ជនជាប់ចោទខៀវ សំផន ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតភ្លាមៗនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ខណៈដែលសាក្សីចាប់ផ្តើមនិយាយអំពីឧក្រិដ្ឋកម្មនៅគុកក្រាំងតាចាន់ ក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី២។
លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងបានប្រកាសថាជនជាប់ចោទអតីតប្រមុខរដ្ឋខ្មែរក្រហមអាយុ៨៣ឆ្នាំមានសម្ពាធឈាមឡើងខ្លាំងហើយដោយសារអវត្តមានជនជាប់ចោទលោកចៅក្រមក៏បានសម្រេចផ្អាកសវនាការដោយគ្រោងនឹងបន្តការកាត់ក្តីនៅថ្ងៃស្អែកទៀត។
«ពេទ្យប្រចាំការនៅអ.វ.ត.ក នេះបញ្ជាក់ថាលោកខៀវ សំផន មានអាការៈវិលមុខខ្លាំងហើយសម្ពាធឈាមឡើងខ្ពស់។ ហើយឥឡូវនេះគ្រូពេទ្យប្រចាំការនៅ អវតក សម្រេចបញ្ជូនទៅទទួលការពិនិត្យនិងព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត»។
ជនជាប់ចោទខៀវ សំផន គឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទតែពីរនាក់គត់ដែលជាអតីតមេដឹកនាំកំពូលខ្មែរក្រហមដែលកំពុងស្ថិតក្នុងរង្វង់ក្រចកសេះក្នុងសំណុំរឿង០០២។ គាត់មានជំងឺឡើងសម្ពាធឈាមជាប្រចាំហើយជួនកាលដោយសារជំងឺគួបផ្សំមួយចំនួនគាត់ត្រូវប្រើរយៈពេលយូរស្ថិតនៅក្នុងមន្ទីរពេទ្យទៀតផង។
ការកាត់ទោសនៅថ្ងៃនេះគឺជាការកាត់ទោសពេញអង្គសេចក្តីនៃសំណុំរឿង០០២វគ្គទី២ជាលើកដំបូងក្រោយក្រុមមេធាវីជនជាប់ចោទបានធ្វើពហិការជាបន្តបន្ទាប់ហើយធ្វើឲ្យដំណើរការក្តីអាក់ខាន។
ប៉ុន្តែលោកចៅក្រមនិល ណុន បានសម្រេចផ្អាកសវនាការទៅវិញក្រោយពីសាក្សីទី១លោកមាស សុខា ឡើងផ្តល់សក្ខីកម្មបានមួយកំណាត់ថ្ងៃ។
លោកមាស សុខា អាយុ៥៤ឆ្នាំគឺជាអតីតអ្នកទោសគុកក្រាំងតាចាន់ ស្រុកត្រាំកក់ ខេត្តតាកែវ នៅសម័យខ្មែរក្រហម។មានមនុស្សច្រើនជាង១៥០០០នាក់ត្រូវសម្លាប់នៅទីនេះ។
លោកមាស សុខា រៀបរាប់ថាសមាជិកគ្រួសាររបស់លោកចំនួន១២នាក់ត្រូវពួកខ្មែរក្រហមចាប់ដាក់មន្ទីរឃុំឃាំងនេះបូករួមទាំងឱពុកម្តាយ របស់លោកបងៗរបស់លោកនិងក្មួយៗតូចៗដែលមានអាយុ៣ខែនិងបីឆ្នាំផង។
នៅក្នុងការកាត់ទោសព្រឹកមិញនេះសាលាដំបូងបានសម្រេចតែងតាំងមេធាវីរបស់តុលាការសម្រាប់ជនជាប់ចោទខៀវ សំផន សម្រាប់អ្វីដែលគេដឹងថាដើម្បីចៀសវាងភាពជាប់គាំងដោយសារការធ្វើពហិការរបស់ក្រុមមេធាវីការពារអតីតប្រមុខរដ្ឋខ្មែរក្រហមរូបនេះ។ ក៏ប៉ុន្តែក្រុមមេធាវីរបស់ខៀវ សំផន បានច្រានជំទាស់ការតែងតាំងនេះ។
ដោយឡែកខៀវ សំផន បានហៅការតែងតាំងនេះថាជាការដាក់សម្ពាធលើក្រុមការពារក្តីរបស់លោកហើយលោកមិនទទួលស្គាល់មេធាវីដែលតែងតាំងដោយតុលាការនោះទេ។
នៅក្នុងការកាត់ទោសនៅថ្ងៃនេះដែរ នួន ជា អតីតប្រធានសភាខ្មែរក្រហមមិនមានវត្តមានក្នុងបន្ទប់ជំនុំជម្រះទេ។ ដោយសារតែបញ្ហាសុខភាពជនជាប់ចោទអាយុ៨៨ឆ្នាំរូបនេះតាមដានការកាត់ទោសតាមរយៈការភ្ជាប់វីដេអូទៅកាន់បន្ទប់រង់ចាំ៕