រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានបកស្រាយនូវគោលការណ៍ដ៏ទូលំទូលាយកាលពីថ្ងៃពុធចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសប៉ាឡេស្ទីន ដោយព្រមានថា ដំណោះស្រាយរវាងប្រទេសទាំង២ទៅលើជម្លោះនេះកំពុងស្ថិតក្នុងស្ថានភាពវឹកវរ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានរយៈពេលមួយម៉ោងនៅឯក្រសួងការបរទេសអាមេរិក លោក Kerry ក៏បានការពារសេចក្តីសម្រេចរបស់អាមេរិកកាលពីសប្តាហ៍មុន ចំពោះការដកខ្លួនចេញពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានថ្កោលទោសការតាំងលំនៅរបស់អ៊ីស្រាអែល។
លោក Kerry បានថ្លែងថា ការបោះឆ្នោតនៅឯអង្គការសហប្រជាជាតិស្តីពីការរក្សាដំណោះស្រាយរវាងប្រទេសទាំង២ បានបដិសេធទៅលើការរិះគន់ដែលថា សហរដ្ឋអាមេរិកក្បត់សម្ព័ន្ធមិត្តរយៈពេលយូររបស់ខ្លួនគឺប្រទេសអ៊ីស្រាអែល។ អនាគតរបស់អ៊ីស្រាអែលជាប្រទេសជ្វីព និងប្រជាធិបតេយ្យ គឺជាអ្វីដែលយើងគាំទ្រ។ លោកក៏បានកត់សម្គាល់ថា ការបោះឆ្នោតនោះគឺយោងទៅតាមតម្លៃរបស់អាមេរិក។
មិនមានសំណើថ្មីណាមួយត្រូវបានបញ្ចូលទៅក្នុងសុន្ទរកថាដែលមាន៦ចំណុចសំខាន់ៗរបស់លោក Kerry នោះទេ។ សុន្ទរកថានោះមានគោលបំណងរក្សាក្របខណ្ឌទូទៅនៃដំណោះស្រាយរវាងប្រទេសទាំង២ ដែលលោកបាននិយាយថា គឺជាមធ្យោបាយតែមួយគត់សម្រាប់ភាគីទាំង២ឲ្យរស់នៅជាមួយនឹងសន្តិភាព៕