ភាពមិនប្រក្រតីជុំវិញការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ក្លាយជាចំណុចក្តៅនៃការតទល់គ្នារវាងភាគីតំណាងអយ្យការនិងក្រុមមេធាវីការពារក្តីនៅក្នុងសវនាការរបស់លោកកឹម សុខាកាលពីព្រឹកថ្ងៃពុធនេះ។
បន្ថែមលើភាពមិនប្រក្រតីនៃបញ្ជីបោះឈ្មោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣នោះក៏មានការសួរដេញដោលព្រឹត្តិការណ៍មហាបាតុកម្មក្រោយឆ្នាំ២០១៣ដែលភាគីមេធាវីរបស់លោកកឹម សុខាអះអាងថាមិនជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់នៃការរៀបចំឱ្យមានចលនាបដិវត្តន៍ពណ៌នោះទេ។
ស្ថិតក្រោមការឃ្លាំមើលពីមន្ត្រីស្ថានទូតអ្នកការពារសិទ្ធិមនុស្សនិងប្រព័ន្ធផ្សព្វផ្សាយ តំណាងអយ្យការលោកប្លង់ សុផលបានលើកឡើងនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា គ្មានភាពប្រក្រតីជុំវិញនីតិវិធីនៃការចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ទេខណៈជនជាប់ចោទលោកកឹម សុខាមិនអាចផ្តល់ភ័ស្តុតាងគ្រប់គ្រាន់មកបញ្ជាក់ក្រៅពីភ័ស្តុតាងសំខាន់មួយគឺរបាយការណ៍របស់អង្គការខុមហ្វ្រែល (Comfrel)ដែលឃ្លាំមើលការបោះឆ្នោត។
ការអត្ថាធិប្បាយរបស់លោក ប្លង់ សុផល ពាក់ព័ន្ធនឹងភ័ស្តុតាងនេះកើតមានឡើងក្រោយការតាំងសំណួររបស់តំណាងអយ្យការមួយរូបទៀតគឺលោក ឆាយ ហុង ដែលបានសួរឱ្យលោកកឹម សុខាបញ្ជាក់ថាតើទាំងគណបក្សសិទ្ធិមនុស្សនិងគណបក្សសម រង្ស៊ីបានដាក់អ្នកសង្កេតការណ៍ឱ្យពិនិត្យបញ្ជីឈ្មោះបោះឆ្នោតមុនការបោះឆ្នោតឆ្នាំ២០១៣ឬទេ។ លោក កឹម សុខា ថាលោកចាំមិនច្បាស់។
ប៉ុន្តែលោក ឆាយ ហុង ថាតាមអ្វីដែលតំណាងអយ្យការចាំបាននោះគឺគណបក្សទាំងពីរមិនបានចូលរួមសង្កេតការណ៍ទេ។ បន្តិចក្រោយមកលោក កឹម សុខា ថា មានពលរដ្ឋនិងសកម្មជននៅមូលដ្ឋានតាមមើលរឿងនេះ។
នៅត្រង់បញ្ហាពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនេះ ភាគីមេធាវីការពារក្តីឱ្យលោក កឹម សុខាប្រាប់តុលាការថាកិច្ចការរៀបចំបញ្ជីឈ្មោះបោះឆ្នោតនោះជាកិច្ចការបច្ចេកទេសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)និងថាមុនការបោះឆ្នោតឆ្នាំ២០១៣លោក កឹម សុខាជាប្រធានគណបក្សសិទ្ធិមនុស្សដូច្នេះលោកមិនដឹងថាគណបក្ស សម រង្ស៊ីបានដាក់អ្នកសង្កេតការណ៍មើលដំណើរការរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោតឬទេ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក កូយ សៅ ក៏តបទៅភាគីមេធាវីការពារក្តីលោកកឹម សុខាថា៖«តើគណបក្សសិទ្ធិមនុស្សដឹងអត់?»ភ្លាមៗនោះមេធាវីមួយរូបរបស់លោកកឹម សុខាគឺអ្នកស្រីម៉េង សុភារីបានលើកឡើងថា៖« សុំឱ្យគ.ជ.ប.ផ្តល់របាយការណ៍»។
ការតទល់គ្នារវាងភាគីតំណាងអយ្យការនិងមេធាវីលើបញ្ហាបញ្ជីឈ្មោះបោះឆ្នោតនេះមានទំនាក់ទំនងនឹងលិខិតមួយដែលលោក កឹម សុខា ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានដាក់ទៅគ.ជ.ប.ស្នើសុំពិភាក្សាលើការកែទម្រង់នីតិវិធីមួយចំនួនទាក់ទិនការប្រព្រឹត្តទៅនៃការបោះឆ្នោតឆ្នាំ២០១៣។
លិខិតនោះធ្វើឡើងមួយខែក្រោយរបាយការណ៍របស់Comfrel ចេញកាលពីខែកុម្ភៈដែលបង្ហាញពីភាពមិនប្រក្រតីពាក់ព័ន្ធនឹងការរៀបចំចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០១២សម្រាប់ការជ្រើសតាំងតំណាងរាស្ត្រក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។
គ្រាតំណាងអយ្យការបានសួរជាច្រើនច្រើនសាលើភាពដែលអាចគួរឲ្យជឿជាក់បាននៃភ័ស្តុតាងពាក់ព័ន្ធនឹងរបាយការណ៍របស់អង្គការខុមហ្រ្វែល(Comfrel)នោះ មេធាវីការពារក្តីលោកកឹម សុខាមួយរូបទៀតគឺលោកចាន់ ចេនស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះផ្តោតតែលើការសួរជនជាប់ចោទដោយថាការពិភាក្សាអំពីភ័ស្តុតាងដែលដាក់ដោយក្រុមមេធាវីជនជាប់ចោទនោះបានធ្វើរួចហើយ។ ប៉ុន្តែលោកប្លង់សុផលបានតបថា៖«បើមិនសួរតើតម្លៃនៃភ័ស្តុតាងមានកន្លែងណា?»
លោកបន្ថែមថា៖ «មិនមែនដាក់ហើយឯកសារនេះokayទេមិនមែនទេ! អ៊ីចឹងតម្លៃនៃភ័ស្តុតាងនេះត្រូវបានឆ្កឹះនៅពេលនេះ»។
ប៉ុន្មាននាទីក្រោយការឆ្លើយឆ្លងគ្នាលើភ័ស្តុតាងពាក់ព័ន្ធនឹងភាពមិនប្រតីនៃបញ្ជីឈ្មោះបោះឆ្នោតនោះលោក ប្លង់ សុផលក៏បានដេញដោលរឿងបាតុកម្មដែលបានកើតឡើងក្រោយគណបក្សប្រឆាំងបានប្រកាសថាខ្លួនរកឃើញភាពមិនប្រក្រតីជុំវិញការបោះឆ្នោតជាតិឆ្នាំ២០១៣។
មេធាវីលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី បានប្រតិកម្មភា្លមៗថា៖«ការធ្វើបាតុកម្មមិនមែនជាលេសផ្តួលរំលំរដ្ឋាភិបាលឬធ្វើបដិវត្តន៍»។អ្នកស្រីបន្ថែមថា បាតុកម្មនោះធ្វើឡើងក្នុងចេតនាជាការទាមទារដើម្បីបញ្ជាក់ពីឆន្ទៈពិតប្រាកដរបស់ម្ចាស់ឆ្នោត។
ក្នុងសំណុំរឿងបាតុកម្មកើតក្រោយការបោះឆ្នោតឆ្នាំ២០១៣នោះមេធាវីតំណាងភាគីរដ្ឋាភិបាលលោក លី ចាន់ តុលា ថ្លែងនៅចំពោះមុខក្រុមចៅក្រមថាការថ្លែងរបស់លោកកឹម សុខាកន្លងមកនៅប្រទេសអូស្ត្រាលីជាភ័ស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា លោក កឹម សុខាចង់ធ្វើបដិវត្តន៍តាមលំនាំប្រទេសយូហ្គោស្លាវីនិងស៊ែប៊ីឬយ៉ាងណា។
លោក លី ចាន់តុលា ថា៖ «ទាំងអស់នេះវាសុទ្ធជាអង្គហេតុត្រង់ថាមេធាវីព្យាយាមដោះសារវាជាសិទ្ធិ»។
ក៏ប៉ុន្តែលោក កឹម សុខា ប្រាប់តុលាការថាបាតុកម្មក្រោយការបោះឆ្នោតឆ្នាំ២០១៣នោះគឺមានបំណងច្បាស់លាស់មួយក្នុងការទាមទារបង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត។ លោក កឹម សុខា ថ្លែងថា៖«ខ្ញុំគ្រាន់តែរៀបរាប់ថាគេបង្រៀនខ្ញុំធ្វើម៉េចឱ្យមានប្រជាធិបតេយ្យ»។
លោកបន្ថែមថា៖ «គ្មានគំនិតបន្តិចសោះរឿងធ្វើបដិវត្តន៍បង្ហូរឈាមខ្មែរ»។
លោកបន្ថែមថាក្រោមការដឹកនាំរបស់លោកក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧គណបក្សសង្គ្រោះជាតិមិនបានបង្កឱ្យមានសកម្មភាពបាតុកម្មណាមួយនោះទេ។លោកថ្លែងថា៖ «មុខរបរខ្ញុំមិនមែនធ្វើបាតុកម្ម។មុខរបររបស់ខ្ញុំ[គឺ]រកដំណោះស្រាយ»។
អំឡុងពេលនៃសវនាការនាព្រឹកថ្ងៃពុធនេះជនជាប់ចោទលោក កឹម សុខា ក៏បានបកស្រាយនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថាសកម្មភាពនយោបាយរបស់លោកមុននិងក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣គឺធ្វើឡើងទៅតាមឆន្ទៈនយោបាយរបស់លោកនិងមិនតាមបង្គាប់បញ្ជាបរទេសណាមួយទេហើយទង្វើរបស់លោកកន្លងមកនោះជាការរួមចំណែកបម្រើប្រយោជន៍ជាតិតែប៉ុណ្ណោះ។
គួររំឭកឡើងវិញផងដែរថាលោក កឹម សុខា ដែលជាអតីតប្រធានគណបក្សសិទ្ធិមនុស្សកំពុងរងការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសឬតាមអ្វីដែលគេហៅម្យ៉ាងទៀតថាការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។កន្លងមកទាំងលោកកឹម សុខានិងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់ដ៏ចម្រូងចម្រាសនេះ។
ក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជាជឿថាសំណុំរឿងលោកកឹម សុខា គឺមានជាប់ហេតុផលនយោបាយដែលពិបាកនឹងបញ្ចប់ទៅបានឆាប់តាមផ្លូវតុលាការ។
អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក រស់ សារ៉ាត់ បង្ហាញមន្ទិលអំពីការលើកយកអង្គហេតុរបស់ភាគីតំណាងអយ្យការពាក់ព័ន្ធនឹងភាពមិនប្រក្រតីអំឡុងពេលនៃការរៀបចំចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ទៅនឹងសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខាដែលលោកជឿថា នឹងអូសបន្លាយពេលយូរបើគ្មានការសម្របសម្រួលខាងនយោបាយនោះ។
លោកថ្លែងថា៖ «អ៊ីចឹងវាហាក់ដូចទើបតែជាការចាប់ផ្តើមនៃអង្គហេតុ ហើយបើមើលឱ្យមែនទែនទៅ ខ្ញុំក៏ឆ្ងល់ដែរ។ខ្ញុំមិនដឹងថាតើអង្គហេតុដែលលើកយកមកហ្នឹងវាមានជាប់ពាក់ព័ន្ធអីទៅនឹងបទសន្ទិដ្ឋិភាពដែលលើកយកមកចោទប្រកាន់លើលោកកឹម សុខា»។
បន្ទាប់ពីសវនាការលើកទី៣៦នេះ តុលាការនឹងបន្តបើកសវនាការសំណុំរឿងលោកកឹម សុខានៅថ្ងៃពុធទី២០ខែមេសាខាងមុខទៀត៕