កងកម្លាំងសន្តិសុខកេនយ៉ា (Kenya) នឹងពឹងផ្អែកយ៉ាងខ្លាំងនៅលើប្រព័ន្ធកាមេរ៉ាសន្តិសុខដែលបានដំឡើងនៅទូទាំងទីក្រុងណៃរ៉ូប៊ី (Nairobi) ដើម្បីផ្តល់សន្តិសុខក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅក្នុងខែនេះ។ ប៉ុន្តែក្នុងពេលកន្លងមកប្រព័ន្ធកាមេរ៉ានេះមិនទាន់បានដំណើរការដូចជាការផ្សាយទេ។
ទីក្រុងណៃរ៉ូប៊ីមានបទល្មើសដែលលោក George Muchai ដែលជាសមាជិកសភា និងអង្គរក្ស ព្រមទាំងអ្នកបើកឡានរបស់លោកត្រូវបានគេសម្លាប់ដោយការបាញ់ប្រហារមុនពេលថ្ងៃរះ នៅថ្ងៃទី៧ខែកុម្ភៈ។
ការវាយប្រហារនេះបានកើតឡើងនៅកណ្តាលទីក្រុងណៃរ៉ូប៊ីមិនឆ្ងាយពីអគាររដ្ឋាភិបាលដែលត្រូវបានការពារដោយកម្លាំងសន្តិសុខ និងប្រព័ន្ធកាមេរ៉ាសន្តិសុខ។
កាមេរ៉ាសន្តិសុខដែលដំឡើងថ្មីត្រូវបានគេរំពឹងថា នឹងជួយឱ្យប៉ូលិសអាចកំណត់អត្តសញ្ញាណឃាតកបាន។
ជាការពិត ព្រឹត្តិការណ៍នៅយប់នោះត្រូវបានថតដោយកាមេរ៉ានៅពីលើដំបូលអគារកម្ពស់២៤ជាន់។
ប៉ុន្តែនៅក្នុងខ្សែវីដេអូដែលវីអូអេទទួលបាននោះមើលឃើញតែស្រមោលៗ ហើយមិនអាចកំណត់អត្តសញ្ញាណឃាតកបានទេ។
លោក Alois Lentoimaga អនុប្រធានគណៈកម្មាធិការសន្តិសុខរបស់សភាបាននិយាយថា ប្រព័ន្ធកាមេរ៉ាសន្តិសុខមិនអាចជួយដោះស្រាយបញ្ហាឃាតកម្មនោះទេ។
«ការស៊ើបអង្កេតគឺហ្មត់ចត់ មានឧបករណ៍ផ្សេងទៀតដែលត្រូវបានគេប្រើជាពិសេស ដូចជាទូរស័ព្ទដៃ ទូរស័ព្ទលើតុ។ ជនល្មើសត្រូវបានចាប់ខ្លួនដោយសារតែឧបករណ៍ទាំងនេះ ដែលភាគច្រើនមិនមែនជាប្រព័ន្ធកាមេរ៉ាសន្តិសុខទេ ពីព្រោះ ប្រព័ន្ធកាមេរ៉ាសន្តិសុខមិនអាចដំណើរការបានពេញលេញទេ»។
ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលណៃរ៉ូប៊ីបានដំឡើងកាមេរ៉ាជាច្រើនទៀត ហើយទីភ្នាក់ងារសន្តិសុខនឹងពឹងផ្អែកយ៉ាងខ្លាំងលើប្រព័ន្ធកាមេរ៉ាសន្តិសុខ ដែលជាផ្នែកមួយនៃការការពារសន្ដិសុខក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអូបាម៉ា។
លោក Mohamed Abdullahi នាយកប្រតិបត្តិខាងផ្លូវថ្នល់របស់រដ្ឋធានីណៃរ៉ូប៊ី និយាយថា បញ្ហាកាលពីមុនត្រូវបានគេដោះស្រាយហើយ។
«យើងរំពឹងថា បណ្តាញកាមេរ៉ាសន្តិសុខពីដីទៅក្នុងបន្ទប់បញ្ជានោះគឺត្រូវបានសម្របសម្រួល ពេលដែលមានការកែប្រែហេដ្ឋារចនាសម្ព័ន្ធដែលប៉ះពាល់ដល់ការភ្ជាប់បណ្តាញកាមេរ៉ាសន្តិសុខនេះ»។
រដ្ឋាភិបាលបានចំណាយប្រាក់ចំនួន៤,៤លានដុល្លារ ដើម្បីរៀបចំបណ្តាញកាមេរ៉ាសន្តិសុខនេះ ហើយក្រុមប៉ូលិសបានគាំទ្រចំណាយនេះដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងបន្ធូរបន្ថយការកកស្ទះចរាចរផងដែរ។
Masoud Mwinyi គឺជាអ្នកនាំពាក្យរបស់ប៉ូលិស។ គាត់និយាយថា៖
«កាមេរ៉ាដំឡើងថ្មីនេះថតច្បាស់។ យើងមិនចង់ឲ្យពលរដ្ឋកេនយ៉ាមានអារម្មណ៍ថា យើងធ្វើការផ្លាស់ប្តូរភ្លាមៗទេ»។
ក៏ប៉ុន្តែ ពលរដ្ឋកេនយ៉ាជាច្រើននិយាយថា ពួកគេកំពុងតែរង់ចាំមើលផលប្រយោជន៍របស់ប្រព័ន្ធនេះសម្រាប់ទីក្រុងណៃរ៉ូប៊ី៕
ប្រែសម្រួលដោយ មាន ឥស្សរាយស