ការគំរាមកំហែងសន្តិសុខសាកលលោកស្ថិតក្នុងចំណោមចំណុចសំខាន់ៗសម្រាប់លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry និងរដ្ឋមន្រ្តីការបរទេសរបស់ប្រទេសដែលមានឧស្សាហកម្មជឿនលឿនជាងគេនៅលើផែនដីហៅកាត់ថា (G-7) ដែលបានចាប់សន្និសីទរយៈពេល២ថ្ងៃនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ានៃប្រទេសជប៉ុន។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Kerry បានអញ្ជើញទៅដល់ទីក្រុងហ៊ីរ៉ូស៊ីម៉ានៅថ្ងៃអាទិត្យនេះបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចប្រទេសអាហ្វហ្គានីស្ថាន។លោកក៏ជារដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលើកដំបូងដែលបំពេញទស្សនកិច្ចទីក្រុងហ៊ីរ៉ូស៊ីម៉ាដែលត្រូវបានកម្ទេចដោយគ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកនៅជិតចប់សង្គ្រាមលោកលើកទី២។
ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតហ៊ីរ៉ូស៊ីម៉ា លោករដ្ឋមន្រ្តីការបរទេសអាមេរិកាំង បានមានប្រសាសន៍ថា ការគំរាមកំហែងសាកលលោកភាគច្រើនដល់សន្តិភាពអន្តរជាតិតម្រូវឲ្យមានចំណាត់ការរួម។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Kerry បានមានប្រសាសន៍ទៀតថា «ជំនួបបែបនេះ ជាឱកាសដ៏មានសារៈសំខាន់ដើម្បីជួយយើងដោះស្រាយការព្រួយកង្វល់អន្តរជាតិ និងសន្តិសុខបន្ទាន់ៗ ហើយនិងនិយាយក្នុងសំឡេងដ៏ច្បាស់លាស់ស្តីពីចំណាត់ការសំខាន់ដែលត្រូវធ្វើ។
ក្រុមប្រទេសដែលមានឧស្សាហកម្មជឿនលឿនទាំង៧ប្រទេសរួមមានប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន។ សមាជិកខ្លះរបស់អឺរ៉ុប កំពុងរកមធ្យោបាយដោះស្រាយបញ្ហាសន្តិសុខបន្ទាប់ពីការវាយប្រហារកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុងប្រ៊ុចសែល និងទីក្រុងប៉ារីស។
បន្ថែមបញ្ហាភេរវកម្ម ក្រុមប្រទេសមានឧស្សាហកម្មជឿនលឿន ត្រូវគេរំពឹងនឹងពិភាក្សាសន្តិសុខនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង ហើយនិងវិបត្តិជនភៀសខ្លួនដែលកំពុងប៉ះពាល់អឺរ៉ុប និងតំបន់មជ្ឈឹមបូព៌ា៕