សមាគម​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​សម្រប​សម្រួល​ករណី​​វៀតណាម​​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​​​

រូបឯកសារ៖ យុវជនម្នាក់ធ្វើបាតុកម្មដោយមានកាន់ទង់ជាតិខ្មែរក្រោម នៅមុខស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៤។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ឱ្យរដ្ឋាភិបាល​កម្ពុជា និងអង្គការ​អន្តរជាតិ​ធ្វើ ​អន្តរាគមន៍ និង​សម្រប​សម្រួលឱ្យ​មាន​ការ​ដោះលែង​ពលរដ្ឋ​វៀតណាមដើម​កំណើត​ខ្មែរដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ចំនួន​៣​នាក់ ​និង​បញ្ឈប់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាពខ្មែរ​កម្ពុជា​ក្រោម។​

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើងបន្ទាប់​ពី​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​៩នាក់​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​ ដោយ​ចោទ​ពី​បទ ​«កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ បំពាន​ផល​ប្រយោជន៍​របស់​រដ្ឋ​ និង​សិទ្ធិ​សេរីភាព​ស្របច្បាប់​នៃ​អង្គការ​ចាត់​តាំង​ និង​បុគ្គល» កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣។ នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចុះថ្ងៃទី១ ខែសីហា ឆ្នាំ​២០២៣។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែលបន្ថែម​ថា ក្នុង​ចំណោមពួក​គេ​ទាំង៩​នាក់ ៣នាក់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ​៣នាក់​ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​នាំខ្លួន​ទៅ​ស៊ើប​សួរ ម្នាក់ត្រូវ​បាន​អាជ្ញាធរ​កោះហៅ​ឱ្យ​ចូលខ្លួន​ដើម្បី​សាកសួរ ហើយ​ពីរ​នាក់​ទៀត​កំពុង​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​ពី​អាជ្ញាធរ​វៀតណាម។​

លោក គឹម ស៊ីសំណា មន្ត្រី​សម្រប​សម្រួល​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ ចាត់​ទុក​ការ​ចាប់​ខ្លួន​ខ្មែរ​កម្ពុជា​ក្រោមនេះ​ថាជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​ស្តី​សិទ្ធិ​មនុស្ស​ ព្រមទាំងថា​ជា​ការធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​ខ្មែរ​កម្ពុជា​ក្រោម។ លោកបន្ថែម​ដោយ​អំពាវនាវ​ឱ្យបណ្តា​ប្រទេស​ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ស្តី​ពី​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ដែល​រួម​មាន​កម្ពុជា​ផង​ សម្រប​សម្រួល និង​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​ពួកគេ​ទាំង​៣​នាក់​ដែល​កំពុង​ជាប់​ឃុំ និង​ផ្តល់​សេរីភាព​ពេញ​លេញ​ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សេងទៀត។​

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ប្រទេស​ទាំងអស់​នេះ​ហើយដែល​មាន​ភារកិច្ច​ ដែល​បាន​គាំទ្រ​នូវ​សិទ្ធិ​ទាំងពីរ​(សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ) ដ៏​សំខាន់ៗ​នៅ​លើ​ពិភពលោក​នេះ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ហ្នឹង​គិត​ពិចារណា​ឡើងវិញ​ ហើយ​នឹង​ត្រូវ​ដោះលែង​អ្នក​ទាំងអស់​នៅ​កម្ពុជា​ក្រោម​ហ្នឹង ហើយនិង​បញ្ឈប់​រាល់​ការ​រឹតត្បិត​ ការ​បំភិត​បំភ័យ​ផ្សេងៗ ហើយ​និង​ផ្តល់​សិទ្ធិ​សេរីភាព​មក​ជូន​ដល់​ខ្មែរ​កម្ពុជា​ក្រោម​ស្រប​ទៅ​តាម​គោលការណ៍​អន្តរជាតិ​វិញ»។

បើ​តាម​លោក គឹម ស៊ីសំណា ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​៩​នាក់​នោះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​បាន​ចែក​ចាយ​សៀវភៅ​ស្តី​អំពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ និង​អាវ​យឺត​ដែល​មាន​បំផុស​ការ​យល់​ដឹង​អំពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដល់​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សេង​ទៀត។

លោក គឹម ស៊ីសំណា បន្ថែម​ថា​ ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​វៀតណាម​ឡើយ​ ដោយ​ពួកគេ​មាន​មនសិការ​នៅ​ក្នុង​ការសិក្សា​ស្វែងយល់​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគ​តិច​ និង​ចង់​ថែរក្សា​ទំនៀម​ទម្លាប់ វប្បធម៌​ប្រពៃណី។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​តាម​រយៈ​សារ​អេឡិចត្រូនិក​អ៊ីមែល​បាន​នៅ​ឡើយ​ទេ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ​ថា​ ការ​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​ក្រោម​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។ លោក​ថា បើ​ទោះ​បីជា​វៀតណាម​ជា​ប្រទេស​កម្មុយនីស្ត​ក្តី ប៉ុន្តែត្រូវ​តែ​គោរព​ទៅ​តាម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​បាន​ផ្តល់​សច្ចាប័ន។

​លោក​បញ្ជាក់​ថា៖ «សេចក្តី​ថ្លែងការណ៍​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស គឺ​គេ​អនុវត្ត​ជាទូទៅ​សម្រាប់​មនុស្ស​ជាតិ​នៅ​ក្នុង​ពិភពលោក ទោះជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ ឬ​ក៏​កម្មុយនីស្ត​ក៏ដោយ ក៏​ត្រូវ​តែ​មាន​គោលការណ៍​នៃ​ការគោរព​សិទ្ធិ​មនុស្ស​ និង​ការឱ្យ​តម្លៃ​ទៅ​លើ​មនុស្ស​គ្រប់​រូប​ដូចគ្នា​ដែរ​»។

បើ​តាម​លោក អំ សំអាត​ រដ្ឋាភិបាល​កម្ពុជា​អាច​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការជាមួយ​រដ្ឋាភិបាល​វៀតណាមដើម្បីជួយ​សម្របសម្រួល​លើករណី​នេះ​បាន​ដែរ។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបា​ល​កម្ពុ​ជា​ លោក ផៃ ស៊ីផាន​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ជុំវិញករណី​នេះ​ ដោយ​លោក​ប្រាប់​ឱ្យ​ទៅ​សួរខាង​ក្រសួង​ការបរទេស​កម្ពុជា ​និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​វៀតណាម​វិញ។

វីអូអេ​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក អាន សុខខឿន អ្នក​នាំ​ពាក្យ​ក្រសួង​ការបរ​ទេស​កម្ពុជាបាន​ទេ។ ចំណែកស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​វៀតណាមមិន​ទាន់​ឆ្លើយ​តប​សារ​របស់​វីអូអេតាម​រយៈ​អ៊ីមែល​នៅឡើយ​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ដែនដី​កម្ពុជាក្រោម​មាន​ទំហំ​៦៧.៧០០​គីឡូម៉ែត្រ​ការ៉េ និង​ត្រូវ​ជា​២១​ខេត្ត​ដែល​មាន​កោះ​ធំៗ​ចំនួន​ពីរ​គឺ​កោះត្រល់​និង​កោះ​ត្រឡាច។ អាណានិគម​បារំាង​បាន​សម្រេច​កាត់​ដែន​ដី​ខ្មែរ​កម្ពុជា​ក្រោម​ឬ​កូសាំងស៊ីន ទៅ​ឱ្យ​ស្តេច​បាវដាយ​របស់​វៀតណាម​គ្រប់គ្រង​ជា​ផ្លូវ​ការ​តាំង​ពី​ថ្ងៃទី​៤ខែមិថុនា ឆ្នាំ​១៩៤៩។​

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​អាជ្ញាធរ​វៀតណាម​បាន​ចាប់​ខ្លួនពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​ដែល​បាន​ធ្វើ​សកម្មភាពផ្សព្វផ្សាយ និង​ទាមទារ​សិទ្ធិ​ផ្សេងៗ ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​កំពុង​រស់​នៅ​លើ​អតីត​ទឹក​ដី​កម្ពុជា​មួយ​នេះ។

បើ​តាម​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch ការ​រំលោភ​សិទ្ធិ​សេរីភាព ​ការ​រំលោភ​ដី​ធ្លី ​ការ​រឹត​ត្បិត​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​រៀន​ និង​បង្រៀន​ភាសាខ្មែរ ការ​លុប​បំបាត់​វប្បធម៌​ប្រពៃ​ណី​ និង​សាសនា ការ​បង្ក​អំពើ​ហិង្សា​លើ​រូប​រាង​កាយ ការ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ និង​ការ​មិន​ទទួល​ស្គាល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ថា ​ជា​ជនជាតិ​ដើម សុទ្ធ​សឹង​តែ​ជា​បញ្ហា​ប្រឈម​ ដែល​រដ្ឋាភិបាល​វៀតណាមធ្វើ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​សព្វ​ថ្ងៃ៕