តុលាការកំពូលរបស់ប្រទេសកេនយ៉ាកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាឲ្យរដ្ឋាភិបាល អនុញ្ញាតឲ្យស្ថានីយទូរទស្សន៍ធំៗចំនួនបីនៅក្នុងប្រទេសដំណើរការឡើងវិញ បន្ទាប់ពីស្ថានីយ៍ទាំងនោះព្យាយាមផ្សាយពីរូបភាពនៃការហាត់សមពិធីឡើងកាន់តំណែងរបស់មេដឹកនាំក្រុមប្រឆាំង លោក Raila Odinga។
ពិធីនេះមានការចូលរួមពីក្រុមអ្នកគាំទ្រលោកOdingaរាប់ម៉ឺននាក់នៅក្នុងរដ្ឋធានី ណៃរ៉ូប៊ី ដើម្បីតវ៉ាប្រឆាំងទៅនឹងជ័យជំនះរបស់លោក Uhuru Kenyatta នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីឆ្នាំមុន ដែលត្រូវបានលោកOdingaអះអាងថាមានការបន្លំនោះ។
រដ្ឋាភិបាលបានឆ្លើយតបទៅសកម្មភាពហាត់សមកាលពីថ្ងៃអង្គារ ដោយបានប្រកាសថាសកម្មភាពរបស់ក្រុមប្រឆាំងគឺជាអង្គការឧក្រិដ្ឋកម្ម និងបានបញ្ជាឲ្យបិទការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ទាំងនោះ។
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Fred Matiangiបានថ្លែងកាលពីថ្ងៃពុធថា ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុទាំងនោះនឹងបន្តបិទការផ្សាយរបស់ពួកគេ ខណៈដែលរដ្ឋាភិបាលកំពុងស៊ើបអង្កេតពីតួនាទីរបស់ពួកគេ នៅក្នុងអ្វីដែលលោកហៅថា ជាការព្យាយាម
ធ្វើឲ្យខូចខាតដល់រដ្ឋាភិបាលរបស់លោក Kenyatta។
ទោះជាយ៉ាងណាក៍ដោយ ចៅក្រមនៃតុលាការកំពូលលោក Chacha Mwitaកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជារដ្ឋាភិបាលអនុញ្ញាតឲ្យស្ថានីយ៍ទូរទស្សន៍ទាំងបីនោះចាក់ផ្សាយដំណើរការឡើងវិញ។ លោកចៅក្រមក៍បានបញ្ជាទៅរដ្ឋាភិបាលមិនត្រូវរំខានដល់ការចាក់ផ្សាយរបស់ស្ថានីយទាំងនេះរហូតដល់មានការចេញសាលក្រមឲ្យបិទស្ថានីយ៍ទាំងនោះជាផ្លូវការ៕