តុលាការ​កាត់​ទោស​ លោក កឹម សុខា ឱ្យជាប់​ពន្ធនាគារ​ ២៧​ឆ្នាំ មិន​ឱ្យ​ជួប​ជន​បរទេស និង​ឱ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​រហូត

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចាក​ចេញ​ពី​ផ្ទះ​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចូល​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្បត់​ជាតិ ដែល​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​ចំនួន ២៧ ឆ្នាំ ក្រោយ​ពី​រក​ឃើញ​ថា​មាន​ទោស ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​ផ្តន្ទា​ទោស​លោក កឹម សុខា អតីត​មេដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ ឱ្យជាប់​ពន្ធនាគារ​រយៈពេល ​២៧ ​ឆ្នាំ ពី​បទ«ក្បត់​ជាតិ» ប៉ុន្តែ​រូប​លោក​មិន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួនឡើយ។ នេះ​បើ​តាម​មេធាវី​របស់​លោក កឹម សុខា។

បន្ថែម​ពី​នេះ លោក កឹម សុខា ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ជួប​ជន​បរទេស ដូចអ្វីដែល​លោក​ធ្លាប់​បាន​ជួប​តំណាង​អង្គ​ទូតបរទេស​នានា ​ក្នុង​ពេល​លោក​មិន​ទាន់​ត្រូវ​បាន​កាត់​ទោស​នោះ។

លោក អាង ឧត្តម មេធាវី​របស់​លោក កឹម សុខា ប្រាប់​អ្នក​សារព័ត៌មាន​ថា ​លោក កឹម សុខា អាយុ​ ៧០ ឆ្នាំ ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យធ្វើ​នយោ​បាយ មិន​ឱ្យ​ចេញ​ពីផ្ទះ ​និង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យជួប​បរទេស​ ​លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

លោក អាង ឧត្តម បញ្ជាក់​ថា៖ «​តែ​យ៉ាង​ណា គេ​មិន​ឃុំ​ខ្លួន​ភ្លាម​ទេ​។ ​ព្រោះ​ជាទូទៅ​សាល​ក្រម ​សេច​ក្តី​សម្រេច អាច​សម្រេច​ភ្លាម ឃុំ​ខ្លួន​ភ្លាម​។ ប៉ុន្តែ​យើង​ពិចារណា​ដូច​លក្ខណៈ​ឃុំ​ខ្លួន​ដែរ គឺ​ការ​ឃុំ​ខ្លួ​ន​នៅផ្ទះ»។

លោក​មេធាវីរូបនេះ​ចាត់​ទុក​ការ​កាត់​ទោស​នេះ​មិន​ត្រឹម​ត្រូវ ​អយុត្តិធម៌ និង​មាន​លក្ខណៈ​នយោ​បាយ។

លោក​បន្ថែមថា៖ «យើង​ដឹងអស់​ហើយ​ ថា​រឿង​ហ្នឹង​ជារឿង​នយោបាយ មាន​តែ​អ្នកនយោបាយ​ទេ អាច​សម្រេច។ យើង​និយាយគ្នា​តាំង​ពីដើមហើយ​តាស៍!»។

ទិដ្ឋភាពនៃសាលាដំបូងរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រោយ​ពី​បិទ​បញ្ចប់​ការ​ប្រកាស​សាល​ក្រម លោក កឹម សុខា ​ត្រូវបាន​គេដឹក​ចេញតាម​ផ្លូវ​ចំហៀង​របស់​តុលាការ នៅ​ម៉ោ​ង​ប្រមាណ ​៩ និង​ ៤៥​ នាទី​ព្រឹក នៅ​ថ្ងៃ​សុក្រ​នេះ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ លោក កឹម សុខា ក៏​ត្រូវ​បាន​ដក​ជា​ស្ថាពរ​នូវ​សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត។ លោក​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញ​ពី​បរិវេណ​នៃ​លំនៅដ្ឋាន ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។ លោក​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ជួប​បុគ្គល​ណា​ម្នាក់ ទាំង​ខ្មែរ​និងបរទេស ឬ​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ក្រៅ​ពីសមាជិក​គ្រួសារ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

ដោយ​ឡែក​នៅ​ខាង​មុខ​តុលាការក្រុង​ភ្នំពេញ គេ​ឃើញ​មាន​អ្នក​គាំទ្រ​របស់​លោក កឹម សុខា មួយ​ចំនួន ដែលខ្លះ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ផង​ដែរ។ ក្រៅ​ពី​នេះ គេ​ក៏​ឃើញ​មាន​អាជ្ញាធរ កង​កម្លាំង​ប្រដា​ប់អាវុធ​ត្រូវ​បានដាក់​ពង្រាយ​នៅ​ជិត​តុលាការ ដើម្បី​ការ​ពារ​សន្តិ​សុខ​ ហើយ​ក៏​មានជន​ស្លៀក​ពាក់​ស៊ីវិល​មួយ​ចំនួនតាម​ឃ្លាំ​មើល និង​ថត​រូប​ប្រជា​ពល​រដ្ឋ និង​អ្នក​សារ​ព័ត៌​មានផង​ដែរ។

លោក​ យ៉េង វីរៈ ប្រធាន​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន​ ដែល​បានម​ក​សង្កេត​មើល​នៅ​ខាង​មុខ​តុលាការ​ក្រុងភ្នំពេញ ​សម្តែង​ការ​សោក​ស្តាយ នៅ​ពេល​ដែលលោក កឹម​ សុខា ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​បែប​នេះ។

លោក​ថ្លែង​ថា៖ ​«​ជា​រឿង​សោក​ស្តា​យ ​យើង​អត់ចង់​ឱ្យរឿង​នឹង​បន្ត​យប់​យន់​សុបិន​យូរ​អ៊ីចឹង​ទេ​។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​ ប្រហែល​ជា​គាត់​បន្ត​តទៅ​ទៀត តាម​ផ្លូវ​តុលាការ​ហ្នឹង​ ហើយ​ខ្ញុំជឿ​ថា ក្រុម​មេធាវី ការពារ​គាត់ នឹង​បន្តប្តឹង​ឧទ្ធរណ៍​ទៀត»។

ចំណែក​អ្នក​គាំទ្រ​ម្នាក់​របស់​លោក កឹម សុខា ដែល​មក​ពី​ខេត្ត​កំពត លោក យិន ឈូក​រ័ត្ន ​អាយុ​ ៤៤​ ឆ្នាំ​ យល់​ថា ​ការ​កាត់​ទោស​លោក កឹម សុខា បែបនេះ គឺ​អយុត្តិ​ធម៌​ខ្លាំង​ណាស់។ លោក​បន្ត​ថា ​បើ​សិន​សំណុំ​រឿង​នេះ​បន្ត​ដោះ​ស្រាយ​តាមប្រព័ន្ធ​តុលាការ គឺ​មិន​មាន​សង្ឃឹម​ក្នុង​ការ​អាច​ផ្តល់​យុត្តិ​ធម៌​សម្រាប់​លោក កឹម​ សុខា និង​ប្រជា​ពលរដ្ឋ​ខ្មែរ​នោះ​ទេ។ ដូច្នេះ​លោកយល់ថា ​ផ្លូវដែល​អាច​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​ធ្វើ​នយោបាយ​ឡើង​វិញ ​គឺ​ទំនងមាន​តែ​ច្រក​មួយ​ប៉ុណ្ណោះ តាមរយៈ​ការស្នើ​ព្រះ​មហា​ក្សត្រ​ឱ្យព្រះ​រាជ​ទាន​លើក​លែង​ទោស។

លោក​ថ្លែង​ថា៖ «បើ​យើង​ប្តឹង​តាម​ប្រព័ន្ធ​តុលាការ​ទៅឧទ្ធរណ៍ ឬ​ទៅ​[តុលាការ​]​កំពូល​ទៀត បើតា​ម​ខ្ញុំ​មើល​ឃើញ ​អត់​មាន​ការដោះ​ស្រាយ​ចេញ ដោយឱ្យ​គាត់​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ។ ហើយ​អ្វី​ដែល​សំខាន់ ​ដែល​ខ្ញុំគួរគិត ប្រហែល​ជាគេ​ចង់​ឱ្យ​យើង​ធ្វើ​ពាក្យ ទូល​ព្រះ​មហា​ក្សត្រ​ ដើម្បីសុំ​លើក​លែង​ទោស​អី​អ៊ី​ចឹង​។ នេះគ្រាន់​ជា​ការ​គិត​របស់​ខ្ញុំ»។

លោក​បន្តថា​៖ ​«​បើ​សិន​ជា​គាត់​រួច​ខ្លួន ដោយ​សារ​ការ​លើក​លែង​ទោស​ពី​អង្គ​ព្រះ​មហា​ក្សត្រ ខ្ញុំគិត​ថា មិន​ជា​សប្បាយ​ចិត្ត​ទេ​ ពី​ព្រោះ​ប្រព័ន្ធ​យុត្តិធម៌​យើងអត់យុត្តិធម៌។ ហើយ​អ្វីដែល​ពាក់​ព័ន្ធ​រឿង​នយោ​បាយ ទាល់​តែ​ការ​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ​បាន​ត្រូវ​អស់​ទោស។ អ៊ីចឹង​យើង​អត់សូវ​សប្បាយ​ចិត្ត​ទេ យើង​ចង់​ឱ្យ​ប្រព័ន្ធ​តុលាការ​ស្រុកយើង​ហ្នឹង​ មាន​យុត្តិធម៌​សម្រាប់អ្នក​ដែល​ធ្វើអំពើល្អ ដែល​គាត់ដើរ​ផ្លូវ​ល្អ​ ផ្លូវ​យុត្តិធម៌​ហ្ហា​ អ៊ីចឹង​យើង​ចង់​បាន​តាម​ហ្នឹង​វិញ»។

ព័ត៌មាន​ទាក់ទង៖ អាមេរិក​ប្រតិកម្ម​ខ្លាំង​ៗនឹង​ការផ្តន្ទាទោស​ លោក កឹម សុខា ឱ្យ​ជាប់​ពន្ធនាគារ​ ២៧​ឆ្នាំ

ចំណែក​អ្នក​គាំទ្រ​ផ្សេង​ទៀត ក៏​បាន​សម្តែង​ការ​សោក​ស្តាយ និង​បានចាត់​ទុក​ថា​ការ​កាត់​ក្តី​លើ​លោក កឹម សុខា ​គឺ​ជា​រឿង​អយុត្តិ​ធម៌។

អ្ន​កនាំពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​នៅថ្ងៃទី ៣ ខែមីនា​នេះ​ ដោយការ​ពារ​សាល​ក្រមលើលោក កឹម សុខា។ តុលា​ការ​បញ្ជាក់​ថា៖

«ជន​ជាប់​ចោទ​ បាន​ប្រើប្រាស់​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​មកធ្វើជាលេស ឬជា​ឈ្នាន់​ក្នុងការ​ប្រមូល​កម្លាំង​មហា​ជន តាម​គ្រប់​មធ្យោបាយ​ ដោយ​ស្របច្បាប់ និង​មិន​ស្រប​ច្បាប់​ សំដៅ​បដិវត្តន៍​ពណ៌ ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ក្រោម​ការ​ឃុបឃិត​ត្រូវ​រ៉ូវ​គ្នា​ដោយ​សម្ងាត់​ជា​មួយ​បរទេស​ ឬភ្នាក់​ងារបរទេស»។

បុរសម្នាក់អង្គុយនៅមុខរបងទ្វានៅគេហដ្ឋានរបស់លោក កឹម សុខា នាថ្ងៃប្រកាសសាលក្រមរបស់លោក នៅរាជធានីភ្នំពេញ ថ្ងៃសុក្រ ទី ៣ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ប៉ុន្តែតុលាការ​មិន​បាន​បញ្ជាក់​អំពី​ឈ្មោះ​រដ្ឋបរទេស​ ឬភ្នាក់ងារបរទេស​ទាំង​នោះទេ​។ តុលាការ​បញ្ជាក់ជាអក្សរ​តាង​ចំពោះ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស​ ​ហើយ​ហាម​មិន​ឱ្យ​ធ្លាយ​ឯក​សារ​នោះ ​តាម​សំណើ​របស់​មេធាវី​រដ្ឋាភិបាល​តំណាង​ដើមមណ្តឹង​រដ្ឋប្ប​វេណី​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ទំនាក់ទំនង​ល្អ និង​ផល​ប្រយោជន៍​ជាតិ​នៃ​ប្រទេស​កម្ពុជា នៅក្នុង​កិច្ច​ការ​ទំនាក់​ទំនង​អន្តរជាតិ​ជាមួយ​រដ្ឋ​បរទេស។ តុលាការ​បន្ថែមថា ​បើ​ជន​ណាម្នាក់ ឬភាគីណាមួយ​ដែលធ្វើ​ឱ្យ​ធ្លាយ​ឯកសារ ជា​តារាង​អក្សរ​តាង​ជំនួស​កា​រ​ហៅ​ឈ្មោះ​រដ្ឋបរទេស​ជាសាធារណៈ គឺត្រូវ​មា​នទោស​ តាម​ក្រម​ព្រហ្ម​ទណ្ឌ​ផង​ដែរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាកា​រ។

អ្ន​កនាំពាក្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​សម្រេច​របស់​តុលា​ការ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​សាច់​រឿង និង​មានភស្តុ​តាង​គ្រប់គ្រាន់​ ហើយ​សាមី​ខ្លួន​ក៏​បាន​ទទួល​ស្គាល់​នូវ​ភស្តុតា​ង​នោះ​ផង​ដែរ។

ឆ្លើយ​តប​ទៅ​នឹង​អ្នក​រិះគន់​ថា​ការ​កាត់​ទោសនោះអ​យុត្តិ​ធម៌ ​អ្នក​នាំ​ពាក្យ​រូប​នេះ​ថា ​ជា​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​លើក​ឡើង។

លោក​បញ្ជាក់​ថា៖ «អានេះ ​គ្រាន់​តែ​ជា​មតិ​របស់​អ្នក​ពី​ខាង​ក្រៅ​តុលា​ការ​ដែល​លោក​គ្មាន​សិទ្ធិ ដើម្បី​ហ្នឹង​កាត់​សេ​ចក្តី​ជំនួស​តុលា​ការ​ទេ។ អ្នក​មាន​មតិ​ ចេះ​តែ​មាន​មតិ​ទៅ​ ប៉ុន្តែ​តុ​លា​ការ​កាត់​សេ​ចក្តី​នេះ​លោក​មាន​ទឡ្ហី​ករណ៍​ច្បាស់​លាស់»។

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ​បានបង្ហោះសារ​លើគណនី​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​សុក្រ​នេះថា​ ការ​ចោទ​ប្រកា​ន់ផ្សេង​ៗលើ​លោក កឹម សុខា និង​សមាជិក​គណ​បក្ស​ប្រឆាំង​ដទៃ​ទៀត មិន​គួរកើត​ឡើង ដោយ​សារ​តែ​ភាព​សកម្ម​នយោ​បាយ​របស់​ពួក​គេ​ឡើយ។ អ្នកស្រី​ចាត់​ទុ​ក​ថា ​នេះ​ជា​ចេតនា​រាំង​ខ្ទប់​ដៃគូរ​ប្រកួត​ក្នុង​សង្វៀន​នយោ​បាយ។

អ្នក​ស្រី​បង្ហោះ​សារក្នុង​ន័យ​ដើម​ថា៖ «​ដើម្បី​ឆ្ពោះ​ទៅ​មុខ​ និង​ធានា​បរិយា​កាស​អំណោយ​ផល ខណៈ​យើង​នឹង​រៀប​ចំការ​បោះ​ឆ្នោត​ខាង​មុខ ការ​សម្រប​សម្រួល​ឱ្យ​អ្នក​នយោ​បាយ​និង​ពលរដ្ឋ​គ្រប់​រូបអាច​ចូលរួម​ដោយ​សេរី ក្នុងដំណើរ​ការ​ប្រជាធិប​តេយ្យ​ពិតជា​ចាំបាច់​បំផុត និង​គួរ​ដល់​ពេល​ដែល​ខ្មែរ​បញ្ចប់​ការ​ចោទ​ខ្មែរ និងគួរស្វែង​រកវិធី​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​ជាតិ បម្រើ​ផល​ប្រយោជន៍​ជាតិ​នោះ​ទើ​ប​កម្ពុជា​បាន​ប្រសើរ​ទៅ​មុខ»។

គួរ​បញ្ជាក់​ថា​ សំណុំ​រឿង​របស់​លោក កឹម សុខា ត្រូវ​បាន​តំណាង​ទូត​បរទេស​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​តាម​ដាន​យ៉ាង​ដិត​ដល់។ លោក កឹម សុខា បាន​ជួប​ជាមួយ​តំណាង​អង្គ​ទូត​បរទេស​នានា​ជា​បន្ត​បន្ទាប់ ក្នុង​អំឡុងពេល​លោក​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់៕