ភ្នំពេញ —
អង្គជំនុំជម្រះតុលាការកំពូលបានបង្គាប់ឲ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមចាប់ផ្តើមដំណើរការកាត់ទោសសំណុំរឿង០០២វគ្គទី២ជាបន្ទាន់ដោយគ្មានបង្អង់ ដោយសំអាងលើផលប្រយោជន៍«ចាំបាច់សម្រាប់យុត្តិធម៌»។
ការបង្គាប់នេះធ្វើឡើងក្រោយពីអង្គជំនុំជម្រះជាន់ទាបនេះបានបញ្ចប់ការកាត់ក្តីសំណុំរឿង០០២វគ្គទី១កាលពីខែតុលា។ សំណុំរឿងនេះនៅសល់តែជនជាប់ចោទពីរនាក់តែប៉ុណ្ណោះគឺនួន ជា និងខៀវ សំផន។
នៅក្នុងសេចក្តីសម្រេចកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះលោកចៅក្រម គង់ ស្រ៊ីម ប្រធានអង្គជំនុំជម្រះតុលាការកំពូលបានបង្គាប់ដល់អង្គជំនុំជម្រះសាលាដំបូងថាសវនាការវគ្គទី២នេះ «ត្រូវតែចាប់ផ្តើមក្នុងពេលឆាប់ៗនិងត្រូវបញ្ចូលជាអប្បបរមា»នូវបទចោទទាក់ទងនឹងមន្ទីរស ២១ឬគុកទួលស្លែង បញ្ចូលនូវបទចោទទាក់ទងនឹងការដ្ឋានធ្វើការ សហករណ៍ និងអំពើប្រល័យពូជសាសន៍។
ការសម្រចនេះដោយឆ្លើយតបទៅនឹងបណ្តឹងសារទុក្ខរបស់សហព្រះរាជអាជ្ញានិងក្រុមមេធាវីការពារក្តីជនជាប់ចោទនួន ជា។សហព្រះរាជអាជ្ញានិងក្រុមមេធាវីជនជាប់ចោទបានប្តឹងកាលពីខែឧសភា ប្រឆាំងទៅនឹងការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងស្តីពីការបំបែកកិច្ចដំណើរការនីតិវិធីនៃសំណុំរឿង០០២។
លោកចៅក្រមគង់ ស្រ៊ីម ក្នុងសេចក្តីសម្រេចរបស់ខ្លួនឲ្យអង្គជំនុំជម្រះសាលាដំបូងបង្កើតអង្គជំនុំជម្រះថ្មីសម្រាប់ការកាត់ក្តីវគ្គទី២នេះដោយប្រើប្រាស់ចៅក្រមបំរុង។
លោកប្រធានអង្គជំនុំជម្រះតុលាការកំពូលបញ្ជាក់ថាមិនមានការខ្វះខាតថវិកាសម្រាប់ការកាត់ក្តីសំណុំរឿង០០២វគ្គទី២ក្នុងកាលៈទេសៈបន្ទាន់នេះទេ។
សំណុំរឿង០០២មានជនជាប់ចោទចំនួនបួននាក់ប៉ុន្តែជនជាប់ចោទដែលនៅរស់រានមានជីវិតមានតែនួន ជា អតីតប្រធានសភាខ្មែរក្រហម ដែលគេស្គាល់ថាជាមេមនោគមវិជ្ជានៃរបបនោះនិងខៀវ សំផន អតីតប្រមុខរដ្ឋ។ ដោយឡែកអៀង សារី បានស្លាប់កាលពីឆ្នាំមុនដោយសារជំងឺនិងវ័យចាស់ជរានិងប្រពន្ធរបស់គាត់អៀង ធីរិទ្ធ ត្រូវដោះលែងឲ្យនៅក្រៅឃុំដោយសារជំងឺវង្វេងវង្វាន់លែងដឹងអី្វ។
ជនជាប់ចោទទាំងនេះ ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋប្រឆាំងមនុស្សជាតិនិងបទប្រល័យពូជសាសន៍។បទចោទទាំងនេះទាក់ទងនឹងការស្លាប់និងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាជិត២លាននាក់។
អង្គជំនុំជម្រះសាលាដំបូងគ្រោងនឹងចេញសាលក្រមលើការកាត់ក្តីសំណុំរឿង០០២វគ្គទី១នៅពាក់កណ្តាលឆ្នាំ២០១៤ហើយកិច្ចប្រជុំសម្រាប់រៀបចំសវនាការវគ្គទី២នឹងធ្វើឡើងនៅថ្ងៃទី១១និង១២ខែធ្នូខាងមុខ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍កិច្ចប្រជុំនោះអាចនឹងមានការលើកមកពិភាក្សាលើសេចក្តីបង្គាប់របស់អង្គជំនុំជម្រះតុលាការកំពូល។
«វាមិនអាចចៀសរួចទេគឺនឹងត្រូវមានការពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំរៀបចំសវនាការក្នុងពេលខាងមុខនោះ»។
លោកស៊ុំ រិទ្ធី ដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ក្នុងសំណុំរឿង០០២ ស្វាគមការជំរុញឲ្យពន្លឿនការកាត់ក្តីសំណុំរឿងនេះ។
«ត្រឹមត្រូវហើយព្រោះថាជនជាប់ចោទកាន់តែជរាទៅហើយ។ខ្ញុំក៏ថ្លែងអំណរគុណដល់តុលាការកំពូលដែលបានពន្លឿនឲ្យនីតិវិធីសំណុំរឿង០០២នេះឆាប់ចប់»។
លោកឡុង បញ្ញាវុធ ប្រធានគម្រោងនៃអង្គការគម្រោងយុត្តិធម៌នៅកម្ពុជាដែលជាផ្នែកមួយនៃអង្គការOSJI របស់សហរដ្ឋអាមេរិកចាត់ទុកការសម្រេចរបស់អង្គជំនុំជម្រះតុលាការកំពូលថាជាការបញ្ជា«ដ៏ខ្លាំង»។
«នេះជាសេចក្តីបង្គាប់បញ្ជាមួយដ៏ខ្លាំង។បញ្ហាដែលសំខាន់ដែលសាលាដំបូងពិចារណានោះគឺរឿងថាតើការិយាល័យរដ្ឋបាលអាចធានាឬចង្អុលបង្ហាញដែរឬអត់នូវថវិកាគ្រប់គ្រាន់សម្រាប់ដំណើរការ»។
ដំណាលគ្នានេះដែរលោកឡុង បញ្ញាវុធ ព្រួយបារម្ភថាតើសាលក្រមសម្រាប់ការកាត់ទោសសំណុំរឿងទី២វគ្គទី២នេះនឹងត្រូវប្រកាសទាន់ពេលវេលាក្នុងពេលដែលជនជាប់ចោទនៅមានអាយុដែរឬទេ។
នួន ជា នៅពេលនេះមានអាយុ៨៧ឆ្នាំ រីឯខៀវ សំផន មានអាយុ៨២ឆ្នាំ៕