លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry និងលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif ជួបប្រជុំគ្នាក្នុងថ្ងៃទីពីរក្នុងប្រទេសស្វីសដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៃកម្មវិធីបរមាណូរបស់រដ្ឋាភិបាលក្រុងតេហេរ៉ង (Teheran)។
លោក Kerry និងលោក Zarif បានជួបគ្នាពីរម៉ោងកាលពីព្រឹកថ្ងៃអង្គារ នៅក្នុងក្រុងសម្រាកលំហែកាយ Montreux។ នៅក្រោយការសម្រាកនៅពេលថ្ងៃត្រង់លោកទាំងពីរក៏បានបើកការប្រជុំគ្នានៅពេលរសៀល។ នៅក្នុងការសម្រាករបស់លោក អ្នកកាសែតម្នាក់បានសួរលោក Zarif អំពី ដំណើរការនៃកិច្ចចរចាគ្នានេះ។ លោកបានឆ្លើយតបថា៖ «យើងកំពុងខិតខំប្រឹងប្រែង។ យើងកំពុងខិតខំប្រឹងប្រែង»។
ប្រទេសអ៊ីរ៉ង់ និងសមាជិកអចិន្ត្រៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បព្រមទាំងប្រទេសអាល្លឺម៉ង់ផងដែលគេហៅថាក្រុមប្រទេស P 5+1 កំពុងធ្វើការឲ្យទាន់ពេលកំណត់ចុងក្រោយបង្អស់ដែលត្រូវបានដាក់កំហិតដោយពួកគេផ្ទាល់នៅថ្ងៃទី៣១ ខែមីនា ដែលមានគោលដៅធ្វើឲ្យមានកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ។ ពួកអ្នកធ្វើការចរចាគ្នាមានពេលរហូតដល់ថ្ងៃទី១ ខែកក្កដា ដើម្បីឲ្យបានសម្រេចកិច្ចព្រមព្រៀងចុងក្រោយបង្អស់មួយ។
ក្រុមប្រទេស P5+1 កំពុងស្វះស្វែងឲ្យមានកិច្ចព្រមព្រៀងមួយដែលកម្រិតសមត្ថភាពសម្រិតសម្រាំងសារធាតុអ៊ុយរ៉ាញ៉ូម (uranium) របស់ប្រទេសអ៊ីរ៉ង់ និងដាក់កម្រិតប្រភពធនធានរបស់ប្រទេសនេះសម្រាប់ការអភិវឌ្ឍន៍អាវុធបរមាណូ។ ប្រទេសអ៊ីរ៉ង់ដែលនិយាយថា កម្មវិធីបរមាណូរបស់ខ្លួនមានលក្ខណៈសន្តិវិធីនោះ កំពុងស្វះស្វែងឲ្យមានការសម្រាលពីការដាក់ទណ្ឌកម្មអន្តរជាតិ៕