ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ខ្មែរក្រោម​មក​ដល់​អាមេរិក​ក្រោយ​ភៀសខ្លួន​ទៅ​ថៃ ​ពី​ការ​ធ្វើ​​ទុក្ខ​បុកម្នេញ​ពី​វៀតណាម


លោក​ ថាច់ ស៊ុង​ និង​សមាជិក​គ្រួសារ​បាន​មក​ដល់​ទីក្រុង Portland​ រដ្ឋ​ Oregon​ សហរដ្ឋ​អាមេរិក។ (រូបថត​ផ្តល់​ឱ្យ​ដោយ Nguyen Thi Thanh Tam)

ក្រោយពី​ភៀសខ្លួន​មក​កម្ពុជា​និង​បន្ត​ទៅ​ប្រទេស​ថៃជាច្រើន​ឆ្នាំ​កន្លង​មកនេះ ​លោក ថាច់ ស៊ុង ​និង​ក្រុម​គ្រួសារ​ដែល​រងទុក្ខ​បុកម្នេញ​ដោយ​អាជ្ញាធរ​វៀតណាម​ដោយសារ​រឿង​តស៊ូ​មតិ​ដើម្បី​សេរីភាព​សាសនា​នៅ​ដែនដី​កំណើត​គឺ​ទឹកដី​ខ្មែរក្រោម ​ហើយនិង​ប្រឈម​ការ​លំបាក​ជាប់​គុក និង​គ្មាន​សេរីភាព​ដើរហើរ​នៅ​ក្នុង​ប្រទេស​ថែម​ទៀត​នោះ​ លោក​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​កាលពី​ដើម​ខែ​ធ្នូ​ដើម្បី​នឹង​ចាប់ផ្តើម​ជីវិត​ថ្មី​ដ៏​មាន​«សេរីភាព​»របស់​លោក​ក្នុង​ទឹកដី​ដែល​លោក​រំពឹង​ទុក​ជា​យូរ​មក​ហើយ។ នេះ​ជា​ការ​អះអាង​របស់​លោក​ ថាច់ ស៊ុង (Thach Soong) ប្រាប់​វីអូអេ ​ភាសា​វៀតណាមប៉ុន្មាន​ថ្ងៃ​ក្រោយ​លោក​បាន​មក​ដល់​ទីក្រុង ​Portland ​រដ្ឋ Oregon ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​ជម្រាប​បន្ថែម​ថា​ខ្លួន​ខ្ញុំ​ត្រូវ​អង្គការ​ UNHCR​ បញ្ជូន​មក​ប្រទេស​អាមេរិក​ហ្នឹង​គឺ​ខ្ញុំ​ហ្នឹង​ត្រូវ ផាក​ពិន័យ​របស់​ប្រទេស​ថៃ ​ផាក​ពិន័យ​ខ្ញុំ​ ដោយសារ​តែ​ខ្ញុំ​ចូល​ស្រុក​គេ​ខុសច្បាប់​អស់​រយ:ពេល ១៨ឆ្នាំ​ វា​យូរ​ពេក»។

លោក​ថា​ លោក​ត្រូវ​បង់ប្រាក់​ពិន័យ​អស់​ប្រមាណ​៤ពាន់​ដុល្លារ​ដែល​បាន​មកពី​ការ​ជួយ​ឧបត្ថម្ភ​ពី​ពលរដ្ឋ​ខ្មែរក្រោម​និង​សម្បុរសជន​មួយ​ចំនួន​ទៀត​តាម​អនឡាញ​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​មេធាវី​ មុន​នឹង​អាជ្ញាធរ​ថៃ​អនុញ្ញាត​ឱ្យ​លោក​ចេញ​ទៅ​សហរដ្ឋ​អាមេរិក។

លោក​ ថាច់ ស៊ុង​ និង​សមាជិក​គ្រួសារ​៨នាក់​បាន​មក​ដល់​ទីក្រុង Portland​ រដ្ឋ​ Oregon​ ក្រោយ​ពេល​លោក​បាន​ភៀសខ្លួន​ កាលពី​ឆ្នាំ​២០០១ ​ហើយ​មក​កាន់​ប្រទេស​កម្ពុជា​ និង ​ត្រូវ​ជាប់​គុក​អស់​មួយ​រយ:ពេល​ មុន​នឹង​ភៀសខ្លួន​បន្ត ​ទៅកាន់​ប្រទេស​ថៃ ​នៅឆ្នាំ២០០៤ ហើយ​ត្រូវ​អង្គការ​ជន​ភៀសខ្លួន​អង្គការ​សហប្រជាជាតិ​(UNHCR)​ទទួល​លោក​ក្នុង​ឋាន:​ជា​ជន​ភៀសខ្លួន​ កាលពី​ឆ្នាំ​២០១៤​ ហើយ​បញ្ជូន​លោក​ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី១​ ខែធ្នូ ​ឆ្នាំ​២០២២។

លោក​ ថាច់ ស៊ុង ​អាយុ​៦៣ឆ្នាំ​រស់នៅ​ស្រុក​អណ្តូងទឹក​ ខេត្ត​ឃ្លាំង ​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់ខ្លួន​ដាក់​ពន្ធនាគារ​អស់​មួយ​ខែ​ កាលពី​ទសវត្សរ៍​១៩៨០ ​រួច​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ បណ្ដោះអាសន្ន។ អាជ្ញាធរ​វៀតណាម​បាន​ហាមឃាត់​មិន​ឱ្យ​លោក​មាន​សិទ្ធិ​សេរីភាព​ទៅ​ណា​មកណា មិន​ឱ្យ​លោក​ទាក់ទង​នឹង​នរណា​និង​តាមដាន​លោក​ជាប់​ជាប្រចាំ​ដោយសារ​លោក​បាន​ដឹកនាំ​ពលរដ្ឋ​តវ៉ា​រឿង​សេរីភាព​សាសនា​នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​វៀតណាម។ លោក​គេចខ្លួនពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ក្នុង​ស្រុក​កំណើត​មុន​នឹង​សម្រេច​ចិត្ត​គេច​ចេញ​ពី​ប្រទេស​វៀតណាម។​

លោក ថាច់ ស៊ុង បន្ថែម​ថា៖ «ខ្ញុំ​មិន​អាច​នៅ​ក្នុង​ស្រុក​កំណើត​ខ្ញុំ​បាន​ទៀត ​អ៊ីចឹង​ខ្ញុំ​ត្រូវ​ភៀស​ខ្លួន»។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ដែល​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរក្រោម​ គង់​នៅ​វត្ត ​ខេមរារង្សី ​ទីក្រុង​ San Jose (សាន់ហូហ្ស៊េ) ​រដ្ឋ California (កាលីហ្វ័រញ៉ា) គឺ​ព្រះតេជគុណ ​សឺង យ៉ឹង រតនា ​(Son Yoeng Ratana)​ មាន​សង្ឃ​ដីកា​បញ្ជាក់​ប្រាប់​វីអូអេ ពី​ដំណើរ​មក​ដល់​របស់​លោក​ ថាច់ ស៊ុង ​និង​ក្រុម​គ្រួសារ​របស់​លោ​ថា៖

«លោក​ ថាច់ ស៊ុង​ និង​គ្រួសារ​ដែល​បាន​មកដល់​ទឹកដី​សហរដ្ឋ​អាមេរិក​ហ្នឹង​គឺ​តាម​រយ:​(អង្គការ) ជន​ភៀសខ្លួន​ដែល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​យក​លោក ​ថាច់ ស៊ុង​ក្នុងនាម​ជា​ជនភៀស​ខ្លួន​ពី ទីក្រុង​បាងកក​មក​សហរដ្ឋ​អាមេរិក​ដោយសារ​គាត់​ជា​ជន​ភៀសខ្លួន​ នៅ​ក្នុង​ទីក្រុង​បាងកក​ អស់ រយ:ពេល​ជា​យូរ​ឆ្នាំ​ហើយ»។


ព្រះតេជគុណ​បាន​បញ្ជាក់​ថា ​មាន​ជន​ភៀសខ្លួន​ខ្មែរក្រោម​ច្រើន​ដែល​បាន​រងការ​ធ្វើទុក្ខ​បុកម្នេញ ពី​អាជ្ញាធរ​វៀតណាម​ ដោយសារ​ការ​តស៊ូ​មតិ​រឿង​សិទ្ធិមនុស្ស​ សិទ្ធិ​សេរីភាព​សាសនា​ បញ្ហា​ដីធ្លី និង​ផ្ទះសម្បែង​ជាដើម​ ហើយ​ត្រូវ​បង្ក្រាប​ដោយ​អាជ្ញាធរ​វៀតណាម។ ក្រុម​ជនភៀសខ្លួន​ជាច្រើន ដែល​មាន​បញ្ហា​ទាំងនោះ​បាន​រត់​ភៀស​ខ្លួន​ពី​ទឹកដី​កំណើត​មកកាន់​ប្រទេស​កម្ពុជា​និង​ចុង​ក្រោយ ប្រទេស​ថៃ​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោណ​នៅ​ទឹកដី​ឬ​ប្រទេស​ទី៣​ដែល​មាន​ សេរីភាព​ដូចជា សហរដ្ឋ​អាមេរិក​ សហភាព​អឺរ៉ុប​ជាដើម។

ព្រះតេជគុណ​បញ្ជាក់​ថា៖ «ក្នុងនាម​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​ដែល​តស៊ូ​មតិលើ​ឆាក​អន្តរជាតិ​ដើម្បី​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​ជូន​ចំពោះ​ពលរដ្ឋ​ខ្មែរកម្ពុជា​ក្រោម​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​ហ្នឹង​គឺ​សូម​អំពាវនាវ​ដល់សហគមន៍​អន្តរជាតិ​ ជាពិសេស​អង្គការ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៅ​ក្នុង​ទីក្រុង​បាងកក​ក្តី​និង​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ក្តី​ឬក៏​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប​គឺ​ជួយ​អន្តរាគមន៍​ជួយ​យក​ជន​ភៀសខ្លួន​ខ្មែរក្រោម​ដែល​រស់នៅ​ទីក្រុង​បាងកក​ហ្នឹង​ចេញ​មក​រស់នៅ​ក្នុង​ប្រទេស​មាន​សេរីភាព​ព្រោះថា​ពួកគាត់​មិន​អាច​ត្រឡប់​ទៅ​នៅ​ទឹកដី​កម្ពុជា​ក្រោម​វិញ​បាន​ឬក៏​ជនភៀស​ខ្មែរ​ក្រោម​មួយ​ចំនួន​រត់​ទៅ​នៅ​ប្រទេស​ខ្មែរ​ហើយ​រត់​មក​នៅ​ប្រទេស​ថៃ​ហ្នឹង​មិន​អាច​វិលត្រឡប់​ទៅ​វិញ​បាន​ទេ»។

​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​ ២០៥​នាក់ ​មាន​ក្មេង​ ចាស់ ​ប្រុស ​ស្រី​ កំពុង​រស់នៅ​ក្នុង​កន្លែង​សុវត្ថិភាព​មួយ​ក្នុង​ប្រទេស​ថៃ​ ក្រោយពី​បាន​ភៀសខ្លួន​ពី​វៀតណាម​មក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ពី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន។ នេះ​បើ​តាម​មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ដែល​បាន​បញ្ជាក់​ប្រាប់​វីអូអេ។

លោក​ Phil Robertson​ នាយករង​នៃ​អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch​ ប្រចាំ​នៅ​ប្រទេស​ថៃ ​បាន​សាទរ​ចំពោះ​លោក​ ថាច់ ស៊ុង​ និង​ក្រុម​គ្រួសារ​របស់​លោក ​ដែល​បាន​ទៅ​ដល់​ប្រទេស​មាន​សុវត្ថិភាព​គឺ​សហរដ្ឋ​អាមេរិក​ដែលលោក​ចាត់​ទុក​ថា​ជា​ដំណឹង​ល្អ​ ក្រោយ​ពី​លោក​និង​ក្រុម​គ្រួសារ​បាន​តស៊ូ ​អត់ធ្មត់​អស់​រយ:​ពេលជា​ច្រើន​ឆ្នាំ។

លោក​ Robertson បញ្ជាក់​ថា៖ «លោក​បាន​ប្រឈម​នឹង​ដំណាក់កាល​លំបាក​យូរ​ជាមួយ​និង​បញ្ហា​ប្រឈម​និង​បរាជ័យ​ជាច្រើន។ រឿង​ទាំងនេះ​គឺជា​ការ​បង្ហាញ​ពី​ការ​លំបាក​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ជា​ជន​ភៀសខ្លួន​ និង ​អនុញ្ញាត​ឱ្យ​មាន​ការ​ស្វែងរក​ការ​គាំពារ​ពី​ប្រទេស​ទី៣។ ក្នុង​ឆ្នាំ​ថ្មីៗ​នេះ​រដ្ឋាភិបាល​ថៃ​បាន​បង្កើន​ឧបសគ្គ​ខ្លាំង​ឡើង​ចំពោះ​អ្នក​ស្វះស្វែង​រក​សិទ្ធិ​ជ្រក​កោណ ​និង​ជន​ភៀស​ខ្លួន។ និន្នាការ​ថ្មី​នេះ​ ឆ្លុះ​បញ្ចាំង​ពីក្តី​បារម្ភ​យ៉ាង​ខ្លាំង​ ពី​កំណើន​ទំនាក់ទំនង​និង​កិច្ចសហការ​រវាង​វៀតណាម ​កម្ពុជា ​និង​រដ្ឋាភិបាល​ថៃ ដែល​កាន់តែ​ធ្វើ​ឱ្យ​លំបាក​ដល់​សកម្មជន​ខ្មែរក្រោម​ក្នុង​ប្រទេស​ថៃ​ដើម្បី​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព»។

លោក​ Phil Robertson​ បាន​ទទូច​ដល់​សហរដ្ឋ​អាមេរិក​ជួយ​ដល់​ស្ថានការណ៍​នេះ​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ថា៖ «សហរដ្ឋ​អាមេរិក​គួរតែ​បង្កើន​កិច្ច​ប្រឹងប្រែង​ទ្វេ​ឡើង​ដើម្បី​ជួយ​គាំទ្រ​ខ្មែរក្រោម​ ដែល​នៅ​បន្ត​រង​ការ​រើសអើង​ជាតិ​សាសន៍​និង​សាសនា​ពី​អាជ្ញាធរ​វៀតណាម​ នៅ​ភាគ​ខាងត្បូង។ សហរដ្ឋ​អាមេរិក គួរតែ​ចាត់​វិធានការ​ថែម​ទៀត​ក្នុង​ការ​ធានា​ឱ្យ​បាន​រួសរាន់​ថា​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ក្នុង​ប្រទេស​ថៃ​ដែលចង់​ឃើញ​អង្គការ​ UNHCR ​ផ្តល់​សិទ្ធិ​ជនភៀសខ្លួន​ដល់​ពួក​គេ​ អាច​សម្រេច​បាន​យ៉ាង​ឆាប់​រហ័ស ​ហើយ​សំណុំ​រឿង​របស់​ពួកគេ​ឆាប់​ទទួល​បាន​ការ​ពិចារណា​ភ្លាមៗ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ»។

អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch ​បាន​ចាត់ទុក​វៀតណាម​ថា ជា​ប្រទេស​មួយ​មាន​ការ រំលោភ​សិទ្ធិមនុស្ស​និង​សេរីភាព​នានា​ធ្ងន់ធ្ងរ​ក្នុង​តំបន់។

នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០២២ របស់​ខ្លួន​អង្គការ​ Human Rights Watch ​បាន​និយាយ​ថា វៀតណាម​ជា​ប្រទេស​មានការ​គាប​សង្កត់​ជា​ប្រព័ន្ធ​ទៅលើ​សិទ្ធិពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ជា​មូលដ្ឋាន។ រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​តាម​បែប​ឯកបក្ស​នៃ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​បាន​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ​ សេរីភាព​នៃ​ការ​ជួបជុំ សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ សេរីភាព​ដើរ​ហើរ​និង​សេរីភាព​សាសនា​យ៉ាង​ធ្ងន់ធ្ងរ។ រដ្ឋាភិបាល​វៀតណាម​តែងតែ​បដិសេធ​ការ​ចោទ​ប្រកាន់ទាំងនេះ៕

XS
SM
MD
LG