អាជ្ញាធរក្នុងប្រទេសសូម៉ាលីបាននិយាយថាពួកគេចាប់បានមេបញ្ជាការម្នាក់របស់ក្រុម Al-Shabab ដែលគេតាមប្រមាញ់ចាប់ខ្លួន។
ឈ្មោះ Zakariye Ismail Hersi បានត្រូវចាប់ខ្លួននៅក្នុងការឆ្មក់វាយប្រហារមួយកាលពីព្រឹកថ្ងៃសៅរ៍នៅក្នុងក្រុង El Wak នៅជិតព្រំដែននៃប្រទេសកេនយ៉ា (Kenya)។
លោកឧត្តមសេនីយ Abbas Ibrahim Gurey មេបញ្ជាការទាហានរដ្ឋាភិបាលក្នុងតំបន់ Gedo នៅប៉ែកខាងត្បូងប្រទេសបាននិយាយប្រាប់វីអូអែផ្នែកផ្សាយជាភាសាសូម៉ាលីថាអាជ្ញាធរបានទទួលបានព័ត៌មានពីសាធារណជនថាក្រុមជនជាប់សង្ស័យ Al-Shabab បានលាក់ខ្លួននៅក្នុងផ្ទះមួយខ្នង។
លោក Gurey បាននិយាយថាឈ្មោះ Hersi បានត្រូវចាប់ខ្លួនជាមួយលេខាធិការរបស់គាត់។ ឧត្តមសេនីយរូបនេះក៏បាននិយាយដែរថា Hersi ដែលមានកាំភ្លើងខ្លីមួយជាប់នឹងខ្លួនមិនបានទប់ទល់នឹងការឆ្មក់វាយប្រហារនេះទេ។
រដ្ឋាភិបាលសូម៉ាលីបានចេញផ្សាយសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃសៅរ៍ដើម្បីសរសើរដល់ការចាប់ខ្លួនឈ្មោះ Hersi។
កាលពីខែមិថុនាឆ្នាំ២០១២ ស.រ.អា.បានប្រកាសផ្តល់រង្វាន់បីលានដុល្លារឱ្យជនទាំងទ្បាយណាដែលផ្តល់ព័ត៌មាននាំឱ្យមានការចាប់ខ្លួនឈ្មោះ Hersi ដោយស.រ.អា.បានពណ៌នាគាត់ថាជាសហការីម្នាក់របស់ឈ្មោះ Ahmed Abdi Godane អតីតមេដឹកនាំក្រុម Al-Shabab៕