លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry បានអំពាវនាវដោយផ្ទាល់ដល់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ឲ្យបញ្ឈប់ការសាងសង់កោះសិប្បនិមិត្តក្នុងសមុទ្រចិនខាងត្បូង ហើយនិងបញ្ឈប់ការសាងសង់នៅលើទឹកដីមានជម្លោះ។
ក្នុងអំឡុងពេលនៃវេទិកាប្រចាំតំបន់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ក្នុងប្រទេសម៉ាឡេស៊ីនៅសប្តាហ៍នេះ ជាថ្មីម្តងទៀត ក្រុមអ្នកការទូតបានខិតខំធ្វើឲ្យចេញនូវកិច្ចព្រមព្រៀងដែលជាសេចក្តីថ្លែងការណ៍រួមគ្នាមួយស្តីពីជម្លោះទឹកដី។ លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Kerry បានហៅកិច្ចព្រមព្រៀងនោះថា ជាការសំខាន់ដើម្បីរក្សាសេរីភាពនៃការធ្វើនាវាចរណ៍ ហើយនិងការហោះហើរឆ្លងកាត់តំបន់នោះ។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា «ថ្វីបើមានការធានាអះអាងថា សេរីភាពទាំងនោះនឹងត្រូវគោរពក៏ដោយ យើងបានឃើញមានការព្រមាន និងការប៉ុនប៉ងរិតត្បិតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនសុខចិត្តទទួលយកការរិតត្បិតសេរីភាពនៃការធ្វើនាវាចរណ៍ ហើយនិងការហោះហើរពេលយប់ទេ ឬក៏ការប្រើប្រាស់សមុទ្រតាមផ្លូវច្បាប់ផ្សេងទៀត។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Kerry បានជំរុញឲ្យប្រទេសនានាធ្វើការតាំងចិត្តបញ្ឈប់ការសាងសង់ ហើយនិងប្រើប្រាស់ជាមូលដ្ឋានយោធានៅក្នុងតំបន់ដើម្បីកាត់បន្ថយភាពតានតឹងនោះ។
ប្រទេសចិន វៀតណាម ម៉ាឡេស៊ី កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីនបានទាមទារតំបន់ត្រួតស៊ីគ្នានៅក្នុងសមុទ្រដាច់ស្រយាលដែលជាផ្លូវនាវាចរណ៍ ហើយនិងជាកន្លែងនេសាទដ៏សំខាន់៕