នៅក្នុងកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតរវាងរដ្ឋាភិបាលទាំងពីរក្នុងពេលជាច្រើនទសវត្សរ៍មកហើយ លោករដ្ឋមន្រ្តីការបរទេសស.រ.អា John Kerry បានជួបជាមួយសមភាគីរបស់លោកនៃប្រទេសគុយបា នៅពេលមួយថ្ងៃមុនសន្និសីទកំពូលក្នុងតំបន់មួយ។
មន្រ្តីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសថ្លែងថា កិច្ចចរចារបស់លោក Kerry កាលពីល្ងាចថ្ងៃព្រហស្បតិ៍ជាមួយលោករដ្ឋមន្រ្តីការបរទេសគុយបា Bruno Rodriguez ជាកិច្ចចរចា«ប្រកបដោយការស្ថាបនាច្រើន» ដោយលោកបន្ថែមថា ភាគីទាំងពីរ«បានយល់ស្របគ្នាថាអស់លោកបានធ្វើឲ្យមានការបោះជំហានទៅមុខ»។
មន្រ្តីរូបនេះមិនបាននិយាយអំពីការជឿនលឿនណាមួយជាក់លាក់ទេ តែបានបញ្ជាក់ថា ភាគីទាំងសង្ខាងនឹង«ធ្វើការជាបន្តដើម្បីដោះស្រាយបញ្ហាដែលនៅសល់»។
ក្រសួងការបរទេសស.រ.អាបានបង្ហាញរូបថតតាមគេហទំព័រTwitter ឲ្យឃើញលោក Kerry បានចាប់ដៃជាមួយលោក Rodriguez ហើយបានញញឹមដាក់គ្នាបន្តិចបន្តួច។ មន្រ្តីទាំងពីររូបកំពុងចូលរួមក្នុងសន្និសីទកំពូលរបស់ទ្វីបអាមេរិក ដែលចាប់ផ្តើមធ្វើនៅទីក្រុង ប៉ាណាម៉ា (Panama City) នៅថ្ងៃសុក្រនេះ។
អញ្ជើញទៅចូលរួមក្នុងសន្និសីទនេះដែរ គឺលោកប្រធានាធីបតីសរអា បារ៉ាក់ អូបាម៉ា ដែលអាចជួបក្រៅផ្លូវការជាមួយលោកប្រធានាធិបតីគុយបា Raul Castro នៅក្រៅសន្និសីទកំពូលនេះ នេះបើតាមសម្តីរបស់មន្រ្តីក្នុងរដ្ឋបាលរបស់លោក៕