កិច្ចប្រជុំប្រចាំឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាដែលបានប្រារព្ធធ្វើកាលពីចុងសប្តាហ៍កន្លងមកនេះបានបង្ហាញនូវចំណុចវិជ្ជមានជាក្តីសង្ឃឹមខ្លះសម្រាប់អ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមដែលរស់នៅភាគខាងត្បូងប្រទេសវៀតណាម។ នេះបើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំសហព័ន្ធ។
សកម្មជនខ្មែរក្រោមជិតមួយរយនាក់ដែលមកពីប្រទេសជាច្រើននៅទូទាំងពិភពលោកបានជួបប្រជុំគ្នានៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិកដើម្បីពិនិត្យមើលលើសមិទ្ធផលនៃសកម្មភាពក្នុងរយៈពេលជិត១ឆ្នាំកន្លងមកនេះ។
លោក ប្រាក់ សេរីវុឌ្ឍ ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្លែងថាសហព័ន្ធបានជូនសេចក្តីរាយការណ៍ទៅអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវប្រទេសស្វីសដើម្បីពិនិត្យមើលការរំលោភសិទ្ធិកុមារនៅកម្ពុជាក្រោមដោយ កុមារមិនបានរៀនសូត្រច្រើននោះទេ។ ក្រុមយុវជនខ្មែរក្រោមនៅក្រៅប្រទេសបានចូលរួមធ្វើសកម្មភាពនៅឆាកអន្តរជាតិដោយមានការចូលរួមប្រជុំនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុង New York ដើម្បីថ្លែងពីសិទ្ធិជនជាតិដើម។
ដោយឡែកនៅក្នុងប្រទេសវៀតណាមវិញ ពលរដ្ឋខ្មែរក្រោមខ្លះបានទៅជួបតំណាងកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុងហូជីមិញដើម្បីរៀបរាប់ពីការលំបាករបស់ពួកគេ។ នេះបើតាមការរៀបរាប់របស់លោក ប្រាក់ សេរីវុឌ្ឍ។
សហព័ន្ធខ្មែរកម្ពុជាក្រោមបានថ្លែងថាអ្វីដែលបានកើតមានឡើងនៅកម្ពុជាក្រោមគឺមិនស្ងាត់ដូចកាលពេល២០ ឬ៣០ ឆ្នាំមុនទៀតទេដោយសារតែការខិតខំប្រឹងប្រែងតស៊ូមតិរបស់សកម្មជនទាំងនេះនៅឆាកអន្តរជាតិនិងមានបណ្តាញសង្គមដែលពលរដ្ឋខ្មែរក្រោមអាចទទួលបានព័ត៌មានដែលផ្សាយពីក្រៅប្រទេស។
លោកប្រាក់ សេរីវុឌ្ឍបានបញ្ជាក់បន្ថែមក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយនឹងវីអូអេខេមរភាសាកាលពីថ្ងៃអង្គារថា៖ «អ៊ីចឹងហើយបានជាយើងឃើញឥឡូវទាំងយុវជនយុវតីខ្មែរក្រោម ទាំងបងប្អូនកសិករខ្មែរក្រោមទាំងបងប្អូនកម្មករធ្វើការតាមរោងចក្រនៅទឹកដីកម្ពុជាក្រោមហ៊ានតវ៉ានឹងការរំលោភសិទ្ធិផ្សេងៗទាំងសហជីពទាំងអីហ្នឹងហ៊ានចេញមុខតវ៉ាគឺមិនដូចពីដើមទេដែលយើងបាក់ស្បាតដោយសារអាងថាអន្តរជាតិគេធ្វើអន្តរាគមន៍គាំទ្រពីក្រោយឲ្យតែយើងធ្វើស្របតាមច្បាប់អន្តរជាតិ»។
សម្រាប់គោលដៅនៅឆ្នាំ២០២៣គឺសហព័ន្ធនឹងបន្តសកម្មភាពការទូតដោយមានការបញ្ជូនតំណាងចូលរួមប្រជុំនៅវេទិកាអន្តរជាតិនានាទាក់ទងនឹងបញ្ហាបរិស្ថានដែលបង្កឡើងដោយទឹកសមុទ្រ ហូរចូលវាលស្រែកសិករ ការប្រើជីគីមីដែលប៉ះពាល់ដល់ជីវចម្រុះនិងសុខភាពពលរដ្ឋ។ អ្នកតស៊ូមតិក៏នឹងបន្តលើកឡើងពីសិទ្ធិជនជាតិដើមនិងសិទ្ធិសាសនាផងដែរ។
លោក ប្រាក់ សេរីវុឌ្ឍ បានថ្លែងថាការធ្វើដូចនេះដើម្បីទប់ទល់នឹងបិទបាំងការពិតដោយរដ្ឋាភិបាលវៀតណាមនៅឆាកអន្តរជាតិ។
លោកបានបន្ថែមថា៖ «ភាគច្រើនរដ្ឋាភិបាលវៀតណាមទៅមិនដែលនិយាយការពិតទេនិយាយតែរឿងសម្បូរសប្បាយ។ ប៉ុន្តែយើងធ្វើដំណើរទៅធ្វើសេចក្តីរាយការណ៍យើងបញ្ជូនសេចក្តីរាយ
ការណ៍ទៅប្រទេសសមាជិកផ្សេងៗដែលជាអ្នកឯកទេសសួរដេញដោលប្រទេសវៀតណាមនោះ។ យើងឲ្យព័ត៌មានទៅគេឲ្យគេដឹងដូច្នេះគេសួរអ្វីដែលវៀតណាមលាក់កំបាំង។ ដូច្នេះលាក់មិនជិតទេ ការចាប់យុវជន ចាប់ព្រះសង្ឃជាដើម»។
សហព័ន្ធក៏នឹងសិក្សារៀនសូត្រពីប្រទេសមួយចំនួនដែលខិតខំតស៊ូរហូតដល់បានឯករាជ្យក្នុងនោះមានប្រទេសទីម័រខាងកើត។
លោកប្រាក់ សេរីវុឌ្ឍបានបន្ថែមថា៖ «យើងសុំទៅរៀនសូត្រពីគេថាតើគេធ្វើដូចម្តេចដើម្បីបានសេរីភាព តំណាងពីមុនជាជនជាតិធ្លាប់ត្រូវគេជិះជាន់ ឥឡូវគេបានទៅជាប្រទេស។ យើងនឹងសុំទៅជួបអ្នកដឹកនាំនៅប្រទេសទីម័រខាងកើតដែលជាប់ឥណ្ឌូណេស៊ី ដែលគេបានឯករាជ្យហើយនិងទៅអឺរ៉ុបផងដើម្បីសិក្សារៀនសូត្រពីគេថាតើគេរំដោះខ្លួនបានឯករាជ្យដែរហ្នឹងថាតើគេធ្វើដូចម្តេចខ្លះ»។
ក្នុងចំណោមការងារការទូតគឺនឹងមានទាក់ទងមន្ត្រីរដ្ឋាភិបាលបារាំងដើម្បីឲ្យគេដឹងថាខ្មែរក្រោមធ្លាប់ជួយច្បាំងក្នុងសង្គ្រាមលោកលើកទី២និងសង្គ្រាមបារាំងប្រឆាំងនឹងរបបកុម្មុយនិស្តវៀតមិញក្នុងទសវត្សរ៍១៩៤០និង១៩៥០។
ការជួបជុំគ្នានៅចុងសប្តាហ៍នេះក៏មានការប្រារព្ធដល់ទិវាអន្តរជាតិស្ត្រីផងដែរដែលជាការបង្ហាញស្នាដៃនិងបញ្ហាប្រឈមដែលស្ត្រីខ្មែរក្រោមនៅជួបប្រទះ។
កញ្ញា ឆន ស្រីណែត អនុប្រធានសមាគមមិត្តខ្មែរកម្ពុជាក្រោមដែលបានធ្វើដំណើរមកពីប្រទេសកម្ពុជាបានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) របស់សហព័ន្ធខ្មែរកម្ពុជាក្រោមថាស្ត្រីខ្មែរក្រោមមួយចំនួនដែលបានភៀសខ្លួនមកនៅកម្ពុជាមិនសូវចេះអក្សរខ្មែរទេដែលធ្វើឲ្យពួកគាត់ពិបាកក្នុងការស្វែងរកការងារធ្វើនៅកម្ពុជា។
កញ្ញាស្រីណែតបានបន្ថែមថាក្មេងស្រីនិងប្រុសមិនបានចូលសាលារៀនដោយសារការចំណាយច្រើនហើយឪពុកម្តាយរបស់ពួកគេប្រកបអាជីវកម្មតូចតាចដូចជាលក់ដូរតាមរទេះជាដើម។ រីឯអ្នកដែលបានទៅរៀនសូត្រក៏រៀនមិនបានជ្រៅជ្រះដែរដោយសារតែបញ្ហាជីវភាពនេះ។
លោក ប៊ុន មុន្នី ប្រធានសមាគមមិត្តខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថាមានខ្មែរកម្ពុជាក្រោមចំនួនជាង១លាននាក់កំពុងរស់នៅប្រទេសកម្ពុជាក្នុងនោះពួកគេចំនួន៣៥% មិនទាន់មានឯកសារផ្លូវការដើម្បីធ្វើការងារនៅកម្ពុជាទេ។
លោក ប៊ុន មុន្នី បានថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថាអាជ្ញាធរកម្ពុជាក៏ពិបាកជួយសម្រួលដល់ខ្មែរក្រោមមួយចំនួនដោយសារអ្នកខ្លះមិនមានឯកសារដែលបញ្ជាក់ថាជាខ្មែរក្រោម។ រីឯអ្នកខ្លះទៀតជាជនពនេចរដោយស្នាក់នៅកន្លែងមិនទៀងទាត់។ ទន្ទឹមនឹងនោះដែរក៏មានការបង្កការលំបាកដោយអាជ្ញាធរដែរដោយសារពួកគេប្រកាន់និន្នាការនយោបាយ ដោយលោកអះអាងថាអាជ្ញាធរយល់ថាអ្នកទាំងនោះមាននិន្នាការនយោបាយមិនស្របនឹងគណបក្សកាន់អំណាច។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានរកឃើញថារដ្ឋាភិបាលវៀតណាមរឹតត្បិតការគោរពបដិបត្តិសាសនាដោយប្រើច្បាប់តឹងរ៉ឹង ការតម្រូវឲ្យចុះបញ្ចីនិងការតាមឃ្លាំមើលជាដើម។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣អង្គការ Human Rights Watch បានថ្លែងថាអាជ្ញាធរប៉ូលិសតាមឃ្លាំមើល យាយីរំខាន បំភិតបំភ័យនិងជួនកាលបង្ក្រាបលើក្រុមសាសនាដែលរដ្ឋចាត់ទុកថានៅក្រៅស្ថាប័នគ្រប់គ្រងរបស់ពួកគេក្នុងនោះមានក្រុមកាន់ព្រះពុទ្ធសាសនាមួយចំនួនផងដែរ។
របាយការណ៍នេះបានបន្ថែមថា៖ «អ្នកកាន់សាសនាឯករាជ្យត្រូវទទួលរងការរិះគន់ជាសាធារណៈ ការបង្ខំឱ្យបោះបង់ជំនឿ ការឃុំខ្លួន ការសួរចម្លើយ ការធ្វើទារុណកម្ម និងការជាប់ពន្ធនាគារ»៕