ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឆ្នាំ ២០១៧ ជា​រដូវ​កាល​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ប្រទេស​កេនយ៉ា


ប៉ូលិស​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ដើម្បី​គ្រប់គ្រង​ក្រុម​មនុស្ស​ដែល​ព្យាយាម​ចូល​ទៅ​ក្នុង​ស្តាត Kasarani ដើម្បី​ចូលរួម​ការ​ស្បថ​កាន់​តំណែង​របស់​លោក​ប្រធានាធិបតី Uhuru Kenyatta ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ប៉ូលិស​បាញ់​ឧស្ម័ន​ទឹក​ភ្នែក​ដើម្បី​គ្រប់គ្រង​ក្រុម​មនុស្ស​ដែល​ព្យាយាម​ចូល​ទៅ​ក្នុង​ស្តាត Kasarani ដើម្បី​ចូលរួម​ការ​ស្បថ​កាន់​តំណែង​របស់​លោក​ប្រធានាធិបតី Uhuru Kenyatta ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី Uhuru Kenyatta នៃ​ប្រទេស​កេនយ៉ា នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ក្នុង​អាណត្តិ​ទី​ពីរ​របស់​លោក កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ គឺ​ជា​ការ​បញ្ចប់​នូវ​រដូវ​កាល​បោះ​ឆ្នោត​ឆ្នាំ ២០១៧ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជា​យូរ​មិន​ធម្មតា​មួយ។

បន្ទាប់ពី​ប្រទេស​កេនយ៉ា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​សីហា ដែល​លទ្ធផល​បាន​បង្ហាញ​ថា លោក Kenyatta បាន​ទទួល​ជ័យជម្នះ​លើ​លោក Raila Odinga មក តុលាការ​កំពូល​បាន​ចាត់​ទុក​ការ​បោះ​ឆ្នោត​នោះ​ជា​មោឃៈ ដោយ​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​នានា​នៅ​ក្នុង​ការ​បញ្ជូន​លទ្ធផល​ឆ្នោត។

តុលាការ​កំពូល​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​សម្រេច​របស់​ខ្លួន​ថា គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បដិសេធ​មិន​ធ្វើ​តាម​សាលដីកា​របស់​តុលាការ​ដែល​ទាមទារ​ឲ្យ​គណៈកម្មការ​នេះ​បើក​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ខ្លួន។

លោកស្រី​ចៅក្រម Philomena Mwilu បាន​និយាយ​ថា៖ «យើង​គ្មាន​ជម្រើស​អ្វី​នោះ​ទេ ក្រៅ​តែ​ពី​ការ​ទទួល​យក​នូវ​ពាក្យ​បណ្ដឹង​របស់​ដើម​បណ្ដឹង ដែល​ថា​ប្រព័ន្ធ​កុំព្យូទ័រ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​គេ​លួច​ចូល​ដើម្បី​ប្ដូរ​ទិន្នន័យ ឬ​ក៏​មន្ត្រី​គណៈកម្មការ​បោះ​ឆ្នោត​ផ្ទាល់​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ទិន្នន័យ​ទាំង​នេះ ឬ​ក៏​បដិសេធ​មិន​ទទួល​ស្គាល់​ថា​ខ្លួន​ជា​អ្នក​ធ្វើ​ឲ្យ​ខូច​ដល់​ប្រព័ន្ធ​បញ្ជូន​លទ្ធផល​ឆ្នោត​នេះ​ទាំង​មូល និង​មិន​អាច​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ជា​ដើម»។

ដូច្នេះ​ហើយ តុលាការ​បាន​បញ្ជា​ឲ្យ​គណៈកម្មការ​បោះ​ឆ្នោត​រៀបចំ​ការ​បោះ​ឆ្នោត​សារ​ជា​ថ្មី​នៅ​ក្នុង​រយៈពេល ៦០ ថ្ងៃ។ បន្ទាប់ពី​បាន​ទាមទារ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​មាន​ការ​កែ​ទម្រង់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត លោក Raila Odinga បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​ការ​បោះ​ឆ្នោត​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​តុលា​កន្លង​ទៅ​នេះ និង​បាន​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ធ្វើ​ពហិការ​មិន​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ។

ក្រោយ​ការ​បោះ​ឆ្នោត គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ប្រកាស​ថា លោក Kenyatta ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​ពីរ​នេះ។ លោក Raila Odinga បាន​អះអាង​ថា លោក Kenyatta ខ្វះ​ភាព​ស្រប​ច្បាប់ ដោយសារតែ​អត្រា​អ្នក​ចេញ​មក​បោះ​ឆ្នោត​មាន​កម្រិត​ទាប។

ពាក្យ​បណ្ដឹង​ពីរ​ត្រូវ​បាន​ប្ដឹង​ទៅ​កាន់​តុលាការ​កំពូល ដើម្បី​ប្រឆាំង​នឹង​សាលដីកា​នេះ ប៉ុន្តែ​នៅ​ពេល​នេះ តុលាការ​បាន​សម្រេច​តម្កល់​លទ្ធផល​បោះ​ឆ្នោត​នេះ។ លោក Raila Odinga បាន​ឆ្លើយតប​នឹង​សាលដីកា​នេះ ដោយ​ប្រកាស​អំពី​ការ​បង្កើត​នូវ​ចលនា​ប្រឆាំង និង​ប្រកាស​គំរាម​ធ្វើ​ការ​ស្បថ​ចូល​កាន់​តំណែង​ដោយ​ខ្លួន​លោក​ផ្ទាល់។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កេនយ៉ា​លោក Githu Muigai បាន​និយាយ​ថា៖ «ច្បាប់​ឧក្រិដ្ឋកម្ម​នៃ​សាធារណរដ្ឋ​កេនយ៉ា​ត្រង់​មាត្រា​៤០ នៃ​ក្រម​ព្រហ្មទណ្ឌ បាន​បង្ហាញ​ថា ការ​ស្បថ​ចូល​កាន់​តំណែង​ដោយ​ខ្លួន​ឯង​បែប​នេះ​គឺ​ជា​ទោស​ក្បត់​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។ វា​ជា​ទោស​ក្បត់​ជាតិ​សម្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ និង​អ្នក​ដែល​ជួយ​សម្រួល​ដំណើរការ​នេះ»។

មនុស្ស​ភាគ​ច្រើន​ខ្លាច​ថា ការ​តែងតាំង​លោក Raila Odinga ជា​ប្រធានាធិបតី​ជំនួស​ឲ្យ​លោក​ប្រធានាធិបតី Kenyatta អាច​បង្កើន​ភាព​តានតឹង​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កេនយ៉ា ដែល​កន្លង​មក មនុស្ស​ជាង ៧០ នាក់ ត្រូវ​បាន​សម្លាប់​រួច​មក​ហើយ​នៅ​ក្នុង​អំឡុង​ពេល​មាន​អំពើ​ហិង្សា​កើត​ឡើង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បោះ​ឆ្នោត។

នា​ពេល​ឥឡូវ​នេះ ប្រជាពលរដ្ឋ​កេនយ៉ា​រង់ចាំ​មើល​ថា​តើ​មន្ត្រី​រដ្ឋាភិបាល​ដែល​ទើប​ត្រូវ​បាន​ជ្រើសរើស នឹង​ប្រើប្រាស់​ពេល​វេលា​នា​ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ដើម្បី​ជំរុញ​ឲ្យ​មាន​សន្តិភាព និង​ធ្វើ​តាម​ការ​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​ពួកគេ​កន្លង​មក ឬ​ក៏​យ៉ាង​ណា​នោះ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG