ការធ្វើពហិការរបស់ក្រុមមេធាវីការពារក្តីរបស់នួន ជា និងខៀវ សំផនបានក្លាយជារបៀបវារៈសម្រាប់កិច្ចពិភាក្សាយ៉ាងសំខាន់នៅក្នុងកិច្ចប្រជុំរៀបចំសវនាការនៅថ្ងៃអង្គារនេះ។
លោកសុន អរុណ សហមេធាវីកម្ពុជារបស់អតីតប្រធានសភាខ្មែរក្រហមនួន ជា បានឲ្យដឹងថា អង្គជំនុំជម្រះសាលាដំបូងបានចំណាយពេលមួយកំណាត់ថ្ងៃក្នុងកិច្ចប្រជុំពេញមួយថ្ងៃនៅថ្ងៃនេះដើម្បីជជែកស្វែងរកដំណោះស្រាយដោះស្រាយវិបត្តិពិហិការរបស់ក្រុមមេធាវីការពារក្តី។
លោកសុន អរុណបន្ថែមថា សហព្រះរាជអាជ្ញាបានប្រាប់ចៅក្រមថា អង្គជំនុំជម្រះអាចនឹងរកមេធាវីមកជំនួស ប្រសិនបើក្រុមមេធាវីនៅតែបន្តធ្វើពហិការ។មួយវិញទៀត ចៅក្រមជំនុំជម្រះនៃតុលាការជាន់ទាបនេះអាចបន្តការងាររបស់ខ្លួនរហូតដល់ពេលមានការសម្រេចលើបណ្តឹងដិតចិត្ត ឬបណ្តឹងសុំបណ្តេញចៅក្រមចំនួនបួនរូបក្នុងការជម្រះក្តីនៃសំណុំរឿង០០២វគ្គទី២នេះ។
សហមេធាវីរបស់ជនជាប់ចោទនួន ជាបានប្តឹងឲ្យដកចៅក្រមកម្ពុជាចំនួនបីរូបនិងចៅក្រមបារាំងមួយរូបពីអង្គជំនុំជម្រះសាលាដំបូងដោយសំអាងថា ចៅក្រមទាំងនោះពាក់ព័ន្ធនឹងភាពលម្អៀង និងមិនបានផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ខ្លួន។ ហើយមេធាវីចុងចោទបានដាក់បញ្ហានេះជាលក្ខខណ្ឌថា ប្រសិនបើមិនដោះស្រាយការទាមទាររបស់ខ្លួននេះទេ ពួកខ្លួននឹងមិនចូលរួមសវនាការក្នុងការកាត់ទោសវគ្គទី២នៃសំណុំរឿង០០២នេះទេ។
បើយោងតាមលោកសុន អរុណឲ្យដឹងថា នៅក្នុងអង្គជំនុំជម្រះ ចៅក្រមបានលើកពីកំហុសរបស់មេធាវីការពារជនជាប់ចោទទាំងពីរក្រុមក្នុងការធ្វើពហិការ។ ហើយចៅក្រមក៏បានចោទសួរទៅក្រុមការពារក្តីថា ប្រសិនបើការសម្រេចមិនដូចបំណងរបស់ពួកគេ តើពួកគេនៅតែបន្តធ្វើពហិការឬយ៉ាងណា?
លោកសុន អរុណបញ្ជាក់ក្នុងពេលនោះថា ការសម្រេចណាមួយមិនអនុលោមតាមចេតនាកូនក្តីរបស់លោកគឺជារឿងអយុត្តិធម៌និងជាការរំលោភសិទ្ធិលោកនួន ជា។
លោកឡាស អលសិន (Lars Olsen) មន្ត្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់ មិនធ្វើអត្ថាធិប្បាយលើកិច្ចពិភាក្សាស្តីពីការធ្វើពហិការនៅក្នុងកិច្ចប្រជុំរៀបចំសវនាការនោះទេ។
លោកពន្យល់ថា៖«នេះជាកិច្ចប្រជុំបិទទ្វារ»។
មន្ត្រីសាលាក្តីខ្មែរក្រហមដដែលបញ្ជាក់ថា ព័ត៌មានដែលទាក់ទងនឹងកិច្ចប្រជុំនេះនឹងត្រូវប្រកាសជាសាធារណៈនៅថ្ងៃស្អែក។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកគង់ សំអុន សហមេធាវីកម្ពុជារបស់ខៀវ សំផន អតីតប្រមុខរដ្ឋនៃសម័យខ្មែរក្រហម តែមិនអាចទាក់ទងបានទេ។
ទោះជាយ៉ាងណាលោកឡាស អលសិនបញ្ជាក់ថា កិច្ចប្រជុំស្តីពីការរៀបចំសវនាការនៅថ្ងៃនេះចូលរួមដោយមេធាវីរបស់នួន ជា និងខៀវ សំផន រួមទាំងជនជាប់ចោទខៀវ សំផនក៏មានវត្តមាននៅក្នុងនោះដែរ។ ខៀវ សំផនបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ប៉ុន្តែមិនមានព័ត៌មានដែលទាក់ទងនឹងការបង្ហាញខ្លួននេះទេ។
កាលពីថ្ងៃច័ន្ទម្សិលមិញនេះ អង្គជំនុំជម្រះសាលាដំបូងបានលុបចោលសវនាការដែលបានគ្រោងទុកដោយសារការធ្វើពហិការរបស់មេធាវីចុងចោទ។
កាលពីសប្តាហ៍មុន អង្គជំនុំជម្រះជាន់ទាបរបស់សាលាក្តីខ្មែរក្រហមបានព្រមានសហមេធាវីការពារក្តីមេដឹកនាំខ្មែរក្រហមនួន ជា និងខៀវ សំផនពីការប្រព្រឹត្តខុសវិជ្ជាជីវៈដោយសារតែក្រុមមេធាវីទាំងនេះបានពហិការការចូលរួមប្រជុំរៀបចំសវនាការ និងដើរចេញពីការជំនុំជម្រះថ្ងៃដំបូងក្នុងសំណុំរឿង០០២វគ្គទី២។
តុលាការជាន់ទាបដដែលចោទប្រកាន់ថា សហមេធាវីរបស់នួន ជានិងខៀវ សំផន«បានរារាំងដំណើរការនីតិវិធីកាត់ទោសសំណុំរឿង០០២ វគ្គទី២»នេះ។
កាលពីសប្តាហ៍មុន លោកសុន អរុណបានពន្យល់ថា
«ត្រូវតែអនុវត្តការប្តឹងដិតចិត្តហ្នឹងឲ្យមានចម្លើយសិន ហើយមេធាវីទាំងពីរចាំមើលចម្លើយហ្នឹងវាយ៉ាងម៉េច។ កាលណាមិនទាន់មានលទ្ធផលនៃការប្តឹងដិតចិត្តផង មិនទាន់ឆ្លើយផង។ ប្តឹងដិតចិត្តហ្នឹងជាការមួយត្រូវការប្រញាប់ តែតុលាការពន្យារៗៗ ដើម្បីយកករណី០០២/០២ហ្នឹងសង្កត់មកលើមេធាវីនិងកូនក្តី។ ត្រង់ហ្នឹងមួយបានជាមេធាវីការពារលោកនួន ជាដើរចេញជាមួយគ្នា»។
ដំណាលគ្នានឹងការពិភាក្សាអំពីការធ្វើពហិការរបស់មេធាវីការពារជនជាប់ចោទនៅក្នុងកិច្ចប្រជុំស្តីពីការរៀបចំសវនាការនៅថ្ងៃនេះ ជនជាប់ចោទនួន ជាក៏បានប្រកាសជាថ្មីម្តងទៀតថា លោកនឹងប្រាប់មេធាវីរបស់លោកឲ្យបន្តធ្វើពហិការចូលរួមសវនាការរហូតដល់មានដំណោះស្រាយលើបណ្តឹងដិតចិត្តសុំដកចៅក្រមចេញពីអង្គជំនុំជម្រះសាលាដំបូងក្នុងពេលនេះ។
ទោះជាយ៉ាងណា អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើការសម្រេចលើបញ្ហានេះនៅពេលក្រោយ។ នេះបើយោងតាមមន្ត្រីតុលាការនិងមេធាវីចុងចោទ៕