លោកប្រធានាធិបតី Kenyatta តាំងខ្លួនជាបុគ្គលទី១ ក្នុងការដាក់អនុវត្តសវនកម្មស្វែងរកមន្ត្រីសាធារណៈដែលពុករលួយ។ លោកបានប្រាប់ប្រជាពលរដ្ឋលោកថា ការធ្វើសវនកម្មបែបផែនជីវិតរស់នៅនេះ នឹងអាចទប់ស្កាត់ការប្រើប្រាស់ថវិការដ្ឋមិនត្រឹមត្រូវ។ លោកបានបន្តថា មន្ត្រីសាធារណៈត្រូវពន្យល់បកស្រាយពីប្រភពទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីរកបុគ្គលណាដែលលួចថវិការដ្ឋ និងកេងចំណេញពីតួនាទីរបស់ខ្លួនក្នុងជួររដ្ឋាភិបាល។
លោកប្រធានាធិបតីបាននិយាយថា៖ «អ្នកត្រូវបង្ហាញឲ្យគេដឹង ពីចំនួនផ្ទះដែលអ្នកមាន ប្រាក់ខែរបស់អ្នក និងថាតើអ្នកអាចទិញធនធានទាំងនោះដោយរបៀបណា? ឡានដែលអ្នកទិញ (សូមកុំព្យាយាមយកឈ្មោះប្រពន្ធ ឬកូនប្រុសដាក់ជាម្ចាស់កម្មសិទ្ធិរបស់ទាំងនោះ ធ្វើយ៉ាងណាក៏ដោយ ក៏យើងនៅតែដឹងថាវាជាកម្មសិទ្ធិរបស់អ្នកដែរ) ហើយអ្នកបានឡានហ្នឹងមកពីណា? អ្នកត្រូវតែបកស្រាយ ខ្ញុំនឹងស្ម័គ្រខ្លួនជាបុគ្គលទី១ ទទួលការធ្វើសវនកម្មបែបផែនជីវិតរស់នៅនេះ»។
កាលពីខែមុន រឿងអាស្រូវអំពើពុករលួយជាច្រើនពាក់ព័ន្ធនឹងការដេញថ្លៃយកសេវា និងអ្នកផ្គត់ផ្គង់សេវាក្នុងស្ថាប័នរដ្ឋនានាត្រូវបានគេទម្លាយ។ រឿងអាស្រូវអំពើពុករលួយដែលត្រូវបានគេទម្លាយនេះ បង្ហាញពីការលួចថវិការាប់រយលាន shilling ដោយបុគ្គលិកក្នុងស្ថាប័នរដ្ឋនានា។ គិតមកដល់ពេលនេះ មន្ត្រីរដ្ឋាភិបាលជាង៤០រូប រួមទាំងអ្នកជំនួញមួយចំនួនផង ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីរឿងអាស្រូវនេះ។ លោកប្រធានាធិបតី Kenyatta បានបន្តបង្ហាញការខកចិត្តលើអំពើពុករលួយ ដែលមើលទៅចេះតែកើនឡើងនិងមិនអាចទប់ស្កាត់បាន ចាប់តាំងពីលោកចូលកាន់តំណែងក្នុងឆ្នាំ២០១៣។
លោកប្រធានាធិបតីបាននិយាយថា៖ «នេះគឺជាករណីមនុស្សលួចទ្រព្យធនរបស់ប្រជាពលរដ្ឋកេនយ៉ា ខ្ញុំសូមសច្ចាចំពោះមុខព្រះជាម្ចាស់ថា អំពើនេះត្រូវតែបញ្ចប់ក្នុងប្រទេសកេនយ៉ា»។
លោកប្រធានាធិបតីបាននិយាយថា ការធ្វើសវនកម្មបែបផែនជីវិតរស់នៅ នឹងក្លាយជាវិធានការមួយក្នុងចំណោមវិធានការដ៏សំខាន់នានា ដាក់ដោយរដ្ឋាភិបាលដើម្បីលុបបំបាត់អំពើមិនត្រឹមត្រូវ។
កាលពីពាក់កណ្ដាលខែមិថុនា លោកប្រធានាធិបតី Kenyatta បានចេញបទបញ្ជាប្រតិបត្តិតម្រូវឲ្យស្ថាប័នរដ្ឋាភិបាល និងស្ថាប័នដែលគ្រប់គ្រងដោយរដ្ឋទាំងអស់បោះពុម្ពផ្សាយរាល់ព័ត៌មានលម្អិតនៃការដេញថ្លៃ និងទឹកប្រាក់អំណោយគិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨។
លោកប្រធានាធិបតីបាននិយាយថា៖ «ឧទាហរណ៍ ប្រសិនបើផ្លូវកំពុងត្រូវបានសាងសង់ យើងចង់ដឹងថាក្រុមហ៊ុនណាដេញថ្លៃបានគម្រោងសាងសង់នេះ? តើការដេញថ្លៃនេះមានតម្លៃប៉ុន្មាន? ក្រុមហ៊ុនណាដេញថ្លៃជាប់លេខទី២ និងលេខទី៣? ហេតុអ្វីបានជាក្រុមហ៊ុនទី១ដេញថ្លៃបាន និង ២ផ្សេងទៀតអត់បាន? ទាំងអស់នេះហើយ ដែលយើងត្រូវតែដឹង។ ប្រជាជនកេនយ៉ា ចាំបាច់ត្រូវតែដឹងពីរឿងទាំងអស់នេះ ដូច្នេះវាត្រូវតែលាតត្រដាង ដឹងពីឈ្មោះក្រុមហ៊ុននិងបុគ្គលជាម្ចាស់នៃក្រុមហ៊ុនដែលបានទទួលការដេញថ្លៃ នរណាខ្លះជានាយក និងនរណាខ្លះទៀតជាម្ចាស់ភាគហ៊ុន។ មិនត្រូវមានការបិទបាំងអ្វីទៀតទេ»។
នៅដើមខែនេះ គឺថ្ងៃទី១ ខែមិថុនា លោកប្រធានាធិបតី Kenyatta បានបញ្ជាឲ្យមានការពិនិត្យមើលលើប្រធានផ្នែកលទ្ធកម្ម និងគណនេយ្យទាំងអស់ឡើងវិញ។ លោកបាននិយាយថា ការពិនិត្យពិច័យនេះ នឹងបញ្ចូលការធ្វើតេស្តកុហក Polygraph ដើម្បីបញ្ជាក់សុចរិតភាពនៃមន្ត្រីទាំងអស់នោះ។
ប្រទេសកេនយ៉ាបានពិន្ទុត្រឹមតែ២៨លើ១០០ នៅលើសន្ទស្សន៍យល់ដឹងអំពីអំពើពុករលួយ ដែលរាយការណ៍ដោយអង្គការតម្លាភាពអន្តរជាតិ។ សន្ទស្សន៍នៃអំពើពុករលួយរបស់ប្រទេសកេនយ៉ា គឺស្ថិតជាមធ្យមប្រមាណ ២២,៦២ពិន្ទុ គិតចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ២០១៧៕
ប្រែសម្រួលដោយ កោះ សុគន្ធី