រដ្ឋាភិបាលកេនយ៉ាកំពុងខិតខំឆ្លើយតបទៅនឹងការលេចធ្លាយថា កិច្ចសន្យាដែលមានប្រាក់រាប់ពាន់លានដុល្លារជាមួយចិនអាចមានភាពគ្រោះថ្នាក់ដល់អធិបតេយ្យភាពរបស់ខ្លួន។ នេះតាមកាសែត Daily Nation។
សេចក្តីលម្អិតអំពីប្រាក់កម្ចីសម្រាប់ក្រុមហ៊ុនសង់ផ្លូវរទេះភ្លើង Standard Gauge Railway ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំបង្អស់របស់កេនយ៉ាចាប់តាំងពីឯក រាជ្យមក បានលេចចេញកាលពីថ្ងៃអាទិត្យ នៅពេលដែលកាសែត The Nationបានចេញផ្សាយដោយដកស្រង់កិច្ចសន្យាឆ្នាំ២០១៤រវាងធនាគារអាហរ័ណនីហរ័ណរបស់ចិននិងសាធារណរដ្ឋកេនយ៉ា។
កិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលក្រុងប៉េកាំង បានលាតត្រដាងពីការសម្ងាត់ ហើយសេចក្តីរាយការណ៍របស់កាសែត The Nation បានផ្តល់ការបំភ្លឺដ៏កម្ររមួយថាតើចិនធ្វើកិច្ចសន្យាប្រាក់កម្ចីរបស់ខ្លួននោះយ៉ាងដូចម្តេច។
កាសែតនោះ ប្រាប់ឲ្យដឹងថា ឥឡូវនេះ រដ្ឋាភិបាលបានគ្រោងធ្វើជំនួបក្នុងគ្រាអាសន្នដើម្បីសម្រេចថាតើត្រូវដោះស្រាយរបាយការណ៍ថ្មីៗជាបន្តបន្ទាប់ដែលប៉ះពាល់ដល់ ការផ្តល់ថវិកា ការសាងសង់និងកិច្ចប្រតិបត្តិការសម្រាប់គម្រោងផ្លូវរទេះភ្លើង Standard Gauge (SGR) ដោយរបៀបណា។
ការព្រួយកង្វល់ចម្បង គឺភាសាដែលលម្អិតពីទំហំនៃទ្រព្យសម្បត្តិដែលកេនយ៉ាត្រូវបាត់បង់ ប្រសិនបើ ខ្លួនមិនមានប្រាក់សងប្រាក់កម្ចីនោះ។ យោងតាមសេចក្តីដកស្រង់ដោយកាសែតThe Nation ដែលជាកាសែតឯករាជ្យដ៏ធំបង្អស់របស់កេនយ៉ា បានប្រាប់ឲ្យដឹងថា «ទាំងអ្នកខ្ចីប្រាក់(កេនយ៉ា) ឬទ្រព្យសម្បត្តិរបស់ខ្លួនមិនមានសិទ្ធិអភ័យឯកសិទ្ធដោយផ្អែកលើអធិបតេយ្យភាពនោះទេ»។
កិច្ចសន្យានោះ ក៏ចែងដែរថា កេនយ៉ា ត្រូវតែប្រើទំនិញ បច្ចេកវិទ្យានិងសេវាកម្មចិនក្នុងការសាងសង់និងប្រតិបត្តិការ ហើយខសម្ងាត់មួយហាមឃាត់ រដ្ឋាភិបាលកេនយ៉ាមិនឲ្យបញ្ចេញលក្ខខណ្ឌរបស់កិច្ចសន្យាដោយមិនមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីរដ្ឋាភិបាលក្រុងប៉េកាំង។
សេចក្តីដកស្រង់ទាំងនោះ ផ្តល់ភស្តុតាងជាក់ស្តែងភាគច្រើនថា រដ្ឋាភិបាលក្រុងប៉េកាំង អាចពាក់ព័ន្ធនៅក្នុងអ្វីដែលពួកអ្នករឹះគន់ រួមមានសហរដ្ឋអាមេរិក ចាត់ទុកជាវិស័យការទូតអន្ទាក់បំណុលដែលផ្តល់ប្រាក់កម្ចីធ្វើឡើងដើម្បីបង្ខំឲ្យប្រទេសនានាប្រគល់ដី រ៉ែ ឬទ្រព្យសម្បត្តិសំខាន់ៗនៅពេលដែលពួកគេគ្មានប្រាក់សង។
កាសែត The Nation នោះមិនបានបង្ហាញថាតើខ្លួនទទួលបានកិច្ចសន្យាតាមវិធីណា ឬថាតើខ្លួនបានប្រើប្រាស់វិធីអ្វីដើម្បីកំណត់ថា កិច្ចសន្យានោះជាកិច្ចសន្យាពិត។
ក៏ប៉ុន្តែ ភាសារក្នុងឯកសារនោះដូចគ្នានឹងកិច្ចសន្យាដែលVOA បានរកឃើញក្នុងគម្រោងកិច្ចផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់ដែលជាផែនការហេដ្ឋារចនាសម្ព័ន្ធសាកលមានប្រាក់រាប់លានលានដុល្លាររបស់ចិន នៅក្នុងប្រទេស ស៊ែប៊ី ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេស ហ្គីយ៉ាន ដែលបង្ហាញថា លក្ខខណ្ឌរបស់ប្រាក់កម្ចីកេនយ៉ា ចាប់តាំងពីការរឹបអូសយកទ្រព្យសម្បត្តិហើយខសម្ងាត់ចែងអំពីការប្រើប្រាស់អ្នកលក់ដូរជនជាតិចិន អាចឆ្លុះបញ្ចាំងពីការអនុវត្តប្រាក់កម្ចីរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅទូទាំងទ្វីបអាហ្វ្រិកនិងទ្វីបផ្សេងៗទៀត។
លោក Charles Kanjama ប្រធានសាខាអង្គការសង្គមច្បាប់របស់កេនយ៉ាក្នុងក្រុង Nairobi បានប្រាប់កាសែត The Nation ថា ខខ្លះនៃកិច្ចសន្យានោះ ដូចជាខសម្ងាត់ ជារឿងធម្មតា។ ក៏ប៉ុន្តែ លោកបានលើកឡើងនូវការព្រួយកង្វល់នឹងភាសាផ្សេងៗទៀតដែលបញ្ជាក់ថា រាល់ជម្លោះទាំងអស់ត្រូវតែវិនិច្ឆ័យនៅក្នុងប្រទេសចិន។
ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៧មក គម្រោងសង់ផ្លូវរទេះភ្លើងរបស់ក្រុមហ៊ុន Standard Gauge Railway (SGR) មានការសៅហ្មងដោយការចោទប្រកាន់ពីអំពើពុករលួយ ការប្រកាន់ពូជសាសន៍និងការចាត់ចែងមិនបានល្អ។ ទាំងពួកមន្រ្តីកេនយ៉ានិងចិន បានប្រឈមការចោទប្រកាន់ខាងព្រហ្មទណ្ឌ។
មុនពេលសម្ភោធគម្រោងនោះ ពួកអ្នកវិភាគបានលើកឡើងការព្រួយកង្វល់អំពីសោហ៊ុយនៃគម្រោងនោះនិងការសម្រេចនៃការរៀបចំដែលធ្វើផ្លូវរទេះភ្លើងកាត់តាមកណ្តាលឧទ្យានជាតិដ៏ធំបង្អស់មួយរបស់ប្រទេស។
កាលពីចុងខែមុន ប្រធានាធិបតី Uhuru Kenyatta បានតបតនឹងការអះអាងទាំងនោះដែលថា ការផ្តល់ប្រាក់កម្ចីរបស់ចិនបានធ្វើឲ្យប៉ះពាល់ប្រទេស។
ប្រធានាធិបតី Kenyatta បានប្រាប់ពួកអ្នកកាសែតមួយក្រុមក្នុងកិច្ចពិភាក្សាតុមូលមួយថា «ចិនមិនស្វះស្វែងធ្វើអាណានិគមមកលើយើងទេ ក៏ប៉ុន្តែ ពួកគេយល់ពីចំណុចនៃសេចក្តីត្រូវការរបស់យើង»នេះបើតាមសេចក្តីរាយការណ៍របស់កាសែតក្នុងប្រទេសកេនយ៉ាមួយទៀតឈ្មោះThe Star។
លោកKenyatta និយាយទៀតថា «យើងសងប្រាក់មុនកាលកំណត់ ដូច្នេះ ពលរដ្ឋកេនយ៉ា ត្រូវតែមិនអើពើការឃោសនាដែលជារឿងកំប៉ិកកំប៉ុកនោះ។ យើងនឹងបន្តខ្ចីប្រាក់ក៏ប៉ុន្តែ សម្រាប់ការអភិវឌ្ឍ»។
ថ្វីបើភាពចម្រូងចម្រាស់បន្តកើតមានឡើង អ្នកជំនាញខ្លះនិយាយថា ផ្លូវរទេះភ្លើង នៅតែជាសញ្ញាវិជ្ជមានសម្រាប់ប្រទេសដែលត្រូវការហេដ្ឋារចនាសម្ព័ន្ធដើម្បីទ្រទ្រង់ការអភិវឌ្ឍរយៈពេលយូរសម្រាប់ប្រទេសនោះ។
លោកស្រី Irene Sunអ្នកនិពន្ធសៀវភៅមានឈ្មោះថា « The Next Factory of the World» ជាសៀវភៅរៀបរាប់អំពីការផលិតរបស់ចិនក្នុងទ្វីបអាហ្វ្រិក បានប្រាប់ VOA ថា «គម្រោងរបស់ផ្លូវរទេះភ្លើងរបស់ក្រុមហ៊ុន Standard Gauge Railway មានសារៈសំខាន់ណាស់»។
លោកស្រី Sun បាននិយាយទៀតថា មុនពេលគម្រោងផ្លូវរទេះភ្លើង Standard Gauge Railway (SGR)ទីក្រុងធំៗបង្អស់២របស់កេនយ៉ាគឺ ទីក្រុងណៃរ៉ូប៊ីនិងក្រុង Mombasa បានត្រូវភ្ជាប់ដោយផ្លូវថ្នល់មិនល្អហើយត្រូវចំណាយពេលពី១០ទៅ១៥ម៉ោងតាមរថយន្ត។
លោកស្រី Sun ជាដៃគូនៅក្រុមហ៊ុនពិគ្រោះយោបល់ McKinsey & Company បាន និយាយថា «ឥឡូវនេះ យើងអាចជិះរទេះភ្លើង៥ម៉ោងប៉ុណ្ណោះ»។
លោកស្រីនិយាយបន្តទៀតថា «នេះជាការផ្លាស់ប្តូរទាំងស្រុងសម្រាប់ពលរដ្ឋធ្វើដំណើរក៏ប៉ុន្តែខ្ញុំគិតថាវាមានសារៈសំខាន់ជាងនេះមួយទៀតគឺ ការដឹកជញ្ជូនទំនិញ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន