លោករដ្ឋមន្រ្តីការបរទេសស.រ.អា John Kerry កំពុងសម្តែងជាថ្មីម្តងទៀតនូវការព្រួយកង្វល់ពីការខំប្រឹងប្រែងស្ថាបនាកោះសិប្បនិមិត្តរបស់ចិនក្នុងសមុទ្រចិនខាងត្បូង។
លោករដ្ឋមន្រ្តី Kerry បានជួបជាមួយលោករដ្ឋមន្រ្តីការបរទេសចិននៅខាងក្រៅវេទិកាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានប្រទេស១០ជាសមាជិកនៅថ្ងៃពុធនេះ ដែលនៅទីនោះមន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសបាននិយាយថា លោករដ្ឋមន្រ្តីការបរទេសអាមេរិកាំង បាននិយាយឡើងវិញពីការព្រួយកង្វល់របស់លោកអំពីការកើនឡើងនូវភាពតានតឹងលើការទាមទារប្រកបដោយការឈ្លោះប្រកែកគ្នាលើបញ្ហាផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏មមារញឹកបង្អស់មួយរបស់ពិភពលោក និងការពង្រីកការសាងសង់ និងការប្រើប្រាស់យោធារបស់ចិន។
លោករដ្ឋមន្រ្តីការបរទេស Kerry បានមានប្រសាសន៍នៅឯជំនួបថ្នាក់រដ្ឋមន្រ្តីរវាងសមាគមអាស៊ាន និងស.រ.អាថា «ស.រ.អាជានិច្ចកាលចែករំលែកនូវបំណងរបស់សមាជិកអាស៊ាន ដើម្បីរក្សាសន្តិភាព និងស្ថេរភាពក្នុងសមុទ្រចិនខាងត្បូង»។
លោករដ្ឋមន្រ្តីការបរទេស Kerry មានប្រសាសន៍ទៀតថា «អាស៊ានចង់ឃើញថាជម្លោះនៅក្នុងតំបន់នោះ ត្រូវដោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ»។
ចិនបានបង្កើតកោះសិប្បនិមិត្តនៅក្នុងផ្ទៃទឹកដែលប្រទេសម៉ាឡេស៊ី វៀតណាម កោះតៃវ៉ាន់ និងហ្វីលីពីនបានទាមទារតំបន់ត្រួតស៊ីគ្នានេះ។
ស.រ.អា និងហ្វីលីពីនបានជំរុញឲ្យប្រទេសចិនបញ្ឈប់គម្រោងពង្រីកទឹកដីរបស់ខ្លួន។រដ្ឋាភិបាលទីក្រុងប៉េកាំងបានច្រានចោលការរិះគន់ការខំប្រឹងប្រែងរបស់ខ្លួនហើយបានបដិសេធចូលរួមក្នុងការពិភាក្សានៅជំនួបប្រចាំតំបន់ដូចជា ជំនួបរបស់សមាគមអាស៊ាននេះ៕