ភ្នំពេញ៖ លោកឈូក រីន ដែលជាមេបញ្ជាការថ្នាក់កណ្តាលមួយរូបនៃកងទ័ពខ្មែរក្រហម បាននិយាយថា លោកបានរស់នៅក្រោមការភ័យខ្លាចនៅក្នុងរបបខ្មែរក្រហម។
ថ្លែងក្នុងការផ្តល់សក្ខីកម្មក្នុងសវនាការអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមនៅថ្ងៃអង្គារនេះ លោកបានបញ្ជាក់ថា លោកបានភ័យខ្លាចការចាប់ខ្លួនទៅសម្លាប់ចោល ក្រោយពីមិត្តភក្ត្រដែលលោកធ្លាប់បានស្គាល់គ្នាត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
«ខ្លាចមេដឹកនាំបក្សកុម្មុយនិស្តកម្ពុជាគឺមិនមែនខ្លាចតែនួន ជាទេ ពីព្រោះពេលហ្នឹង អ្នកទៅរៀនសូត្រនៅទីនោះឃើញមុខនួន ជានៅទីនោះដែរ។ អញ្ចឹងទាំងអស់គ្នាភ័យ។ ខ្លាចតែធ្វើអ្វីមួយខុស ព្រោះឃើញចាប់តែអ្នកទៅរៀនសូត្រ»។
លោកឈូក រីនរៀបរាប់ថា កម្មាភិបាលខ្មែរក្រហមត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ដែលធ្វើឲ្យលោកមិនហ៊ានប្រាស្រ័យទាក់ទងជាមួយមេបញ្ជាការយោធាផ្សេងដែលជាមិត្តភក្ត្រនោះទេ។
«ដូចតាស៊ាន ចៅហ្វាយស្រុកកំពង់ត្រាច នៅខេត្តកំពត តែដល់ពេលឲ្យមកដឹកនាំនៅខេត្តកណ្តាលឮថា ចាប់ខ្លួនបាត់។ ដូចកងចាដូរមកពីខេត្តកំពតទៅភូមិភាគឧត្តរស្រាប់តែឮថាចាប់កង ចាបទៀតហើយ។ រឿងខ្លាចគ្នានេះគឺខ្លាចពិតប្រាកដ ដោយសារយើងស្គាល់គ្នា ហើយគេចេះតែចាប់មនុស្សក្បែរៗគ្នាអញ្ចឹង។ ដូចខ្ញុំនៅអង្គរក្សតាមការពារមេៗ ដល់មេហ្នឹងគេចាប់ទៅ ភ័យណាស់។ ខ្លាចគេចាប់យើងថា យើងធ្លាប់ទៅការពារ»។
អតីតមេបញ្ជាការកងទ័ពខ្មែរក្រហមប្រចាំភ្នំវ័ល្លប្រកាសទម្លាក់កំហុសថា នួន ជា ជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើង។ ហើយលោកមាន«កំហឹង» ដោយសារតែនួន ជាមិនទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលបានកើតមានឡើង។
លោកឈូក រីន អាយុ៦០ឆ្នាំ ត្រូវសាលាឧទ្ធរណ៍ដាក់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០០៥ក្រោមបទចោទថា បានទទួលខុសត្រូវចំពោះការសម្លាប់ទេសចរបរទេសចំនួនបីនាក់ មានជនជាតិបារាំងឈ្មោះ Jean-Michel Braquet ជនជាតិអូស្ត្រាលី David Wilson និងជនជាតិអង់គ្លេស Mark Slater។ ទេសចរទាំងនេះត្រូវពួកខ្មែរក្រហមនៅតំបន់ឈរជើងដ៏រឹងមាំភ្នំវ័ល្លចាប់ជាចំណាប់ខ្មាំង ក្រោយពីស្ទាក់បាញ់ប្លន់រថភ្លើងនៅស្រុកកំពង់ត្រាច ខេត្តកំពត នៅខែកក្កដាឆ្នាំ១៩៩៤។ ការវាយប្រហារនោះបានបណ្តាលឲ្យជនស៊ីវិលចំនួន១៣នាក់ស្លាប់បាត់បង់ជីវិត។
ដោយអះអាថា ខៀវ សំផន ដែលជាជនជាប់ចោទម្នាក់នៅក្នុងចំណោមជនជាប់ចោទពីរនាក់ដែលនៅសល់ក្នុងសំណុំរឿង០០២ មិនមែនជាអ្នកទទួលខុសត្រូវនៃបក្សកុម្មុយនិស្តរបស់ខ្មែរក្រហមនោះទេ។
ហើយលោកបញ្ជាក់ថា បក្សនេះទទួលខុសត្រូវចំពោះសោដនាកម្មលើប្រជាពលរដ្ឋខ្មែរដែលបានស្លាប់យ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
កាលពីម្សិលមិញ លោកឈូក រីន ដែលពិការជើងម្ខាង បានបដិសេធមិនព្រមឆ្លើយនឹងសំណួរដេញដោលរបស់សហព្រះរាជអាជ្ញាទេ ហើយបានស្នើឲ្យតុលាការលើកពេលផ្តល់សក្ខីកម្មរបស់លោកដោយទាមទារឲ្យតុលាការជួយព្យាបាលរូបគាត់ ដែលកំពុងតែមានជំងឺជាប់ខ្លួន ជាពិសេសការឈឺក្បាលខ្លាំង និងឈឺក។
ក៏ប៉ុន្តែ ចាប់តាំងពីរសៀលម្សិលមិញ និងថ្ងៃនេះ ឈូក រីនបានប្តូរជំហរមកឆ្លើយតបនឹងសំណួរដេញដោលក្នុងសវនាការដូចធម្មតា។ ហើយគាត់បានបញ្ចប់ការផ្តល់សក្ខីកម្មនៅល្ងាចនេះ៕