លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានមានប្រសាសន៍ថាសហគមន៍អន្តរជាតិកំពុងពិភាក្សាគ្នាអំពីការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ីដោយសាររុស្ស៊ីវាយយកដែនដីក្នុងប្រទេសអ៊ុយក្រែន ដោយលោកបាននិយាយថាប្រទេសរុស្ស៊ីបានធ្វើ «សកម្មភាពឥតអៀនខ្មាស់និងសែនអាក្រក់» កាលពីពីរបីថ្ងៃមុននេះ។
ថ្លែងនៅក្នុងក្រុងឡុងដ៏ (London) លោក Kerry បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតថាស.រ.អា.និងសម្ព័ន្ធមិត្តរបស់អាមេរិកាំងមិនស្របតាមអ្វីដែលលោកហៅថាជា «អាកប្បកិរិយាដែលមិនអាចទទួលយកបានហួសហេតុ» របស់ប្រទេសរុស្ស៊ីទេ នៅមុនពេលលោកធ្វើការចរចាជាមួយលោក Philip Hammond រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស។ លោកបានកត់សម្គាល់ថាប្រទេសរុស្ស៊ីបានដឹកនាំការប្រឹងប្រែងមួយក្នុងអ.ស.ប.ដើម្បីឱ្យរដ្ឋាភិបាលអ៊ុយក្រែនទទួលខុសត្រូវដល់ចលាចលក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន នៅពេលដែលរុស្ស៊ីបន្តអ្វីដែលលោក Kerry ហៅថាជា «ការវាយយកដែនដី» ក្នុងតំបន់នោះ។
កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko បានចោទប្រកាន់អាជ្ញាធរវិមានក្រឹមទ្បាំងថាមានទាក់ទិនដោយផ្ទាល់ជាមួយការបាញ់ប្រហារទៅលើក្រុមបាតុករកាលពីឆ្នាំទៅមិញនៅក្នុងទីលាន Maiden នៃក្រុងកៀវ (Kiev)។
លោក Poroshenko បានធ្វើការចោទប្រកាន់នេះនៅថ្ងៃខួបឆ្នាំទីមួយនៃការសម្លាប់ក្រុមបាតុករ ដោយលោកនិយាយថាសេវាកម្មសន្តិសុខអ៊ុយក្រែនមាន ភស្តុតាងអំពីការជាប់ពាក់ព័ន្ធរបស់រុស្សី។
ក្រសួងការបរទេសរុស្ស៊ីបានហៅការចោទប្រកាន់នេះថាជា «ការនិយាយភ្លីភ្លើ»៕