ខៀវ សំផន​ឆ្លើយ​ថា​មិន​ដឹង​ពី​ការ​កាប់​សម្លាប់​ហើយ​ចោទ​សួរ​ពី​តួនាទី​លោក​ហ៊ុន​ សែន

  • ​គង់ ​សុឋានរិទ្ធ

លោក​ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម។

នៅ​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ព្រមាន​ចំពោះ​គណបក្ស​ជំទាស់​ថា​គណបក្ស​នេះ​អាច​នឹង​នាំ​របប​ខ្មែរក្រហម​ឲ្យ​កើត​មាននៅ​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្តងទៀត ​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ​លោក​ខៀវ សំផន បាន​ចោទ​សួរ​ពី​ការទទួល​ខុសត្រូវ​របស់​លោក​ចំពោះ​របប​កាប់​សម្លាប់​នោះ។

«លោក​ហ៊ុន សែន ​តើ​លោក​ទទួលខុសត្រូវ​នឹង​អំពើ​របស់​ខ្មែរក្រហម​ទេ?»

សេចក្តី​ថ្លែងការណ៍​រប​ស់​ខៀវ សំផន ​ធ្វើ​ឡើង​នៅក្នុង​សវនាការ​តទល់​ជាមួយ​ដើម​បណ្តឹង​រដ្ឋប្បវេណី​កាលពី​ថ្ងៃ​ច័ន្ទ​ទី២៧​ខែ​ឧសភា។

ជនជាប់ចោទ​ដដែល​បាន​បដិសេធ​ថា​ខ្លួន​មិនមែនជា​ខ្មែរ​ក្រហម​នោះ​ទេ។ ជាមួយ​គ្នា​នោះ​ខៀវ សំផន ​ប្រៀបធៀប​ការ​ទទួលខុសត្រូវ​រប​ស់​ខ្លួន​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

«ខ្មែរក្រហម​គឺ​មិនមែន​ជា​ខ្ញុំ​ទេ ​ហើយ​ខ្ញុំ​ក៏​មិន​អាច​ទទួលខុសត្រូវ​អំពើ​គេ​ចោទ​នោះដែរ។ ខ្ញុំ​យក​ឧទាហរណ៍​ដូចជា​លោក ហ៊ុន សែន ​ជាដើម។ ខ្ញុំ​ក៏​រឹត​មិន​ដូច​លោក​ហ៊ុន សែន ​ទៅទៀត។ខ្ញុំ​អត់​ដឹង​អ្វី​ទាំង​អស់។ អ្វីៗ​ដែល​កើត​មាន​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ១៩៧៥ ​ទៅដល់​ឆ្នាំ១៩៧៩»។

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម​ខោអាវ​ខ្មៅ ​បាន​បង្ក​ឲ្យ​មាន​ការ​ស្លាប់​និង​ការ​កាប់​សម្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាងតិច១,៧លាន​នាក់​ចន្លោះ​ពី​ឆ្នាំ១៩៧៥​ដល់​ឆ្នាំ​១៩៧៩។

តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ចោទសួរ​ខៀវ សំផន ​អំពី​មូលហេតុ​នៃ​ការ​កាប់​សម្លាប់​ប្រជាជន​ខ្មែរ​ដូចគ្នា អំពី​មូលហេតុ​នៃ​ការ​បង្អត់​អាហារ ការ​ហាម​ប្រាម​ប្រជាពលរដ្ឋ​មិន​ឲ្យ​បេះ​កសិផល​នៅ​ជុំវិញ​ផ្ទះ​របស់​ពួកគេ​និង​ការ​លុប​បំបាត់​សាលារៀន​ជាដើម។

ខៀវ សំផន បាន​ឆ្លើយ​មួយ​សំណួរ​ម្តងៗ​ថា​ខ្លួន​មិន​ដឹង​ពី​ការ​បង្អត់​អាហារ​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ ហើយ​ថា​កម្មាភិបាល​ខ្មែរក្រហម​ក៏​មិនមាន​របប​អាហារ​ហូរហៀរ​នោះដែរ។

អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ដដែល​អះអាង​ថា​ខ្លួន​មិនដឹង​ពី​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ប៉ុន្តែ​ថា​បានដឹង​ពី​ការ​បំបិទ​សាលារៀន​ដោយសារ​តែ​ខ្មែរក្រហម​ចង់​ឲ្យ​ពលរដ្ឋ​មាន​កម្រិត​លត់​ដំ​ស្មើគ្នា​ចាប់​ពី​កុមារភាព​គឺ​ត្រូវ​រៀន​បណ្តើរ ​ធ្វើ​ការ​បណ្តើរ៕