​ជា​ការ​រៀបចំ​ដោយ​គណបក្ស​កំពុង​កាន់​អំណាច។

លោក​ជុំ ម៉ី​បាន​និយាយ​ថា​ លោក​នឹង​ធ្វើ​សន្និសីទ​កាសែត​ជា​លើក​ទី២​នៅ​ថ្ងៃ​ស្អែក​នេះ​ដើម្បី​ព្រមាន​លោក​កឹម សុខា​ជាថ្មី​ម្តងទៀត​អំពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រូបលោក។​ ប៉ុន្តែ​សន្និសីទ​កាសែត​នោះ​មិនមែន​តំណាង​ឲ្យ​សមាគម​ក្សេម​ក្សាន្ត​នោះ​ទេ។​
«ប្រជាជន​គាត់​ឈឺ​ចាប់ ​ព្រោះ​កឹម សុខា​ គាត់​និយាយ​ហ្នឹង​វា​មិនមាន​ការណ៍​ពិត​ណា៎។ ​ប្រជាជន​នឹង​ធ្វើ​មហា​បាតុកម្ម​មួយ ​មិនទាន់​កំណត់​ទេ»។​

ការ​ចោទ​ប្រកាន់​អំពី​គុក​ទួលស្លែង​បាន​ក្លាយជា​ចំណោទ​ប្រឆាំង​អ្នក​នយោបាយ​ជំទាស់ ​ខណៈដែល​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ​កាន់​តែ​ខិត​ជិត​មក​ដល់។​

លោក​យ៉ែម ​បុញ្ញឫទ្ធិ ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និយាយ​ថា​ គណបក្ស​របស់លោក​និង​លោក​កឹម សុខា​នឹង​មិន​សុំទោស​ចំពោះ​អ្វី​ដែល​លោក​ជុំ ម៉ី​ទាមទារ​នោះ​ទេ។​
«មិន​មែន​ជា​រឿង​សុំទោស ​ឬ​មិន​សុំទោស​ទេ!​ ទី១ គឺ​ជា​សេចក្តីថ្លែង​ការណ៍​មួល​បង្កាច់​ ខុស​ថ្ងៃខែ​ទាំងស្រុង​ ហើយ​ខុសទី​កន្លែង​ទៀត។​ សូម​ឲ្យ​បញ្ជាក់​ឲ្យ​ច្បាស់ ​ហើយ​យក​អ្វី​ហ្នឹង​ចេញ​ឲ្យ​ច្បាស់។ ​យើង​មិនត្រូវ​គាំទ្រ​សេចក្តី​ថ្លែង​ការណ៍​មួល​បង្កាច់​ ខុស​ថ្ងៃខែ​អញ្ចឹង​ទេ»។​

កាលពី​ចុង​ខែ​ឧសភា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ហៅ​សេចក្តី​អត្ថាធិប្បាយ​របស់​លោក​កឹម សុខា​ថា ​ជាការ​ប្រមាថ​ជន​រងគ្រោះ។​ ជាង​នេះ​ទៅ​ទៀត ​លោក​ហ៊ុន សែន​បាន​ថ្លែងព្រមាន​ថា​ បាតុកម្ម​មហាជន​នឹង​ផ្ទុះ​ឡើង​ប្រឆាំង​លោក​កឹម សុខា។​
ប៉ុន្តែ​លោក​កឹម សុខា​ឆ្លើយតប​វិញ​ថា ​លោក​ហ៊ុន សែន​បាន​បកស្រាយ​ខុស​ពី​សម្តី​ដើម​របស់​លោក។​
នៅ​ក្នុង​ពេល​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ក៏​បាន​ស្នើ​ឲ្យ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​ដើម្បី​ផ្តន្ទាទោស​អ្នក​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ថា ​«គ្មាន​របប​ប្រល័យ​ពូជ​សាសន៍»​នៅ​កម្ពុជា។​

លោក​ឈាង វុន ​ប្រធាន​គណៈកម្មការ​បរទេស​នៃ​រដ្ឋ​សភា​មកពី​គណបក្ស​កាន់​អំណាច​ បញ្ជា​ក់​ថា​ ក្រុម​តំណាងរាស្ដ្រ​នៃ​គណបក្ស​ទាំងពីរ​បាន​ធ្វើ​សេចក្តី​ស្នើ​ច្បាប់​នោះ​រួច​ហើយ ​ហើយ​គណៈ​កម្មការ​អចិន្ត្រៃ​របស់​រដ្ឋសភា​បាន​ដាក់​សេចក្តី​ព្រាងច្បាប់​នេះ​ក្នុង​កិច្ច​ពិភាក្សា​ពេញ​អង្គ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ៕