ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខៀវ សំផន​សុំ​នៅ​ក្រៅ​ឃុំ​ដោយ​សារ​តុលាការ​ចំណាយ​ពេល​កាត់​ទោស​យូរ​ពេក

  • គង់ សុឋានរិទ្ធ

អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ខៀវ សំផន ដែល​ជិត​ដល់​វ័យ៨២ឆ្នាំ​ក្នុង​ប៉ុន្មាន​ខែ​ខា​មុខ​នេះ
ភ្នំពេញ៖ អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ខៀវ សំផន ​បានស្នើ​សុំ​នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​នេះ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ដោះលែង​ខ្លួន​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ដោយ​ធានា​អះអាង​ថា​នឹង​ត្រឡប់មក​ចូលរួម​ការកាត់ទោស​លើ​រូបគាត់​តាម​ការកោះហៅ​របស់​តុលាការ។

ជា​ជនជាប់ចោទ​ម្នាក់​ក្នុង​សំណុំរឿង​០០២​ដែល​កំពុងដំណើរការ​កាត់ទោស​ខៀវ សំផន​បាន​និយាយ​ក្នុង​សវនាការ​របស់​អង្គជំនុំ​ជម្រះ​សាលាដំបូង​ស្តីពី​សំណើ​សុំ​ដោះលែង​ជាបន្ទាន់​លើ​រូបគាត់​ថា​រូបគាត់​មិនមាន​លិខិត​ឆ្លងដែន​សម្រាប់ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ហើយ​គ្រួសារ​របស់គាត់​មិនមែនជា​គ្រួសារ​ធូ​ធារ​នោះដែរ។

ជនជាប់ចោទ​ដែល​ជិត​ដល់​វ័យ៨២ឆ្នាំ​ក្នុង​ប៉ុន្មាន​ខែ​ខា​មុខ​នេះ​បានបញ្ជាក់​ធានា​ថា​នឹង​បង្ហាញខ្លួន​រាល់​ដំណាក់កាល​កាត់ទោស​លើ​រូបគាត់​ទាំងអស់។

«បើសិនជា​ខ្ញុំ​បាន​ទៅ​នៅ​ជួបជុំ​គ្រួសារ​កូនចៅ​ខ្ញុំ​វិញ។ ខ្ញុំ​ជឿថា​កូន​ខ្ញុំ​អាច​រៃ​លុយ​គ្នា​ឲ្យ​ខ្ញុំ​ហូបបាយ​ហូប​ទឹក​ជាមួយ​គេ​ដូច​សព្វថ្ងៃ​អញ្ចឹង​ដែរ។ខ្ញុំ​ចង់​បន្ថែមទៀតថា​ខ្ញុំ​គោរព​លក្ខ​ខ​ណ្ឌ​ទាំងអស់​ដែល​តុលាការ​នឹងដាក់​ជូន។ ហើយ​ជាពិសេស​ធានាថា​នឹងមាន​វត្តមាន​ក្នុង​គ្រប់​សវនាការ​របស់​តុលាការ​រហូត​ចុងបញ្ចប់»។

សវនាការ​លើ​សំណើ​សុំ​ដោះលែង​ខៀវ សំផន ​ជា​បន្ទាន់​ធ្វើឡើង​បន្ទាប់ពី​សវនាការ​ស្តាប់​សក្ខីកម្ម​របស់​គ្រូ​ប្រដៅ​សាសនា​កាតូលិក ​ហ្វ្រ​ង់​ស័​រ ប៉ុង​ស្សូ ​បានបញ្ចប់​កាលពី​វេលា​ម៉ោង១២​ថ្ងៃត្រង់។

សហ​មេធាវី​របស់​ខៀវ សំផន ​លោក​អា​ទួ វែ​កេ​ន(Arthur Vercken) ​និយាយ​ថា​កូនក្តី​របស់​លោក​ស្ថិត​ក្នុង​ការ​ឃុំឃាំង​អស់​រយៈពេល​ប្រាំ​ឆ្នាំ​បួន​ខែ​មក​ហើយ​ហើយ​មិនដឹង​ពេលណា​ថា​ការកាត់ទោស​នឹង​ចប់​នោះ​ទេ។ ដូច្នេះ​លោក​ស្នើសុំ​ដោះលែង​កូនក្តី​របស់​លោក​ឲ្យ​នៅក្រៅ​ឃុំ។

«មិនមាន​ហេតុផល​សម្រាប់​ការឃុំខ្លួន​ជា​បណ្តោះ​អាសន្ន​ទៀត​ទេ។ លោក​អាចដាក់​ខៀវ សំផន ​ឲ្យ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ​ជាមួយ​នឹង​ការធានា​ថា​នឹង​មិន​បង្ក​ឲ្យ​មាន​ចលាចល​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​នៅ​កម្ពុជា​ជាមួយ​នឹង​ការធានា​ថា​លោក​ខៀវ សំផន ​នឹង​មាន​វត្តមាន​ក្នុង​សវនាការ​ដូចដែល​គាត់​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ»។

ក៏ប៉ុន្តែ​តំណាង​សហ​ព្រះរាជ​អា​ជ្ញា​លោក​ថា​រីក អាប់​ឌុល​ហាក់(Tarik Abdulhak)បាន​ជំទាស់​សំណើ​សុំ​ដោះលែង​ជនជាប់ចោទ​ខៀវ សំផន។

តំណាង​សហ​ព្រះរាជ​អា​ជ្ញា​សញ្ជាតិ​អូស្ត្រាលី​សំអាង​ថា​ការដោះលែង​នេះ​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​ភស្តុតាង​និង​សា​ក្សី​ក៏ដូចជា​ហានិភ័យ​សម្រាប់​សន្តិសុខ​ផ្ទាល់ខ្លួន​របស់គាត់​ដែរ​ដោយសារតែ​ជនជាប់ចោទ​អាចជា​គោលដៅ​វាយប្រហារ​ពីព្រោះ​ជនរងគ្រោះ​នៅតែ​មាន​កំហឹង​នឹង​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឡើយ។

មួយវិញ​ទៀត​លោក​ថា​រីក អាប់​ឌុល​ហាក់ ​លើកឡើង​បន្ថែម​ថា​ជនជាប់ចោទ​អាច​«គេ​ចវេស​ពី​ការចូលរួម​សវនាការ»​បាន។

យ៉ាងណា​ក៏​ដោយ​លោក​ចៅក្រម និល ណុន ​ប្រធាន​អង្គជំនុំ​ជម្រះ​សាលាដំបូង​មិនបាន​កំណត់​កាលបរិច្ឆេទ​សម្រេច​លើ​សំណើ​សុំ​នៅក្រៅ​ឃុំ​របស់​ខៀវ សំផន​នៅឡើយ​ទេ។

ខៀវ សំផន ​ត្រូវ​ចាប់ខ្លួន​នៅ​ខែវិច្ឆិកា​ឆ្នាំ២០០៧។ សព្វថ្ងៃ​គាត់​គឺជា​ជនជាប់ចោទ​ម្នាក់​ដែល​នៅមាន​សុខភាព​មាំទាំ​ជាងគេ​ក្នុង​សំណុំរឿង០០២។

ក្រៅពី​អៀង សារី ​អតីត​រដ្ឋមន្ត្រី​ការបរទេស​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី១៤ខែ​មិនា​និង​ប្រពន្ធ​របស់​គាត់​អៀង ធីរិទ្ធ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ដែល​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​កាលពី​ចុង​ឆ្នាំ២០១២​នោះ​ នួន ជា ​ដែល​ជា​ជនជាប់ចោទ​ម្នាក់​ទៀត​មិនមាន​សុខភាព​រឹងមាំ​នោះ​ទេ។
ជនជាប់ចោទ​អាយុ៨៦ឆ្នាំ​រូបនេះ​មិន​អាចមាន​វត្តមាន​ដោយផ្ទាល់​ក្នុង​បន្ទប់​កាត់ទោស​បាន​ទេ៕
XS
SM
MD
LG