លោក Kerry ធ្វើ​ដំណើរ​ទៅ​​ក្រុង​ព្រុចសែលនិង​ក្រុង​ឡុងដ៏ក្រោយពី​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប

អ្នក​តវ៉ា​ប្រឆាំង​ម្នាក់​បាន​រុំ​ខ្លួន​ជា​មួយនឹងទង់​ជាតិ​សហភាព​អឺរ៉ុប​ចូល​រួម​​ក្នុង​ការ​តវ៉ាប្រឆាំង​នៃ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេសពី​សហភាព​អឺរ៉ុប​នៅ​ទីលានរដ្ឋសភាបន្ទាប់​ពីលទ្ធផល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា​ ២០១៦។

​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក John Kerry បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ព្រុចសែល និង​ក្រុង​ឡុងដ៏ នៅ​ថ្ងៃ​ច័ន្ទ​នេះ។ នេះ​គឺ​ជា​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ដំបូង​គេ​ទៅកាន់​រាជធានី​នៃ​ចក្រភព​អង់គ្លេស ចាប់តាំង​ពី​ការ​បោះឆ្នោត​ប្រជាមតិ​របស់​អង់គ្លេស​កាល​ពី​សប្តាហ៍​មុន ដើម្បី​ដក​ខ្លួន​ចេញ​ពី​សមាកជិក​ភាព​នៃ​សហភាព​អឺរ៉ុប។

ការ​ដក​ខ្លួន​របស់​អង់គ្លេស​ចេញ​ពី​សហភាពអឺរ៉ុប​នោះ បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

មន្ត្រី​អាមេរិក​ និយាយ​ថា លោក ឃែរី ដែល​បាន​បន្ថែមគោល​ដៅ​ទស្សនកិច្ច​នៅ​រាជធានី​ទាំង​ពីរ​ក្នុងនាទី​ចុងក្រោយ នៅ​ពេល​ដែល​លោក គ្រោង​ធ្វើ​ទស្សនកិច្ច​តែ​នៅ​ទីក្រុង​រ៉ូម​នោះ នឹង​សម្ដែង​ការ​គាំទ្រ​របស់​អាមេរិក ចំពោះ​ប្រទេស​អង់គ្លេស ហើយ​នឹង​គូសបញ្ជាក់​ពី​សារៈសំខាន់​របស់​សមាជិក​ដទៃទៀត​ដែល​ស្ថិតនៅ​ក្នុង​ប្លុក​អឺរ៉ុប។

លោក ឃែរី បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋ​អាមេរិក សោក​ស្តាយ​ចំពោះ​ការ​បោះឆ្នោត​ដក​ខ្លួន​របស់​អង់គ្លេសចេញ​ពី​សហភាព​អឺរ៉ុប​ដែល​គេ​ហៅ​កាត់​ថា Brexit ​នេះ។

ប៉ុន្តែ លោក​ ឃែរី បាន​ប្តេជ្ញា​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ទំនាក់​ទំនង​ដ៏​ជិតស្និទ្ធ​នឹង​គ្នា​ជាមួយ​ប្លុកដែល​នឹង​មាន​សមាជិក​តែ​ ២៧​ប្រទេសនៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

​ការ​ថ្លែង​របស់​លោក ឃែរី នៅ​រាជធានីព្រុចសែល កើតឡើង​ខណៈភាព​ច្របូក​ច្របល់ដែល​ក្រុម​អ្នក​ការទូត​កំពូលៗ រួម​ទាំង​មេដឹកនាំ​នៃ​ប្រទេស​ធំៗ​នៅ​អឺរ៉ុប​ ដូច​ជា​អាល្លឺម៉ង់ បារាំង​និង​អ៊ីតាលី​ជា​ដើម បាន​ជួបប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​ពី​វិធានការ​ដែល​ត្រូវ​ធ្វើបន្ត​ទៀត ក្រោយ​ពី​ប្រទេស​អង់គ្លេស ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ហើយ​នោះ៕