កាលពីថ្ងៃអាទិត្យមេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់ បានរិះគន់យ៉ាងខ្លាំងដល់ស.រ.អ.ដោយលោកបានចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាបានបង្កើតរឿងមិនពិត ដែលគេនិយមជឿមួយអំពីការគម្រាមកំហែងនៃអាវុធបរមាណូរបស់ប្រទេសអ៊ីស្លាម។
Ayatollah Ali Khamenei ក៏បានសុំឲ្យមាន «ការប្រុងប្រៀបកិច្ចការពារខ្លួន»សម្រាប់កងយោធពលនៃប្រទេសអ៊ីរ៉ង់ បន្ទាប់ពីឧត្តមសេនីយ៍ជាន់ខ្ពស់ស.រ.អ.ម្នាក់បានព្រមានកាលពីសប្តាហ៍មុនអំពីសកម្មភាពយោធាប្រឆាំងនឹងកន្លែងបរមាណូនៃប្រទេសអ៊ីរ៉ង់។
កាលពីថ្ងៃសៅរ៍ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif បានបដិសេធកំណត់សម្គាល់ដោយលោកឧត្តមសេនីយ៍ Martin Dempsey។
ប្រធាននាយអគ្គសេនាធិការចម្រុះនៃកងយោធពលស.រ.អ.ដែលបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា «ជម្រើសយោធាដើម្បីធ្វើឲ្យប្រាកដប្រជាថាប្រទេសអ៊ីរ៉ង់ មិនអាចផលិតអាវុធបរមាណូបាន នៅមានដដែល»។
លោក Zarif បានបដិសេធសេចក្តីថ្លែងការណ៍នេះរបស់លោកឧត្តមសេនីយ៍Dempsey ថា ជា «ទម្លាប់ចាស់មួយដែលមិនងាយបំបាត់ចោលបានទេ»។
ក្រុមអ្នកការទូតនៃប្រទេសទាំងពីរកំពុងធ្វើការបន្តពីកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដែលបើកផ្លូវឲ្យមានការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការកម្រិតលើការអភិវឌ្ឍបរមាណូរបស់រដ្ឋាភិបាលក្រុងTeheran៕