លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានមានប្រសាសន៍ថា ប្រទេសអ៊ីស្រាអែល និងប្រទេសហ្ស៊កដានី (Jordan) បានយល់ស្របគ្នាអំពីវិធានការជាក់លាក់ដោយមានរួមបញ្ចូលទាំងការដាក់វីដេអូឃ្លាំមើលដើម្បីកាត់បន្ថយភាពតានតឹងដែលបាននាំឱ្យមានការប៉ះទង្គិចគ្នាប្រកបដោយហិង្សានៅក្នុងកន្លែងពិសិដ្ឋនៃក្រុងហ្ស៊េរុយសាឡិម (Jerusalem) ដែលជាទីសក្ការបូជាសម្រាប់ជនអំបូរជីហ្វ និងអ្នកកាន់សាសនាឥស្លាម។
លោក Kerry បានមានប្រសាសន៍ថា «អំពើហិង្សាទាំងអស់ និងការញុះញង់ឱ្យមានអំពើហិង្សាត្រូវតែបញ្ឈប់។ ក្រុមមេដឹកនាំត្រូវតែនាំមុខគេ»។ លោកបាននិយាយដូច្នេះនៅក្នុងក្រុងអាម៉ាន់ (Amman) ដែលនៅទីនោះលោកបានជួប ជាមួយព្រះចៅ Abdullah នៃប្រទេសហ្ស៊កដានី និងលោក Mahmoud Abbas មេដឹកនាំប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍។
អំពើហិង្សាដែលកើនខ្លាំងឡើងៗកាលពីពីរបីសបា្តហ៍មុននេះបានបណ្តាលឱ្យជនជាតិអ៊ីស្រាអែលយ៉ាងតិចណាស់១០នាក់ និងជនជាតិប៉ាឡេស្ទីនប្រមាណ៥០នាក់បាត់បង់ជីវិត។ កាលពីថ្ងៃសៅរ៍ ក្រុមប៉ូលិសអ៊ីស្រាអែលបានសម្លាប់បុរសប៉ាឡេស្ទីនម្នាក់ដែលបានប៉ុនប៉ងចាក់មន្ត្រីសន្តិសុខម្នាក់នៅត្រង់កន្លែងឆ្លងកាត់មួយនៅចន្លោះប្រទេសអ៊ីស្រាអែល និងតំបន់ត្រើយខាងលិចនៃទន្លេហ្ស៊កដានីដែលគ្រប់គ្រងដោយប៉ាឡេស្ទីន។
កាលពីបីថ្ងៃមុននេះ លោក Kerry បានជួបជាមួយភាគីទាំងអស់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដោយរួមមានទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ផងដែរ៕