លោក Kerry ជំរុញ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​និន្នាការ​ជាតិ​និយម

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ទាំង​៤​រូប​ចូល​រួម​ការ​ប្រារព​ពិធី​បញ្ចប់​ការ​សាង​សង់​មជ្ឈមណ្ឌល​ការទូត​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​១០ ខែ​មករា។

លោក ​John Kerry ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ដែល​នឹង​ត្រូវ​ចប់​អាណត្តិ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​និន្នាការ​ជាតិ​និយម ដែល​គំរាម​បែងចែក​ពិភពលោក។

លោក​និង​អតីត​រដ្ឋមន្ត្រី​ការបរទេស​៣​នាក់​ទៀត​បាន​កោត​សរសើរ​ប្រវត្តិសាស្ត្រ​ការទូត​របស់​អាមេរិក​នៅ​ក្នុង​ពិធី​មួយ​កាល​ពី​ថ្ងៃ​អង្គារ ដែល​ប្រារព្ធ​ឡើងដើម្បី​កត់​សម្គាល់​ការសាង​សង់​ចប់​សព្វ​គ្រប់​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការទូត​មួយ​នៅ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោក ​Kerry ​និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដ​ទៃ​ទៀត​គឺ​លោកស្រី​ Madeleine Albright ​លោកស្រី​ Hillary Clinton​ និង​លោក​ Colin Powell ​បាន​កោត​សរសើរ​អំពី​តួនាទី​ការទូត​របស់​អាមេរិក​នៅ​ក្នុង​ការរក្សា​សន្តិភាព ការ​ដោះ​ស្រាយ​ជម្លោះ និង​ការ​ជំរុញ​ការអភិវឌ្ឍ​នៅ​ក្នុង​ពិភពលោក ដើម្បី​លើក​កម្ពស់​ជីវិត​មនុស្ស។ ​លោកKerry​ បាន​អំពាវនាវ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​និន្នាការ​ជាតិ​និយម​និង​និន្នាការ​ដ​ទៃ​ទៀត ដែល​គំរាម​ពិភពលោក​ឲ្យ​មាន​ការ​បែងចែក។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «មាន​សំឡេង​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​ ដែល​បោះ​បង់​ចោល​ការទូត។ ពួកគេ​ឃើញ​ ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​លើក​ទឹក​ចិត្ត​ជា​សាធារណៈ​ចំពោះ​បោះបង់​ចោល​កិច្ច​សហ​ប្រតិបត្តិការ ការ​សាងសង់​ជញ្ជាំង​សេដ្ឋកិច្ច​និង​នយោបាយ ការ​បាត់​បង់​ជំនឿ​ដែល​កាន់​តែ​កើន​ឡើង និង​ការ​បែង​ចែក​តាម​រយៈ​ពណ៌​សម្បុរ ជាតិ​សាសន៍ ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​ផ្សេង​និង​អ្នក​កាន់​សាសនា​ខុស​គ្នា»។

លោក Kerry បាន​និយាយ​ថា ប្រវត្តិ​ការទូត​របស់​អាមេរិក​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនវិស័យ​ដែល​ខុស​ពី​បញ្ហា​ទាំង​នេះឆ្ងាយ​ណាស់​ និង​មាន​លក្ខណៈ​លើក​ទឹក​ចិត្ត​ជាង​នេះ​យ៉ាង​ខ្លាំង។

លោក ​Kerry ​បាន​និយាយ​ថា៖ «យើង​មិន​មែន​កំណត់​ដោយ​ជាតិសាសន៍​ យើង​មិន​មែន​កំណត់​ដោយ​អំបូរ​ យើង​មិន​មែន​កំណត់​ដោយ​ឈ្មោះ យើង​មិន​មែន​កំណត់​ដោយ​ប្រភព​កំណើត​របស់​យើង​នោះ​ទេ។ យើង​កំណត់​ដោយ​គំនិត។ មិន​ដូច​ប្រទេស​ផ្សេង​ទៀត​ភាគច្រើន​នោះ​ទេ គំនិត​នេះ​គឺ​ថា មនុស្ស​គ្រប់គ្នា​គឺ​ស្មើគ្នា»។

លោកស្រី Hillary Clinton បាន​មាន​ប្រសាសន៍​ថា មេរៀន​ការទូត​នៅ​ថ្ងៃ​នេះ​មាន​សារៈ​សំខាន់​និង​បន្ទាន់​ជាង​ពេល​ណាៗ​ទាំង​អស់។

លោកស្រី​និយាយ​ថា៖ «លទ្ធិប្រជាធិបតេយ្យ ​សេរីភាព និង​នីតិរដ្ឋ​គឺ​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​នៅ​ទូទាំង​ពិភព​លោក។ ការ​កើន​ឡើង​អំណាច​ផ្តាច់​ការ​និង​សេរីភាព​មិន​ពេញ​លេញ​គំរាម​កំហែង​ដល់​មូលដ្ឋាន​នៃ​យុគ​សម័យ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ ដែល​មន្ត្រី​ការទូត​អាមេរិក​បាន​កសាង​និង​ការពារ​ចាប់​តាំង​ពី​លោក (George) Marshall និង​លោក (Dean) Achesonមក»។

ស្រប​ពេល​ដែល​មាន​ភាព​តាន​តឹង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ​លោក Colin Powell បាន​លើក​ឡើង​ពី​ពេល​វេលា​មួយ នៅ​ពេល​ដែល​ទំនាក់​ទំនង​មាន​ភាព​រាក់​ទាក់​ជាង​នេះ ហើយ​លោក​បាន​ទទួល​ស្រា vodka មួយ​ដប​ជា​អំណោយ​ពី​លោក ​Igor Ivanov ​ដែល​ជា​ដៃគូ​រុស្ស៊ី​របស់​លោក​ទៀត​ផង​។ ​

លោក Powell បាន​និយាយ​ថា៖ «ដប​ស្រា​នេះ​មាន​រូប​រាង​ដូច​កាំភ្លើង ​AK-47 ​ហើយ​អត្ថន័យ​ដ៏​អស្ចារ្យ​នៃ​ដប​ស្រា​នេះ គឺ​នៅ​ទីនេះ​ក្នុង​ក្រសួង​ការបរទេស​អាមេរិក»។

មជ្ឈមណ្ឌល​សម្រាប់​ការទូត​អាមេរិក​នេះ​គឺ​ជា​សារមន្ទីរនិង​ជា​មជ្ឈមណ្ឌល​អប់រំ​មួយ ដែល​ដាក់​តាំង​ប្រវត្តិសាស្រ្ត​ការទូត​អាមេរិក ហើយ​និង​ការងារ​ដ៏​សំខាន់​និង​គ្រោះថ្នាក់​របស់​មន្ត្រី​ការទូត​អាមេរិក។ សារមន្ទីរ​នេះ​នឹង​បើក​ឲ្យ​សាធារណជន​ចូល​ទស្សនា​នៅ​ចុង​ឆ្នាំ​ក្រោយ៕

ប្រែសម្រួល​ដោយ ហុង ចិន្តា