ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​កំណត់​យុទ្ធសាស្ត្រ​៤​ឆ្នាំ​ថ្មី​ក្នុង​ការទាមទារ​សិទ្ធិស្វ័យ​សម្រេច​


លោក Ralp J. Bunche ​អគ្គលេខាធិការ​នៃ​អង្គការ​​UNPO ថ្លែងទៅកាន់មហាសន្និបាតនៃសហព័ន្ធខ្មែរកម្ពុជាក្រោម​ កាលពីថ្ងៃសៅរ៍ទី ៨ ខែឧសភា ​អំពីការតស៊ូទាមទារ​សិទ្ធិស្វ័យសម្រេចរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។ (ម៉ែន គឺមសេង/វីអូអេ)

សកម្មជន​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​កំណត់​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​រយៈពេល​៤​ឆ្នាំខាង​មុខ​ដោយ​ផ្តោត​លើ​សកម្មភាព​ពង្រឹង​ការទូត​នៅ​ឆាក​អន្តរជាតិ​និង​ពង្រឹង​សមត្ថភាព​សហគមន៍​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ជនជាតិ​ដើម​ខ្មែរ​ដែល​រស់នៅ​ដែនដី​កម្ពុជា​ក្រោម។

ការកំណត់​គោលដៅ​នេះ​ធ្វើ​ឡើង​នៅ​ក្នុងមហាសន្និបាត​លើកទី១១​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រយៈពេល​៣​ថ្ងៃ​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង ​Philadelphia ​រដ្ឋ​ Pennsylvania ​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅនេះ។

លោក ​ប្រាក់​ សេរីវុឌ្ឍ​ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ថ្លែង​ថា​សហព័ន្ធ​បាន​ដាក់​ចេញ​នូវ​ផែនការ​ចំនួន​៦​ចំណុច​ដែលក្នុង​នោះ​មាន​ការលើក​កម្ពស់​និង​ការពារ​ផលប្រយោជន៍​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​ទឹកដី​កម្ពុជា​ក្រោម ​ធ្វើ​សកម្មភាព​ការទូត​នៅ​លើ​ឆាក​អន្តរជាតិ​ អប់រំ​ពលរដ្ឋ​ខ្មែរ​ក្រោម​ឲ្យ​យល់ដឹង​ពី​សិទ្ធិ​របស់​ពួកគេ​ក្នុង​នាម​ជាម្ចាស់ដើម​នៃ​ប្រទេស​ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ទទួលស្គាល់​សិទ្ធិ​របស់​ពលរដ្ឋ​ជនជាតិ​ដើម។

លោក​ ប្រាក់​ សេរីវុឌ្ឍ​ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ (ម៉ែន គឹមសេង/វីអូអេ)
លោក​ ប្រាក់​ សេរីវុឌ្ឍ​ ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ (ម៉ែន គឹមសេង/វីអូអេ)

លោក​ប្រាក់ សេរីវុឌ្ឍ​បាន​បញ្ជាក់​បន្ថែម​ពី​សារៈសំខាន់​នៃ​ការតស៊ូ​នៅ​ឆាក​អន្តរជាតិ​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាស​កាលពី​ថ្ងៃ​អាទិត្យ​ថា៖​ «យើង​នឹង​ខំ​បន្តការសុំណាត់​ជួបជាមួយ​នឹង​រដ្ឋាភិបាល​បរទេស​ធំៗ​ដែល​ជា​ម្ចាស់​ជំនួយ​សេដ្ឋកិច្ចទៅ​ប្រទេស​វៀតណាម​ឲ្យ​គេ​យក​លក្ខខណ្ឌក្នុង​ជំនួយ​ទៅ​តវ៉ារដ្ឋាភិបាល​យួន​ពីព្រោះ​នៅ​ក្នុង​មួយ​ឆ្នាំ​គេ​ត្រូវ​ជួប​រដ្ឋាភិបាល​យួន​ម្តង... អ៊ីចឹង​ទៅ​ពេល​ដែល​គេ​យក​ទៅ​សើរើ​លក្ខន្តិកៈ​ឡើងវិញ​ ភាគច្រើនរដ្ឋាភិបាល​យួន​ច្រើន​តែ​កុហក​ថា​កិច្ចការនេះ​ធម្មតា​ទេ អត់​មាន​បញ្ហា​យើង​យក​ចំណុច​នេះ​ទៅ​ប្រាប់​អង្គការ​សហប្រជាជាតិ​ទៅ​ប្រាប់​រដ្ឋាភិបាល​ផ្សេងៗ​គេ​ឆ្កឹះ​សួរ​យួន​ហើយ​អ៊ីចឹងយួន​មិន​ហ៊ាន​ធ្វើទុក្ខ​យើង​ខ្លាំង​ទេ»។

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ប៉ាន់ស្មាន​ថា​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​ជាង​៧​ លាន​នាក់​ កំពុងរស់​នៅ​ក្នុង​ទឹកដី​ដូនតា​ដែល​បច្ចុប្បន្ន​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម ។ នៅ​ប្រទេស​កម្ពុជា​ ខ្មែរក្រោម​មានចំនួន​ ១,២ លាន​នាក់ ។ ក្រៅពីនោះ​ នៅ​ជុំវិញ​ពិភពលោក​មាន​ចំនួន​ប្រហែល​៤០.០០០​នាក់ ដែលភាគច្រើន​គឺ​រស់នៅ​សហរដ្ឋ​អាមេរិក​ ដែល​មាន​ចំនួន​រហូត​ដល់​ជាង​ ៣០.០០០ ​នាក់ ។ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​ បាន​វាយ​តម្លៃ​ថា ​ពលរដ្ឋ​វៀតណាម​ដើម​កំណើតខ្មែរ (ជា​ឈ្មោះ​ផ្លូវការ) ​មាន​ប្រហែល​តែ​ ១,៤ លាន​នាក់​តែប៉ុណ្ណោះ ។

ពលរដ្ឋ​ខ្មែរ​ក្រោម​ភាគច្រើន​កាន់​ព្រះពុទ្ធសាសនា​នីកាយ​ថេរវាទ ​និង​និយាយ​ភាសា​ខ្មែរ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។ មានវត្តចំនួន ​៥៦០ ស្ថិតនៅ​ក្នុង​ដែន​ដី​កម្ពុជា​ក្រោម​ ហើយ​សកម្មជន​បានសាងសង់​វត្ត​ថ្មី នៅ​ទូទាំង​ពិភព​លោក​ដែលសរុប​ទាំងអស់​ចំនួន​ ៤០ ​ទៀត។

បច្ចុប្បន្ន​ខ្មែរ​ក្រោម​រងការរំលោភ​បំពាន​ផ្នែកសិទ្ធិមនុស្ស ​ដែល​ប៉ះពាល់​ដីស្រែចម្ការ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខាងផ្នែក​សាសនា​ កង្វះ​ការសិក្សា​ភាសា​ខ្មែរឱ្យ​បាន​ទូលំទូលាយ​ គ្មានសិទ្ធិ​សេរីភាព​ក្នុងការ​និយាយ​ស្តី ​ផលប៉ះពាល់ខាងផ្នែកបរិស្ថាន​លើ​ជីវភាព​រស់​នៅនិង​ត្រូវ​ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស​ ដើម្បី​ស្វែងរកការងារធ្វើ​ ហើយ​អ្នកខ្លះ​ក៏ត្រូវ​រត់ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស ​ដើម្បី​គេចចេញ​ពី​ការធ្វើ​ទុក្ខ​បុកម្នេញ​ទាំងនោះ ។

បច្ចុប្បន្ន​នេះ​សកម្មជន​សិទ្ធិ​ពលរដ្ឋ​កម្ពុជា​ក្រោម​ផ្តោត​ការតវ៉ា​របស់​ពួកគេ​ជាចម្បង​លើ​ការទាមទារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​និង​សិទ្ធិស្វ័យ​សម្រេច​លើ​ជោគវាសនា​របស់​ខ្លួន​នៅ​លើ​ទឹកដី​កំណើត។ សហព័ន្ធ​កំពុង​ធ្វើការ​ជាមួយ​នឹង​អង្គការ​ប្រជាជាតិ​និង​ពលរដ្ឋ​គ្មាន​តំណាង​(UNPO)​ក្នុង​ការតស៊ូ​នេះ។

លោក Ralp J. Bunche ​អគ្គលេខាធិការ​នៃ​អង្គការ UNPO ​បាន​ថ្លែង​ប្រាប់​មហាសន្និបាត​ថា៖​ «យើង​បាន​ព្យាយាម​ក្នុង​រយៈពេល​៣ ​ឆ្នាំ​កន្លះ​ចុងក្រោយ​នេះ ​ចាប់តាំងពី​ខ្ញុំ​បាន​ធ្វើការ​នៅ​អង្គការ​ UNPO​ ជាពិសេស​ដើម្បី​ដាក់​ចេញ​នូវ​ប្រព័ន្ធ ​និង​រចនាសម្ព័ន្ធ​ដើម្បី​បញ្ជាក់​ថា​រដ្ឋាភិបាល​វៀតណាម​ បដិសេធ​សិទ្ធិ​ផ្ទៃក្នុង​ក្នុង​ការសម្រេចចិត្ត​ដោយខ្លួនឯង​របស់​ ប្រជា​ពលរដ្ឋ​ខ្មែរក្រោម។ យើង​កំពុង​ព្យាយាម​ដើម្បី​ទទួល​បាន​ការទទួលស្គាល់​នោះ​ពី​យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ ជាពិសេស​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ពី​សហភាព​អឺរ៉ុប​ដើម្បី​ទទួលបាន​ការទទួលស្គាល់​ថា​ពិត​ជា​មាន​ការបដិសេធ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរក្រោម»។

លោក Ralp J. Bunche ​អគ្គលេខាធិការ​នៃ​អង្គការ UNPO។ (ម៉ែន គឹមសេង/វីអូអេ)
លោក Ralp J. Bunche ​អគ្គលេខាធិការ​នៃ​អង្គការ UNPO។ (ម៉ែន គឹមសេង/វីអូអេ)

លោក Ralp J. Bunche ​បន្ថែម​ថា​បន្ទាប់​ពី​នោះ​គឺ​នឹង​នាំ​យក​យក​ការបដិសេធ​នោះ​ ដែល​និង​អន្តរជាតិ​បាន​ដឹង​ឮ​ទៅកាន់​អង្គការ​សហប្រជាជាតិ​ហើយ​ជំរុញ​ឱ្យ​មាន​ដំណាក់កាល​បន្ទាប់​នៃ​ការសម្រេចចិត្ត​ដោយ​ខ្លួនឯង​សម្រាប់​ប្រជាជន​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ការមាន​ជម្រើស​ក្នុង​ការបញ្ចេញ​មតិ​ពិតប្រាកដ​ថា​ចង់​មាន​ស្ថានភាព​យ៉ាងណា​ទៀត។

លោក Joshua Cooper ​សកម្មជន​សិទ្ធិមនុស្ស​អន្តរជាតិ​និង​ជាទីប្រឹក្សា​ជាន់ខ្ពស់​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោមយល់​ថា​យន្តការ​ច្បាប់​មាន​ជាច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រើប្រាស់​បាន​ក្នុង​ការតស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព​ក្នុង​នោះ​មាន​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ដែល​បញ្ជាក់​ពី​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការទទួល​បាន​ការអភិវឌ្ឍ​និង​ការពារ​បរិស្ថាន​របស់​ពួកគេ។

លោក ​Joshua Cooper បាន​ថ្លែង​បន្ថែម​ប្រាប់​វីអូអេថា៖ «អ្វីដែល​ប្រជា​ពលរដ្ឋ​ខ្មែរក្រោមទាមទារ​គឺ​សិទ្ធិ​សេរីភាព​សាសនា ​សេរីភាព​ជំនឿ ​សេរីភាព​ក្នុង​ការធ្វើការ​សម្រេចចិត្ត​អំពី​អនាគត​សេដ្ឋកិច្ច​សង្គមកិច្ច​ និង​វប្បធម៌​របស់​ពួកគេ​។ ដូច្នេះ​រឿង​សំខាន់​បំផុត​មួយ​ដែល​អាច​ធ្វើ​បាន​ជំនួស​ឱ្យ​ការបារម្ភ​គឺ​តាមពិត​ទៅ​[រដ្ឋាភិបាល​វៀតណាម] ​ត្រូវ​ធ្វើការ​ជាមួយ ​និង​កសាង​ស្ពានមេត្រី​នេះ​ ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា ​សិទ្ធិមនុស្ស​ទាំងនោះ​ត្រូវបាន​សម្រេច​បាន​ និង​លែង​ត្រូវ​បាន​រំលោភ​ ហើយ​បន្ទាប់មក​អ្នក​នឹង​អាច​ឃើញ​ថា​មាន​ការរួមចំណែក​ជាវិជ្ជមាន​របស់​សហគមន៍មិនត្រឹមតែ​ដល់​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្រាប់​ពិភពលោក​ទាំងមូល»។

លោក Joshua Cooper ​ សកម្មជន​សិទ្ធិមនុស្ស​អន្តរជាតិ​និង​ជាទីប្រឹក្សា​ជាន់ខ្ពស់​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា។ (ម៉ែន គឹមសេង/វីអូអេ)
លោក Joshua Cooper ​ សកម្មជន​សិទ្ធិមនុស្ស​អន្តរជាតិ​និង​ជាទីប្រឹក្សា​ជាន់ខ្ពស់​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា។ (ម៉ែន គឹមសេង/វីអូអេ)

លោក Cooper ​បាន​បន្ថែម​ថា​ការងារ​បន្ថែម​ទៀត​ដែល​សហព័ន្ធ​ត្រូវ​ផ្តោត​គឺ​លើ​បញ្ហា​សិទ្ធិ​កុមារ​ និង​ការប៉ុនប៉ង​របស់​រដ្ឋាភិបាល​វៀតណាម​ដែល​ចង់​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជា​ជាតិ​ដែល​អ្នកតស៊ូ​មតិ​ត្រូវ​បន្ត​ដាក់​សម្ពាធ​វៀតណាម​មិន​អាច​ចូល​បាន​ដោយ​សារតែ​ប្រវត្តិ​មិនគោរព​សិទ្ធិពលរដ្ឋ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ជាពិសេស​នៅ​ពេល​ចុងក្រោយ​នេះ​គឺ​ជំហរ​រដ្ឋាភិបាល​វៀតណាម​គាំទ្រ​រុស្ស៊ី​ឲ្យ​បន្ត​នៅ​ក្នុង​ក្រុមប្រឹក្សា​នេះ​បើទោះជា​បាន​រំលោភ​បំពាន​សិទ្ធិពលរដ្ឋ​អ៊ុយក្រែន។

មហាសន្និបាត​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ធ្វើ​ឡើង​ជារៀងរាល់​៤ឆ្នាំ​ម្តងក៏​បាន​ជ្រើសរើស​គណៈកម្មាធិការ​នាយក​ជាថ្មី​ឡើងវិញ​ដោយ​បាន​បញ្ចូល​សមាសភាព​ថ្នាក់ដឹកនាំ​ថ្មី​ខ្លះ។

លោកទៀ ថេន ​ដែល​ជា​សមាជិក​គណៈកម្មាធិការ​នាយក​ថ្មី​និង​ត្រូវ​បាន​ជ្រើសរើស​ជា​លេខាធិការ​សហព័ន្ធ​បាន​ថ្លែង​ថា៖​ «ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ក្នុង​ជីវិត​ចុងក្រោយ​របស់​ខ្ញុំ​នេះ​បាន​ចូល​មក​បម្រើ​ជាតិ​សាសន៍​ខ្មែរ​ក្រោម​ដោយ​ពេញ​ម៉ោង​ពេញ​ពេល​តែម្តង»។

លោក ទៀ ថេន ​សមាជិក​គណៈកម្មាធិការ​នាយក​ និង​ជាលេខាធិការ​សហព័ន្ធ។ (ម៉ែន គឹមសេង/វីអូអេ)​
លោក ទៀ ថេន ​សមាជិក​គណៈកម្មាធិការ​នាយក​ និង​ជាលេខាធិការ​សហព័ន្ធ។ (ម៉ែន គឹមសេង/វីអូអេ)​

លោក ទៀ ថេន ​ដែល​ធ្លាប់​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ជាយូរ​ឆ្នាំ​បាន​ថ្លែង​បន្ថែម​ថា​មាន​កិច្ចការ​ជាច្រើន​ដែលមហាសន្និបាត​បាន​ពិភាក្សា​ហើយ​សហព័ន្ធ​យកចិត្តទុកដាក់​ដោះស្រាយ៖ «ជា​ការពិត​យើង​នៅ​តែ​បន្ត​មាន​ការ​បំភិត​បំភ័យ​ ការរំលោភ​បំពាន​ពី​អាជ្ញាធរ​ពី​ស្ថាប័ន​រដ្ឋាភិបាល​ទាំង​ផ្នែក​ប្រពៃណី​វប្បធម៌​ទាំងផ្នែក​ដីធ្លី​ទាំងផ្នែក​សតិ​អារម្មណ៍​ទាំងផ្នែក​អនុវត្ត​នូវ​ព្រះពុទ្ធសាសនានិង​កិច្ចការ​ជាទូទៅ​រួមទាំង​ផ្នែក​ពលកម្ម​គឺ​ថា​កម្រិត​ម៉ោង​ពលកម្ម​របស់​ប្រជាពលរដ្ឋ​យើង​ហ្នឹង​គឺ​ថា​មិន​ស៊ីសង្វាក់​គ្នា​ ចំណេះ​វិជ្ជា​ដែល​ត្រូវ​ទទួល​តាម​បៀវត្សរ៍​នៅ​ក្នុង​កិច្ច​ការងារ​ហ្នឹង»។ ​

លោក ​ថាច់ ប្រីជាគឿន​ តំណាង​សំឡេង​យុវជន​ជំនាន់​ក្រោយ​ត្រូវ​បាន​ជ្រើសរើស​ចូល​ក្នុង​ថ្នាក់​ដឹកនាំ​បាន​ថ្លែង​ថា​លោក​«រំភើប​និង​រីករាយ»​ដែល​ត្រូវ​បាន​សមាជិក​ផ្តល់​ឱកាស​ឲ្យ​លោក​បាន​បម្រើ​ចលនា​តស៊ូ​ដើម្បី​សិទ្ធិពលរដ្ឋ​ខ្មែរក្រោម។

លោក​ ថាច់ ប្រីជាគឿន​ យល់​ថា​ពលរដ្ឋ​ខ្មែរ​ក្រោម​បច្ចុប្បន្ន​មាន​ការយល់​ដឹង​ពី​សិទ្ធិ​កាន់តែ​ច្រើន​ជាង​មុន​ដោយសារ​បណ្តាញ​សង្គម​និង​សកម្មភាព​តស៊ូ​មតិ​នៅ​ក្រៅ​ប្រទេស៖ «ខ្ញុំ​មើលឃើញ​ថា​បច្ចុប្បន្ន​ហ្នឹងប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​គាត់​មាន​សេចក្តី​ក្លាហាន។​ គាត់​ដឹង​ពីសិទ្ធិ​របស់​ខ្លួន​ហើយ​ក្នុង​ពេល​អនាគត​នឹង​មាន​ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​ទៀត​អាច​នៅ​ទូទាំង​ដែន​ដី​កម្ពុជា​ក្រោមអាច​នឹង​គាត់​ចេះ​ប្រើសិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​និង​ទាមទារ​សិទ្ធិ​ជាមូលដ្ឋាន​ពី​របប​អាណានិគម​យួន»។

លោក​ ថាច់ ប្រីជា​គឿន​ សមាជិក​គណៈកម្មាធិការ​នាយក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ (ម៉ែន គឹមសេង/វីអូអេ)
លោក​ ថាច់ ប្រីជា​គឿន​ សមាជិក​គណៈកម្មាធិការ​នាយក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ (ម៉ែន គឹមសេង/វីអូអេ)
អ្នកស្រី​ កៀង សុធី​ ​ប្រធាន​គណៈកម្មការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ (ម៉ែន គឹមសេង/វីអូអេ)​
អ្នកស្រី​ កៀង សុធី​ ​ប្រធាន​គណៈកម្មការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ (ម៉ែន គឹមសេង/វីអូអេ)​

អ្នកស្រី​ កៀង សុធី ​ដែល​ជា​ប្រធាន​គណៈកម្មការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ​បាន​ថ្លែង​ដែរថា​កន្លង​មក​យុវជន​បាន​ធ្វើការងារ​សកម្ម​នៅ​វេទិការ​អន្តរជាតិ​ជាច្រើន​ក្នុងនោះ​មាន​អង្គការ​សហ​ប្រជា​ជាតិ។

អ្នកស្រី​យល់​ថា​វា​មាន​សារៈសំខាន់​ដល់​ក្រុម​យុវជន៖ «ក្នុង​ការដែល​យើង​បាន​ជួបគ្នា​អ៊ីចឹង​គឺថា​យើង​ដូចថា​យើង​បាន​ស្គាល់​គ្នា​ដូចជា​បងប្អូន​ដូចជា​គ្រួសារ​មាន​ការទំនាក់​ទំនង​អ៊ីចឹង។ ដូច្នេះ​អ្វី​ដែល​យុវជន​ធ្វើ​គឺ​មិនមែន​ត្រឹមតែ​ជាសិទ្ធិ​ទេ​ប៉ុន្តែ​គឺ​យើង​រួបរួម​គ្រួសារ​ជួបគ្នា​ទៅវិញ​ទៅមក»។

អ្នកស្រី​កៀង សុធី​ក៏​បាន​លើក​ទឹកចិត្ត​ឲ្យ​មាតា​បីតា​ជួយ​ជំរុញ​លើកទឹកចិត្ត​កូនចៅ​ឲ្យ​ចូលរួម​បន្ត​ក្នុង​សកម្មភាព​សង្គម។ ការណ៍​នេះ​គឺ​ស្រប​នឹង​ផែនការ​របស់​សហព័ន្ធ​ក្នុង​ការ​ចុះ​ជួប​ជាមួយ​នឹង​សមាជិក​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ផងដែរ៕

XS
SM
MD
LG