កសិករ​កេនយ៉ា​បាន​ប្រយោជន៍​ពី​កម្ចី​មាន​ការ​ធានា

រូបភាពឯកសារ៖ ស្រ្តី​កសិករ​ជនជាតិ​កេនយ៉ា​ច្រូត​កាត់​កាលពី​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ២០០៨។

សម្រាប់ ៤ រដូវ​កន្លង​មក​នេះ គេ​ឃើញ​មាន​ភ្លៀង​ធ្លាក់​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ស្រុក Machakos ប្រទេស​កេនយ៉ា ហើយ​កសិករ​បាន​សម្លឹង​មើល​ទាំង​អស់​សង្ឃឹម​នៅ​ពេល​ដែល​កសិផល​របស់​ពួកគេ​ក្រៀម​ស្វិត​ស្រពោន​អស់។ ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្ទើរតែ​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ នៅ​ពេល​ដែល​ពួកគេ​ត្រូវ​ទិញ​ស្បៀង​អាហារ​នៅ​តាម​ទីផ្សារ ដោយសារតែ​មិន​អាច​ពឹង​លើ​ទិន្នផល​កសិកម្ម​របស់​ពួកគេ​បាន។ អ្នកស្រី Beatrice Ndavi គឺ​ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​នោះ។

អ្នកស្រី Ndavi និយាយ​ដូច្នេះ​ថា៖ «កសិករ​ស្រុក Machakos ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត ដោយសារតែ​នៅ​ពេល​ដែល​មាន​គ្រោះ​រាំង​ស្ងួត យើង​គ្មាន​ស្បៀង​អាហារ​គ្រប់គ្រាន់​សម្រាប់​ក្រុម​គ្រួសារ​របស់​ពួក​យើង​នោះ​ទេ»។

គម្រោង​ជួយ​ដល់​កសិករ​ទាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៧ គឺ​មុន​នឹង​គ្រោះ​រាំង​ស្ងួត​មួយ​ទៀត​ចូល​មក​ដល់។ គម្រោង​ជួយ​នេះ​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​កម្មវិធី​កម្ចី​ដែល​ហៅ​ថា «គម្រោង​ឥណទាន​ដែល​អាច​ប្រែប្រួល​តាម​ហានិភ័យ»។ គម្រោង​នេះ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ស្បៀង​អាហារ​អន្តរជាតិ IFPRI។ អ្នក​វិទ្យាសាស្ត្រ​ជាន់​ខ្ពស់​លោក Linzhou You គឺ​ជា​អ្នក​ដឹកនាំ​គម្រោង​នេះ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​គ្មាន​ភ្លៀង គឺ​គ្មាន​ទិន្នផល​ទេ ដូច្នេះ​កសិករ​មិន​ចាំបាច់​សង​បំណុល​ឡើយ។ ប៉ុន្តែ នៅ​ពេល​ដែល​មាន​ភ្លៀង ហើយ​កសិករ​ប្រមូល​ផល​បាន​ល្អ នោះ​កសិករ​ត្រូវតែ​សង​បំណុល​នេះ រួម​ទាំង​ការ​ធានា​រ៉ាប់រង​ទៀត​ផង។

នេះ​គឺ​ជា​គំនិត​ថ្មី​ខុស​ពី​ការ​អនុវត្ត​កន្លង​មក ដែល​ការ​អនុវត្ត​កាល​ពី​មុនៗ​គឺ​ថា ធនាគារ​ពាណិជ្ជកម្ម​មិន​ព្រម​ផ្ដល់​កម្ចី​ដល់​កសិករ​តូចតាច។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Esther Muiruri ប្រធាន​ធនាគារ​សមធម៌ (Equity Bank) នៃ​ប្រទេស​កេនយ៉ា។

លោក​និយាយ​ថា៖ «សម្រាប់​ដី​មួយ​អា យើង​ផ្ដល់​កម្ចី​ប្រហែល ៩៧ ដុល្លារ​អាមេរិក ដូច្នេះ​កសិករ​អាច​ទិញ​ជី គ្រាប់​ពូជ និង​ជី​គីមី​ដទៃ​ទៀត​ដែល​ពួកគេ​ត្រូវការ​ដើម្បី​ដាំដុះ​ដំណាំ​របស់​ពួកគេ​បាន»។

កសិករ​ទទួល​បាន​កម្ចី​នេះ បន្ទាប់ពី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ផ្នែក​កសិកម្ម និង​ផ្នែក​ហិរញ្ញវត្ថុ។ អ្នកស្រី Ndavi ទទួល​បាន​កម្ចី​ដំបូង​កាល​ពី​មុន និង​ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ ២៦៥ នាក់ ដែល​ទទួល​បាន​កម្ចី​ជា​លើក​ទី​ពីរ​កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នកស្រី Ndavi លើក​ឡើង​ដូច្នេះ​ថា៖ «មុន​ពេល​ធនាគារ​ផ្ដល់​កម្ចី​ដល់​យើង ទិន្នផល​ដំណាំ​គឺ​ទាប​ខ្លាំង​ណាស់ គឺ​យើង​ប្រើ​តែ​ជី​អាចម៍​សត្វ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​ប្រើ​ជី​គីមី​ទាំង​នេះ​មក យើង​ឃើញ​ថា ទិន្នផល​មាន​ការ​កើន​ឡើង»។

គម្រោង​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាកល្បង​នៅ​ឡើយ ប៉ុន្តែ​គេ​ឃើញ​មាន​គម្រោង​ផ្សេង​ទៀត​ស្រដៀង​នឹង​គម្រោង​នេះ​ដែរ​សម្រាប់​ជួយ​តំបន់​រាំង​ស្ងួត​ដទៃ​ទៀត​នៅ​តាម​បណ្ដា​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក៕

ប្រែ​សម្រួល​ដោយ ភី សុភាដា