នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បាននិយាយថា នៅក្នុងជំនួបរបស់លោកជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅថ្ងៃចន្ទនេះ លោកនឹងសង្កត់ធ្ងន់អំពីភាពចាំបាច់នៅក្នុងការមានដំណោះស្រាយនយោបាយសម្រាប់សង្គ្រាមអូសបន្លាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោក Khan ដែលកំពុងធ្វើដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ ថ្ងៃ នៅក្នុងសហរដ្ឋអាមេរិក ដើម្បីព្យាយាមដោះស្រាយចំណងទាក់ទងតឹងតែងទ្វេភាគី បានលើកឡើងដូចនេះទៅកាន់ពលរដ្ឋអាមេរិកាំង ដើមកំណើតប៉ាគីស្ថាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យម្សិលមិញ។ អស់រយៈពេលជាយូរមកហើយ លោកបានធ្វើយុទ្ធនាការប្រឆាំងនឹងការប្រើកម្លាំងយោធារបស់សហរដ្ឋអាមេរិកនៅក្នុងការដោះស្រាយជម្លោះ។
លោក Khan និយាយដូច្នេះថា៖ «ខ្ញុំមានមោទនភាពដែលឥឡូវនេះ ពិភពលោកទាំងមូលមិនគាំទ្រដំណោះស្រាយបែបយោធានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន»។
មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបាននិយាយថា លោក Trump នឹងជំរុញលោក Khan ឲ្យជួយនៅក្នុងដំណើរការសន្តិភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន និងលើកទឹកចិត្តឲ្យប៉ាគីស្ថានបង្ក្រាបពួកសកម្មប្រយុទ្ធនៅក្នុងប្រទេសរបស់ខ្លួន។
រដ្ឋាភិបាលប៉ាគីស្ថានបានរៀបចំការចរចាសន្តិភាពដោយផ្ទាល់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជាមួយនឹងពួកបះបោរតាលីបង់ ដែលកំពុងវាយប្រយុទ្ធជាមួយនឹងទាហានអាហ្វហ្គានីស្ថាន និងទាហានអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ការចរចារវាងសហរដ្ឋអាមេរិក និងពួកតាលីបង់អស់រយៈពេលជាច្រើនខែមកនេះ បានធ្វើឲ្យភាគីទាំងពីរឈានកាន់តែជិតទៅដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីបើកផ្លូវឲ្យមានការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕