ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ កឹម សុខា ថា​លោកគា្មន​បំណង​នាំ​បរទេស​មកឈ្លាន​ពាន​កម្ពុជា​ទេ


លោក​ កឹម​ សុខា​ (កណ្ដាល) មេដឹកនាំគណបក្សប្រឆាំង​​ផ្តល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ នៅ​គេហដ្ឋាន​របស់​លោក​ មុន​ចេញ​ទៅ​ចូល​រួម​សវនាការ​ នា​ថ្ងៃទី​២​ ខែ​មីនា​ ឆ្នាំ​២០២២​។ (កាន់​ វិច្ឆិកា​/វីអូអេ)

មេដឹកនាំ​នយោបាយ​ជំទាស់​លោក​កឹម សុខា​ កាលពី​ព្រឹក​ថ្ងៃពុធ​ បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ លោក​មិន​មាន​ផែនការ​ណាមួយ​នាំ​បរទេស​ចូល​មក​ឈ្លាន​ពាន​កម្ពុជា​ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះទេ។​

ការ​អត្ថាធិប្បាយ​របស់​លោក​កឹម សុខា​ យ៉ាងដូច្នេះ​ ធ្វើ​ឡើង​នៅមុន​ពេល​លោកចូល​រួម​សវនាការ​ជុំទី​៣៣​របស់​លោក​ក្នុងសំណុំ​រឿងក្បត់​ជាតិ​ដ៏​ចម្រូង​ចម្រាស​ ដែលបាន​ធ្វើ​ឲ្យអ្នក​នយោបាយ​រូបនេះ​បាត់​បង់​សិទ្ធិ​ធ្វើ​នយោបាយ​បួន​ឆ្នាំ​មកហើយ។​

ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅឯ​គេហដ្ឋាន​របស់​លោក​ លោក​កឹម សុខា​និយាយ​ថា ​លោក​មិន​បាន​រួមគំនិត​ជាមួយ​បរទេស​ ដូច​អ្វី​ដែល​ជាការ​ចោទ​របស់​តុលាការ​ពីបទ​ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស​»​ទេ និង​ថា​ រហូត​មកដល់​ពេល​នេះ​ គ្មាន​ភស្តុតាង​បញ្ជាក់​ថាប្រទេស​មួយណា​ ដែល​លោក​រួម​គំនិត​ជាមួយ​ ដើម្បី​មក​ឈ្លាន​ពាន​កម្ពុជាដែរ​។ លោក​លើក​ឡើង​ថា​៖

«អ្វី​ដែល​លើស​ពី​ហ្នឹង​ទៅ​ទៀត​ហ្នឹង​ គឺ​អត់​មាន​ប្រព្រឹត្ត​អី​ ដែល​នាំ​ឲ្យ​មហន្តរាយ​ដល់​ប្រទេស​ជាតិ​ដូច​អត់​ដែល​មាន​នាំ​។​ ខ្ញុំ​អត់​ដែល​មាន​នាំ​បរទេស​ណា​មក​ឈ្លាន​ពាន​។​ នេះ​គឺ​ជា​ចំណុច​រហូត​មកដល់​ថ្ងៃ​នេះ​។​ អីចឹង​ខ្ញុំ​គិត​ថា​ វាគ្រប់​គ្រាន់​ល្មម​ ដើម្បី​ពេល​វេលា​នេះ​ វា​ហួស​ពេល​ហើយ។​ វា​ច្រើន​ពេក​ទៅ​ហើយ​ ដើម្បី​ទម្លាក់​ចោទ​មក​លើ​ខ្ញុំ​ តុលាការ!​»។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ បាន​ពន្យល់​ថា ​ភស្តុតាង​ដែល​តុលាការ​យក​មក​ប្រើ​ ដែល​រួម​មាន​រូប​ភាព​ ឬ​សំឡេង​បង្ហាញ​ពីទំនាក់​ទំនង​លោក​ជាមួយ​បរទេស​នោះ​ គឺមិន​អាច​យក​ជា​ដើម​ទុន​មក​ចោទ​លោក​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋបរទេស​ទេ ដោយ​ថា​ ការ​ទំនាក់​ទំនង​របស់​លោក​ជាមួយ​ភ្ញៀវ​បរទេស​កន្លង​មក​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​ការងារ​ស្រប​ច្បាប់​ ហើយ​ក៏​គ្មាន​ការ​លាក់​បាំង​ផង​ដែរ។​

រថយន្ត​លោក​កឹម សុខា ត្រៀម​ចាក​ចេញពី​សាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃទី​២ ខែមីនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ​)​
រថយន្ត​លោក​កឹម សុខា ត្រៀម​ចាក​ចេញពី​សាលាដំបូងរាជធានី​ភ្នំពេញ​ ថ្ងៃទី​២ ខែមីនា​ ឆ្នាំ​២០២២។​ (ហ៊ុល រស្មី/វីអូអេ​)​

លោក​កឹម សុខា​ អះអាង​ថា​ បើ​សិន​មាន​ការ​អូស​បន្លាយ​ពេល​ ធ្វើ​ឲ្យលោក​ខក​ខាន​មិន​បាន​ចូល​រួម​សកម្ម​ភាព​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​នោះ​ ការ​បោះឆ្នោត​អាច​នឹង​ត្រូវបាន​គេ​ចាត់​ទុក​ថា​ ជា​ការ​បោះឆ្នោត​ដែល​មិនមាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​។ លោក​ប្រាប់​អ្នក​កាសែត​បន្ថែម​ថា៖

«ទាំង​អស់​គ្នា​ដឹង​ថា​ ខ្ញុំ​ជា​មេដឹកនាំ​ គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា​ដែល​មាន​សក្តានុពល​ ការ​ប្រកួត​ប្រជែង​គ្នា​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ហើយ​ការ​បោះឆ្នោត​ ឃុំ​សង្កាត់​ត្រូវចុះ​ឈ្មោះ​ចុះ​បញ្ចូល​ក្នុងបញ្ជី​សប្តាហ៍​នេះ​ហើយ។​ ហើយ​មក​ដល់​ថ្ងៃ​នេះហើយ អត់ទាន់មាន​ដំណោះ​ស្រាយ​។​ បើសិន​ជា​អត់​មាន​ដំណោះស្រាយ​ គឺ​បង្ហាញ​ច្បាស់​ណាស់ គឺ​មាន​ចេតនា​មិន​ចង់​ឲ្យ​មេដឹកនាំ​ ឬ​គណបក្ស​ដែល​មាន​ ដែលជាគូ​ប្រកួត​ពិត​ ដែល​ជា​ជម្រើស​ពិត​របស់​ប្រជាពលរដ្ឋ​ ក្នុង​ការ​បោះឆ្នោត​ចូលរួម​បោះ​ឆ្នោត​។​ អីចឹង​ការ​បោះ​ឆ្នោត​ហ្នឹង​ គឺ​ពិបាកនឹងទទួល​ស្គាល់ ពិបាក​នឹង​គិត​ថា​ ជា​ការ​បោះឆ្នោត​ដោយ​សេរី​ ​ត្រឹមត្រូវ​ និង​ យុត្តិធម៌​ ច្បាស់​ណាស់!»។

អតីត​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភាគឺ​លោក ​កឹម សុខា​ កំពុង​រង​ការ​ចោទ​ប្រកាន់​អំពី​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។​ កន្លងមក​ ទាំង​លោក ​កឹម សុខា ​និង​សហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នោះ​ ។​

នៅក្នុង​សវនាការ​មុន​ៗ​ ក្រុមប្រឹក្សា​ជំនុំជម្រះ​ បាន​ដាក់​បង្ហាញ​ភស្តុតាងជាច្រើន​ដែល​រួមមាន​ឃ្លីប​វីដេអូ រូប​ថត ឯកសារ​ព័ត៌មាន​ជាវីដេអូ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ភស្តុតាង​ទាំងនោះ មាន​ខ្លះ​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​ចាប់ផ្តើម​រៀបចំ​បង្កើត​គណបក្ស​សង្គ្រោះជាតិ​កាលពី​ឆ្នាំ​២០១២​ សកម្មភាព​ដឹកនាំ​បាតុកម្ម​របស់​លោក​កឹម សុខា​និងសហស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូបទៀតគឺ​លោក​សម រង្ស៊ី​ក្រោយការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣។

ប៉ុន្តែភស្តុតាង​សំខាន់​មួយ​ដែល​តំណាង​អយ្យការ​យក​មកចោទ​ប្រកាន់​លោក​កឹម សុខា គឺ​ការ​ថ្លែង​សារ នយោបាយ​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ អំពី​ការ​ទទួល​បាន​យុទ្ធសាស្ត្រ​នយោបាយ​ពី​សំណាក់​សាស្ត្រាចារ្យ​នៅ​ប្រទេស​លោក​សេរី ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​ស្ថិត​ក្រោម​ការ​ក្តោប​ក្តាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៣​ទសវតរ្ស៍​មក​ហើយ​។​ នេះ​ជា​ភស្តុតាង​មួយ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ប្រើ​ប្រាស់​ផង​ដែរ​ដើម្បី​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧។

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសានបាន​ទេ​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ថ្លែ​របស់​លោក​កឹម សុខា​ អំពី​ភាពត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត បើគ្មាន​វត្តមាន​គណបក្ស​ជំទាស់​មួយ​ដែល​គួរឲ្យ​ទុកចិត្ត​បាន​នោះ​។ ​

ដោយ​ឡែក​នៅក្នុង​សវនាការ​នៅព្រឹក​ថ្ងៃពុធនេះ​ លោក​កឹម សុខា​ មិន​បាន​ឡើង​ផ្តល់​ការ​អត្ថាធិប្បាយ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទេ​ ហើយ​លោក​នឹង​ត្រូវបន្ត​មក​ចូលរួម​សវនាការ​នៅថ្ងៃទី​៩​ ខែមីនា​សប្តាហ៍​ក្រោយ​ទៀត។​ នេះបើតាម​ស្មាក្តី​មួយរូប​ក្នុងចំណោម​ស្មាក្តីបួនរូប​របស់​លោក​កឹម សុខា។

អ្នកស្រី​ម៉េង​ សុភារី​ មេធាវីការ​ពារក្តីរបស់​លោក​កឹម សុខា​ និយាយ​ជាមួយ​អ្នកកាសែត​នៅក្រៅ​តុលាការ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២ ខែមីនា​ ឆ្នាំ​ ២០២២។​ (ហ៊ុល រស្មី/វីអូអេ)​
អ្នកស្រី​ម៉េង​ សុភារី​ មេធាវីការ​ពារក្តីរបស់​លោក​កឹម សុខា​ និយាយ​ជាមួយ​អ្នកកាសែត​នៅក្រៅ​តុលាការ​រាជធានី​ភ្នំពេញ​ ថ្ងៃទី​២ ខែមីនា​ ឆ្នាំ​ ២០២២។​ (ហ៊ុល រស្មី/វីអូអេ)​

អ្នកស្រី ​ម៉េង សុភារី​ ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា​ គិត​មក​ត្រឹម​សវនាការ​លើក​ទី​៣៣នេះ​ ក្រុម​មេធាវី​ បាន​ដាក់​ភស្តុតាង​ចំនួន​៧៨​ ហើយ​ការ​តតំាង​ក្តី​នឹង​នៅបន្តទៅ​មុខ​ទៀត បើ​ទោះ​បីជា​សំណុំ​រឿង​លោក ​កឹម សុខា ត្រូវ​គេ​ជឿ​យ៉ាង​ទូលំ​ទូលាយ​ថាជា​សំណុំរឿង​នយោ​បាយ​នោះ​។ អ្នក​ស្រី​និយាយថា៖

«រឿង​ក្តី​នេះ​ គឺ​ជា​រឿង​ក្តី​របស់​អ្នក​នយោបាយ​។​ ហើយ​ជា​ទម្លាប់​របស់​ខ្មែរ​យើង​ តាំងពី​ដើម​មក​ យើង​ឃើញ​ថា​ ការ​ដោះស្រាយ​រវាង​អ្នកនយោបាយ​ និង​អ្នកនយោបាយ​ គឺ​អ្នកនយោបាយ​ជា​អ្នក​ដោះស្រាយ​ហើយ​។​ ហើយ​ចំណែក​យើង​ខ្ញុំ​ ដែល​ជា​អ្នកច្បាប់​ហ្នឹង​ គឺ​យើង​ដើរ​តាម​នីតិវិធី​ គឺ​ជារឿង​ជំហាន​មួយ​ដែល​ត្រូវ​ធ្វើ​ទៅ​តាម​នីវិធី​ហើយ​។ ប៉ុន្តែ ខ្ញុំ​ក៏មាន​ជំនឿ​ជឿ​ជាក់​ដែរ​ថា​ អ្នកនយោបាយ​និង​ធ្វើការ​ជជែក​ពិភាក្សា​គ្នា​ដើម្បី​ផល​ប្រយោជន៍​ខ្មែរ​ទាំង​អស់​គ្នា»។

យោងតាម​អ្នកស្រី​ម៉េង​ សុភារី​ ក្រុមប្រឹក្សា​ជំនុំជម្រះ​ នៅថ្ងៃពុធនេះ បាន​បង្ហាញ​ភស្តុតាង​ ពាក់​ព័ន្ធ​នឹង​ភាព​មិនប្រក្រតី​នៃ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ កាលពី​ឆ្នាំ​២០១៣​ និង​បាតុកម្ម​របស់​គណបក្ស​សង្គ្រាះ​ជាតិ​ ដែល​ធ្វើ​ឡើង​ដើម្បី​ទាម​ទារ​ឲ្យមានការ​បង្កើត​គណៈកម្មការឯករាជ្យ​ឈាន​ទៅ​ស៊ើបអង្កេតភាព​មិនប្រក្រតីនៃការ​បោះ​ឆ្នោតឆ្នាំ​២០១៣​ ដែល​ត្រូវ​បាន​កត់​ត្រា​ទុក​ក្នុង​របាយការណ៍​របស់​អង្គការ​លីកាដូ​ អង្គការ​តម្លាភាព​ និង​អង្គការ​មួយ​ចំនួន​ទៀត​ ដែល​ធ្វើ​ការ​ក្នុង​កិច្ចការ​បោះឆ្នោត និង​ពីភាគីគណបក្ស​សង្គ្រោះជាតិ។

​វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​អយ្យអម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ប្លង់ សុផល​ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ តែលោក​មិន​មាន​កា​រឆ្លើយ​តប​គិតត្រឹមរសៀល​ថ្ងៃពុធនេះ​។

គិត​មក​ត្រឹម​សវនាការ​លើក​ទី​៣៣នេះ​ សាក្សី​មិន​ត្រូវបាន​នាំយក​មកសួរ​នាំ​នៅចំពោះ​មុខ​តុលាការ​ទេ។ យ៉ាង​ណា​ក៏​ដោយ មេធាវីការ​ពារក្តី​លោក​កឹម សុខា គឺ​អ្នកស្រី ម៉េង​ សុភារី​ អះអាង​ថា​ ក្រុម​មេធាវី​របស់​លោក​កឹម សុខា​ នឹង​នៅបន្ត​ចូលរួម​ទៅតាម​នីតិវិធី​របស់​តុលាការ​ និង​ក៏​មិន​មាន​ភាព​នឿយ​ណាយ​នឹង​ការ​ឡើង​មក​តតាំង​ក្តី​ក្នុង​សំណុំរឿង​ដែល​ជាប់​ហេតុផល​នយោបាយ​នៅ​តុលាការ​ក្រុងផងដែរ​៕

XS
SM
MD
LG