ប្រជាពលរដ្ឋប្រទេស កេនយ៉ា (Kenya) កំពុងកាន់មរណទុក្ខដល់អ្នកស្លាប់ នៅក្នុងការឡោមព័ទ្ធសាកលវិទ្យាល័យមួយក្នុងភាគខាងកើតនៃប្រទេស ក្នុងរយៈពេលពេញមួយថ្ងៃដោយក្រុមសកម្មប្រយុទ្ធ al-Shabab កាលពីថ្ងៃព្រហស្បតិ៍នេះ ដែលបានសម្លាប់មនុស្សចំនួន ១៤៧ នាក់ រួមជាមួយក្រុមអ្នកវាយប្រហារ ៤ នាក់ផងដែរ។
រដ្ឋាភិបាលកេនយ៉ាបានស្នើផ្តល់រង្វាន់ ២២ ម៉ឺនដុល្លារ សម្រាប់ជនសកម្មប្រយុទ្ធ al-Shabab ម្នាក់ទៀតដែលមានទាក់ទងនឹងការវាយប្រហារនេះដែរ ឈ្មោះ Mohammed Mohamud Kuno ដែលជាប់ឈ្មោះក្នុងបញ្ជីឃ្លាំមើលរបស់រដ្ឋាភិបាលជាស្រេចទៅហើយ។ គេសង្ស័យថា បុរសនេះជាមេដឹកនាំពួក al-Shabab សម្រាប់ប្រតិបត្តិការផ្ទៃក្រៅប្រឆាំងនិងប្រទេសកេនយ៉ា។ គាត់មានឈ្មោះក្រៅហៅថា Gamadhere ឬក៏ Dutyadayna។
អាជ្ញាធរចង់ចាប់ Kuno មកសួរចម្លើយអំពីការវាយប្រហារទៅលើសាកលវិទ្យាល័យ Garissa ដែលពួកក្មាន់កាំភ្លើងបានវាយលុកទៅក្នុងបរិវេណសាលារៀនមុនពេលព្រលឹមកាលពីថ្ងៃព្រហស្បតិ៍ ហើយបានបាញ់រះពាសពេញ។
កងកម្លាំងសន្តិសុខបានវាយប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធអស់រយៈពេល ១៥ ម៉ោង ហើយបានជួយសង្គ្រោះនិស្សិតជា ៥០០ នាក់ហើយបានសម្លាប់អ្នកវាយប្រហារចំនួន ៤ នាក់។
ក្រុម al-Shabab និយាយថា ការវាយប្រហារនេះគឺជាការសងសឹកនឹងសកម្មភាពយោធារបស់កេនយ៉ានៅក្នុងប្រទេស សូម៉ាលី (Somalia) ដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមនេះមានមូលដ្ឋានរបស់ខ្លួន៕