ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បដិសេធ​សំណើ​លោក កឹម សុខា សុំ​ទៅ​ចូលរួម​ប្រជុំ​នៅ​ក្រៅ​ប្រទេស


រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AP Photo/Heng Sinith)
រូបឯកសារ៖ អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន មុន​ពេល​លោក​ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាកា​រ​កាត់ក្ដី​លោក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ច្រានចោល​ការ​ស្នើ​សុំ​របស់​លោក ​កឹម សុខា​ ទៅ​ចូលរួម​កិច្ច​ប្រជុំ​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់​ តែ​បាន​អនុញ្ញាត​ឱ្យ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​រូបនេះ​បាន​ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ។ នេះ​បើតាម​ការ​បញ្ជាក់​របស់មេធាវី​ការពារ​ក្តី​ឱ្យ​លោក​កឹម សុខា។

បើ​តាម​ការអញ្ជើញ​របស់​អង្គការ​ Global Solutions Summit លោក ​កឹម សុខា​នឹង​ចូលរួម​ធ្វើជា​វាគ្មិន​ ហើយចូលរួម​ពិភាក្សា​ជាក្រុម​តូចៗ​ផ្សេង​ទៀតនៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ក្នុង​ទីក្រុង​បែរឡាំង ប្រទេស​អាល្លឺម៉ង់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ និង​២៩ ខែមីនា​នេះ។

មេធាវី​មួយរូប​ដែល​ការពារ​ក្តី​ឱ្យ​លោក កឹម សុខា គឺ ​លោក ​ចាន់ ចេន ​បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​ បន្ទាប់​ពី​សវនាការ​លើក​ទី​៣៤​របស់​លោក កឹម សុខា នៅ​ព្រឹកថ្ងៃ​ពុធ​ថា​ ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា បាន​ស្នើ​សុំ​ឱ្យ​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ព្យួរ​ការ​រឹតត្បិត​កូន​ក្តី​មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​ ដូច​ដែល​បាន​សម្រេចដោយចៅក្រម​ស៊ើបសួរ។

លោក​ចាន់​ ចេន​បន្ថែមថា៖ «ក៏​ប៉ុន្តែ​បើ​យើង​យោង​តាម​លិខិត​របស់​អគ្គលេខាធិការ​របស់​ Global Solutions Summit​ ហ្នឹង​ គឺ​គេ​អញ្ជើញ​ ឯកឧត្តម ​កឹម សុខា ​ទៅ​ផ្ទាល់​ ទៅ​ធ្វើ​គេ​ហៅ​ថា​ បឋកថា​ មាន​ន័យ​ថានិយាយ​ផ្ទាល់​នៅ​ទីក្រុង​បែរឡាំង​ផង និង​និយាយ​ជា​លក្ខណៈ​ក្រុម​តូចៗ​ផង​ ដូច្នេះ​តុលាការ​គាត់​បាន​អនុញ្ញាត​ឱ្យ​ត្រឹម​កម្រិត​ឯកឧត្តម​ កឹម សុខា បាន​ធ្វើ​វីដេអូ​ ការ​ប្រជុំ​អនឡាញ»។

នៅ​ក្នុង​សាល​សវនាការ​ តំណាង​អយ្យការ​បានផ្តល់​ការ​ពន្យល់ទៅក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​ក្រុម​មេធាវី​ការពារ​ក្តី​របស់​លោក​ កឹម សុខា ដែល​នៅ​ជាប់​បម្រាម​របស់​តុលាការ​មិន​ឱ្យ​ចាក​ចេញពី​ប្រទេស​និង​ធ្វើ​នយោបាយ​នោះ​ បានខកខាន​មិន​បាន​ដាក់​ពាក្យស្នើ​សុំ​តុលាការ​ពាក់​ព័ន្ធ​នឹង​ការប្រជុំ​នៅ​ប្រទេស​អាល្លឺម៉ង់​ព្រោះ​លោក ​កឹម សុខា​ ត្រូវបាន​គេ​អញ្ជើញ​តាំង​ពី​ចុង​ខែ​កុម្ភៈ​ តែ​ទើប​ដាក់​សំណើ​នៅថ្ងៃទី​២១​ខែ មីនា​កន្លង​ទៅ​ថ្មីៗ​នេះ។ នេះ​បើ​តាម​មន្ត្រី​សមាគម​សិទ្ធិមនុស្ស​អាដហុក។

អ្នក​នាំពាក្យ​សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក​ ​លោក សឹង សែនករុណា ប្រាប់​វីអូអេ​ថា​ តំណាង​អយ្យការ​ក៏​បាន​លើក​ហេតុផល​មួយចំនួន​ទៀត​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថា​ ក្នុង​បរិបទ​នៃ​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩​ ការ​ប្រជុំ​អាច​ត្រូវ​បាន​គេ​រៀបចំ​ឡើង​ច្រើន​ទម្រង់​ ពោល​គឺ​អាច​ធ្វើ​ឱ្យ​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​អនឡាញ។

លោក​និយាយ​ថា៖ «អយ្យការ​គេ​លើក​ហេតុផល​រឿង​សម័យ​កាល​នេះ​ សម័យ​កាល​កូវីដ​នេះ​ គឺ​គេ​មាន​វិធី​ក្នុង​ការ​ប្រជុំ​ដោយ​មាន​អន​ឡាញ​ ហើយ​ក្នុង​កិច្ច​ប្រជុំ​ហ្នឹង​ គេ​មាន​បញ្ជាក់​ពី​ការ​ប្រជុំ​ដោយ​ hybrid មាន​ន័យ​ថា​ កូនកាត់​អនឡាញ​ ហើយ​និង​ផ្ទាល់​ ហើយ​អ៊ីចឹង​ក្នុង​ហ្នឹង​ តុលាការ​ដោយសារ​តែ​ឃើញ​មាន​ការ​ប្រជុំ​ដាក់​ភ្ជាប់​អនឡាញ​ដែរ​ អ៊ីចឹង​តុលាការ​សម្រេច​អនុញ្ញាត​ឱ្យ​លោក​ កឹម សុខា​ ចូលរួម​តាម​អនឡាញ​ទៅ​វិញ​ ដោយ​មិន​ឱ្យ​គាត់​ចេញ​ទៅ​ក្រៅ​ប្រជុំ​បាន​ទេ​ ទៅប្រជុំនៅ​ប្រទេស​អាល្លឺម៉ង់​ហ្នឹង​បាន​ទេ»។

បើ​តាម​លោក ​ចាន់​ ចេន​ មេធាវី​មួយរូប​ក្នុង​ចំណោម​មេធាវី​បួន​រូប​របស់​លោក​ កឹម សុខា​ កិច្ច​ប្រជុំ​នោះ​ ក៏នឹង​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​ប្រទេស​ G 7 និង​ G 20 និង​មាន​ការ​ធ្វើ​បទ​បង្ហាញ​ និង​ពិភាក្សា ទាក់ទិន​ស្ថានការណ៍​សាកលលោក។

​គួរ​រម្លឹក​ឡើងវិញ​ផង​ដែរ​ថា​ អតីត​អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភាគឺ​លោក ​កឹម សុខា​ កំពុង​រង​ការ​ចោទ​ប្រកាន់​អំពី​ការ​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។​ កន្លងមក​ ទាំង​លោក ​កឹម សុខា ​និង​សហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដ៏​ចម្រូងចម្រាសនោះ។

កាល​ពី​ដើម​ខែមីនា​ ឆ្នាំ​២០២២​នេះ​ លោក ​កឹម សុខា បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ថា​ ​តុលាការ​គ្មាន​ភស្តុតាង​ដើម្បី​គាំ​ទ្រ​ការ​ចោទប្រកាន់​លោក​ពី​បទ​ «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» ​និង​ថា​ លោក​មិន​បាន​ប្រព្រឹត្ត​អំពើ​ណាមួយ​ដែល​បង្ក​មហន្តរាយ​ដល់​ប្រទេស​ជាតិ​ទេ។ ដូច្នេះ​លោក​ស្នើ​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​មក​លើ​រូបលោក​ ដើម្បី​អនុញ្ញាត​ឱ្យ​លោក​មាន​ឱកាស​ចូលរួម​ធ្វើ​នយោបាយ​ក្នុង​ពេល​បោះឆ្នោត​ខាងមុខ។

ដោយឡែក​នៅ​ក្នុង​សវនាការ​កាល​ពីព្រឹក​ថ្ងៃ​ពុធ​នេះ​ អ្នក​សង្កេតការណ៍​ការ​ជម្រះ​ក្តីក្តាំ​របស់​លោក កឹម សុខា​ បាន​កត់​សម្គាល់​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ ដែល​បាន​បិទ​ផ្លូវ​មិន​ឱ្យ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី​ ចក់ សុភាព​ ចូលរួម​ឃ្លាំ​មើល​សវនាការ​ក្រោយៗ​ទៀត​ ក្រោម​ហេតុផល​ថា​ អ្នកស្រី​ក៏ជា​សាក្សី​ម្នាក់​ក្នុង​សំណុំ​រឿង​នេះដែរ។

អ្នកស្រី ចក់ សុភាព​ ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​ថា អ្នកស្រី​បាន​បំពេញ​នីតិវិធី​សព្វគ្រប់​ក្នុងនាម​ជា​សាក្សី​ បន្ទាប់​ពី​តុលាការ​បាន​កោះហៅ​អ្នកស្រី​តាំងពី​ឆ្នាំ​២០១៨​ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ភ្ញាក់ផ្អើលនោះ​ គឺ​អ្នកស្រី​ត្រូវ​បាន​តុលាការ​ស្នើ​សុំ​ឱ្យ​ចាក​ចេញពី​បន្ទប់​សវនាការ​ កាលពី​ព្រឹក​ថ្ងៃពុធ​នេះ​ បើទោះ​ជា​កន្លង​មក​អ្នកស្រី​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​នេះ​ ដោយ​មាន​ការ​អនុញ្ញាត​ពី​តុលាការ​ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ក៏​ដោយ​ក្តី។

មេដឹកនាំ​អង្គការ​សិទ្ធិមនុស្ស​រូបនេះ​បន្ថែមថា​ការ​ចែក​រំលែក​ព័ត៌មាន​ពី​បន្ទប់​សវនាការ​របស់​លោក កឹម សុខា ទំនង​ជា​ហេតុផល​មួយស្ថិត​ក្នុង​ការ​សម្រេច​របស់​តុលាការ​ដែល​ហាម​មិន​ឱ្យ​អ្នកស្រី​បាន​បន្ត​ឃ្លាំមើល​សវនាការ​បន្តទៅមុខ​ទៀត។

អ្នកស្រី ចក់ សុភាព ពន្យល់​ថា៖ «ខ្ញុំ​គិត​ថាហេតុផល​មួយ​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​អំពីវត្តមាន​របស់​ខ្ញុំ​ នៅ​ក្នុង​បន្ទប់​ជំនុំ​ជម្រះ​ហ្នឹង​ គឺ​ដោយសារ​កន្លង​មក​ បន្ទាប់​ពី​ធ្វើ​ការ​សង្កេតការណ៍​រួច​ហើយហ្នឹង​ គឺ​ខ្ញុំ​តែង​តែ​ធ្វើ​ការ​ចែករំលែក​ព័ត៌មាន​ទៅ​តាម​ទិដ្ឋភាព​ជាក់​ស្តែង​ ដែល​កើត​ឡើង​នៅក្នុង​អង្គជំនុំ​ជម្រះនោះសម្រាប់​សាធារណជន​លោក​បាន​ដឹង​ឮ...ហើយ​ក៏មាន​ ប្រហែល​ជា​អាច​មាន​ការ​មិន​សប្បាយចិត្ត​ណា​មួយ​នឹង​ការ​ដែល​ខ្ញុំចែក​រំលែកនេះ​ ក៏អាច​ជា​ហេតុ​ផល​មួយដែរ»។

បន្ទាប់​ពី​សវនាការលើក​ទី​៣៤​នេះ តុលាការ​នឹង​បន្ត​បើក​សវនាការ​សំណុំរឿង​លោក ​កឹម សុខា​ នៅថ្ងៃ​ពុធ​ទី​៣០​ ខែមីនា​ សប្តាហ៍ក្រោយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG