នៅចុងសប្តាហ៍នេះ ប្រជាពលរដ្ឋសូម៉ាលី (Somalis) នឹងបាត់បង់ប្រភពថវិកាដ៏សំខាន់បំផុតមួយ។ នោះគឺនៅពេលដែល ធនាគារសហរដ្ឋអាមេរិក កាត់ផ្តាច់ការផ្ទេរប្រាក់ទៅកាន់ប្រទេសដែលហែកហួរដោយសារសង្រ្គាមនិងរងគ្រោះដោយសារភាពអត់ឃ្លានមួយនេះ។ ប្រជាពលរដ្ឋសូម៉ាលី នៅក្នុងទីក្រុងណៃរ៉ូប៊ី (Nairobi) បានថ្លែងថា វិធានការ ដែលធ្វើឡើងសំដៅបញ្ឈប់ការផ្តល់មូលនិធិដល់ក្រុមសកម្មប្រយុទ្ធ នឹងប៉ះពាល់ដល់ប្រជាពលរដ្ឋធម្មតាទៅវិញទេ។
សង្កាត់អ៊ីសលេក (Eastleigh) នៃទីក្រុងណៃរួប៊ី (Nairobi) ជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់សហគមន៍មានជនជាតិសូម៉ាលីច្រើនគួរសមក្នុងប្រទេសកេនយ៉ា។
ដោយត្រូវបានដាក់ឈ្មោះថាជា វិថីម៉ូហ្គាឌីស៊ុ ឬហៅជាភាសាអង់គ្លេសថា Little Mogadishu វិថីនេះ មានមនុស្សកកកុញ ដោយរទេះរុញមានដាក់លក់ប្រេងឆា បុរសៗលក់អាវធំ និងអាវទ្រនាប់ និងអ្នកលក់ដូរពពាយនាយលក់ស្លឹកកញ្ឆា ដែលត្រូវបានស្គាល់ថា ខេត (khat)។
ឥទ្ធិពលអាថ៌កំបាំង ដែលបានផ្តល់កម្លាំងដល់សកម្មភាពជំនួញនេះភាគច្រើន គឺបណ្តាញប្រតិបត្តិការរូបិយវត្ថុតែមួយគត់ ដែលធ្វើឲ្យក្រុមអ្នកចំណាកស្រុកជាតិសូម៉ាលី អាចផ្ញើប្រាក់ទៅឲ្យក្រុមគ្រួសារនិងដៃគូជំនួញទាំងឡាយ នៅក្នុងប្រទេសរបស់ខ្លួន។ ប៉ុន្តែ អ្វីដែលត្រូវបានហៅថាជា បណ្តាញហាវ៉ាឡា (hawala) ជិតបាត់បង់បណ្តាញទំនាក់ទំនងដ៏សំខាន់នោះហើយ នៅពេលដែលធនាគារសហរដ្ឋអាមេរិក កាត់ផ្តាច់សេវាកម្មផ្ទេរប្រាក់តែមួយគត់សម្រាប់ជនជាតិសូម៉ាលី នៅសហរដ្ឋអាមេរិក។
សព្វថ្ងៃ លោក អូម៉ា ហាជី (Omar Haji) ដែលពីដើមធ្លាប់នៅក្នុងទីក្រុងម៉ូហ្កាដេស៊ូ (Mogadishu) រស់នៅក្នុងសង្កាត់អ៊ីសលេក និងទទួលការឧបត្ថម្ភខាងហិរញ្ញវត្ថុពីក្រុមគ្រួសាររបស់លោក នៅរដ្ឋមីនីសូតា (Minnesota) របស់សហរដ្ឋអាមេរិក។
លោក មានប្រសាសន៍ថា ប្រជាពលរដ្ឋភាគច្រើន ចាត់ទុកវិធានការរបស់ធនាគារ ថាជាការវាយប្រហារទៅលើពលរដ្ឋសូម៉ាលី ជាជាងប្រឆាំងទៅនឹងក្រុមអាល់ស្ហាបាប់ (al-Shabab)។
លោក បានបន្ថែមទៀតថា ការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធ ពិតជាអាចកើនឡើង ហើយថា មុខជំនួញដែលតែងតែទទួលប្រាក់ពីបរទេស អាចងាកទៅរកហិរញ្ញវត្ថុរបស់ ក្រុមអាល់ស្ហាបាបដែលសម្បូរទ្រព្យសម្បត្តិ។»
ក្រុមនេះដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានធ្វើសង្រ្គាមប្រឆាំងនឹងរដ្ឋាភិបាលកណ្តាលរបស់ប្រទេសនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានផ្តល់មូលនិធិដល់ក្រុមខ្លួន តាមរយៈការយកពន្ធលើពលរដ្ឋនៅតាមតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។
រដ្ឋាភិបាលសហព័ន្ធអន្តរកាលរបស់សូម៉ាលី បានទទួលជោគជ័យក្នុងកម្រិតតិចតួច នៅក្នុងការបណ្តេញក្រុមសកម្មប្រយុទ្ធពីរដ្ឋធានី ម៉ូហ្កាឌីស៊ូ កាលពីប៉ុន្មានខែថ្មីៗនេះ។ ប៉ុន្តែ លោកហាសាន សេដ សាម៉ានតា (Hassan Said Samantar) រដ្ឋមន្ត្រីនៃរដ្ឋហ្កាលមូដុក (Galmudug State) នៅភាគកណ្តាលរបស់ប្រទេសសូម៉ាលី បានថ្លែងថា ការកាត់ផ្តាច់ការផ្ទេរប្រាក់ អាចធ្វើមានអស្ថិរភាពដល់ប្រទេសនេះទៅវិញទេ។
«ខ្ញុំយល់ឃើញថាវិធានការនេះពិតជារឿងអកុសលណាស់ សម្រាប់ប្រជាពលរដ្ឋសូម៉ាលីនាពេលសព្វថ្ងៃ។ ជាពិសេស នៅចំពេលដែលសូម៉ាលីកំពុងតែឈានទៅមុខដោយមានផែនទីបង្ហាញផ្លូវ ហើយសភាពការណ៍សន្តិសុខ កាន់តែប្រសើរឡើងជាលំដាប់។ល។ នៅពេលណាដែលសូម៉ាលី បោះជំហានឈានទៅមុខ វាហាក់ដូចជាថា មានឥទ្ធិពលជាច្រើនដែលរុញប្រទេសនេះឲ្យថយក្រោយទៅវិញ។»
សហរដ្ឋអាមេរិក បញ្ជាក់ថា សេវាផ្ទេរប្រាក់របស់សូម៉ាលី មានចំនួនរហូតដល់ទៅ ១.៦ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ ហើយ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអុកហ្វាម (Oxfam) និយាយថា ប្រាក់ប្រហែល១០០លានដុល្លារ ត្រូវបានផ្ញើផ្ទាល់ពីសហរដ្ឋអាមេរិក។
លោក ម៉ូហាមេត ចាម៉ា (Mohamed Jamaa) អ្នកជំនួញនៃសង្កាត់អ៊ីសលេក លក់គ្រឿងអេឡិចត្រូនិច ទឹកដោះគោ នំប៊ីស្គី និងរបស់របរដទៃទៀត ដែលលោកនាំចូលក្នុងប្រទេសសូម៉ាលី។
លោក និយាយថា ប្រសិនបើសាច់ប្រាក់ ត្រូវបានកាត់ផ្តាច់នៅឯប្រភពក្រុមហ៊ុនផ្គត់ផ្គង់នោះ វានឹងជះឥទ្ធិពលភ្លាមៗដល់មុខជំនួញរបស់លោក និងលទ្ធភាពរបស់លោកក្នុងការ ជួយទ្រទ្រង់កូនប្រុសទាំងបូន ដែលរស់នៅក្នុងជំរុំជនភៀសខ្លូន។
លោក ចាម៉ា បន្ថែមទៀតថា លោក ផ្តល់ប្រាក់ទៅឲ្យកូនប្រុសរបស់លោក ដើម្បីធ្វើឲ្យពួកគេមមាញឹកក្នុងការងារ ប៉ុន្តែថា បើលោក លែងជួយទ្រទ្រង់ពួកគេ ពួកគេនឹងគ្មានជម្រើសអ្វីផ្សេងក្រៅពីការវិលត្រឡប់ទៅប្រទេសសូម៉ាលីវិញ និងចូលរួមជាមួយក្រុម អាល់ ស្ហាអាប់ នោះទេ។
ក្រុមហ៊ុនអាមេរិកមួយ ឈ្មោះថា Sunrise Community Banks បានសម្រេចចិត្តបិទសេវាផ្ទេរប្រាក់ ដោយបារម្ភថា ខ្លួនអាចប្រព្រឹត្តល្មើស ច្បាប់ប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ប្រសិនបើប្រាក់នោះ ត្រូវធ្លាក់ទៅក្នុងដៃមនុស្សអាក្រក់។ លោកនាយករដ្ឋមន្រ្តីសូម៉ាលី អាប់ឌីវេលី ម៉ូហាមេត អាលី (Abdiweli Mohamed Ali) កំពុងទទូចសុំដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យធ្វើអន្តរាគមន៍ ដើម្បីជូយស្វែងរកដំណោះស្រាយ៕
ប្រែសម្រួលដោយ គឹង ភិរុណ