លោក​ កឹម សុខា​ អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ឈប់​ធ្វើ​នយោបាយ​​​ផ្ចាញ់ផ្ចាល​គ្នា​

  • ​គង់ ​សុឋានរិទ្ធ

រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០ មីនា ២០១៧។

ការ​អំពាវនាវ​ដែល​ធ្វើ​ឡើង​ចំ​ថ្ងៃ​គម្រប់​ពីរ​ឆ្នាំ​​នៃ​ការ​ឃុំ​ខ្លួន​រួប​លោក​ដោយ​មិន​ទាន់​មាន​ការ​កាត់​ទោស។​

នៅ​ក្នុង​សារ​ដ៏​កម្រ​មួយ​ លោក កឹម សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ នៅ​រសៀល​ថ្ងៃ​ចន្ទ័​នេះ បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​បែប​ផ្ចាញ់​ផ្ចាលគ្នា​ដែល ​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​សារ​ការ​ធ្វើ​នយោបាយ​នោះ។

«ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំសូម​ឲ្យ​ខ្មែរ​គ្រប់​និន្នាការ​បញ្ឈប់​នូវ​នយោបាយ​ យក​ឈ្នះ​ចាញ់​ខ្មែរគ្នាឯង ដោយយក​ប្រជាពលរដ្ឋ​និង​ជោគ​វាសនា​ប្រទេស​ជាតិ​ជា​ឈ្នាន់​ឬ​ជា​របាំង​តទៅ​ទៀត»។

ការ​អំពាវនាវ​នេះធ្វើ​ឡើង​ចំ​ថ្ងៃ​គម្រប់​ពីរ​ឆ្នាំនៃ​ការ​ឃុំ​ខ្លួន​រួប​លោក ​ដោយ​មិន​ទាន់​មាន​ការ​កាត់​ទោស។​

អតីត​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​គូស​បញ្ជាក់បន្ថែមលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួនថា ​ពលរដ្ឋ​«ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​បាន​ឈឺ​ចាប់​គ្រប់​គ្រាន់​ហើយ»។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​រំលងអធ្រាត្រថ្ងៃទី​២ឈាន​ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ២០១៧ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក។ លោក​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ ​បទ​ចោទ​នេះអាច​ឲ្យ​លោក​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ពី​១៥ ទៅ​៣០​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោក​មាន​កំហុស។

​ការ​ចាប់​ខ្លួន​រូប​លោក​ធ្វើ​ឡើង​ពីរ​ខែ​ប៉ុណ្ណោះ​មុន​នឹង​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ​ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល។​

លោក​ កឹម សុខា ត្រូវបាន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ​អស់រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ មុន​នឹង​ត្រូវ​ប្តូរ​មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ក្រោម​ការ​ឃ្លាំមើល។​

សារ​នេះ​គឺជា​ការ​អធិប្បាយ​ដ៏​កម្រ​របស់​លោក ​កឹម សុខា លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

រូបឯកសារ៖ លោក កឹម សុខា នៅ​ថ្ងៃ​ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ២០១៧។

លោក​ សុខ ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាយល់​ថា ​ការ​អំពាវនាវ​របស់​លោក​ កឹម សុខា​ ឲ្យ​អ្នក​នយោបាយ​ខ្មែរ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​ផ្ចាញ់ផ្ចាល​គ្នា​«គឺ​ជា​រឿង​ត្រឹម​ត្រូវ»។

លោក​ សុខ ឥសាន្ត លើក​ឡើង​ថា ​គណបក្ស​របស់​លោក​អនុលោម​តាម​គោលការណ៍​នេះ​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​លោក​ចោទ​លោក​ កឹម សុខា ថា​បាន«យក​គោលការណ៍​ប្រទេស​លោក​ខាង​លិច​មក​អនុវត្ត​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល»​របស់​លោក ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក​កឹម សុខា ជាប់​ចោទ​ដោយ​តុលាការ។

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​មួយ​រូប​ក៏​យល់​ស្រប​ដែរ​ថា ​ការ​លើក​ឡើង​របស់​លោក​ កឹម សុខា ជា​«គំនិតត្រឹមត្រូវ»។ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ បន្ថែម​ថា ​ការ​លើក​ឡើង​របស់​លោក ​កឹម សុខា បង្ហាញ​ពី​«ភាព​ជា​អ្នក​ដឹកនាំ​នយោបាយ»​របស់​លោក។ ហើយ​លោក កឹម សុខា គួរ​តែ​បង្ហាញ​វោហាស័ព្ទ​ដូច​នេះ​ឲ្យ​បាន​ច្រើន។

សូម​បញ្ជាក់​ថា បួន​ថ្ងៃ​មុន​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ កឹម សុខ លោក​ សម រង្ស៊ី ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​បារាំង ​មាន​សង្គ្រាម​ពាក្យសម្តី​មួយ​ឈុត​ជា​មួយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ជុំវិញ​និវត្តន៍​មក​ប្រទេស​កម្ពុជា​របស់​លោក​សម រង្ស៊ី។ ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​បាន​ប្រកាស​ជា​ចំហ​ថា ​លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ចំ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​៩​ វិច្ឆិកា បន្ទាប់​ពី​លោក​និរទេស​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​ទៅ​ក្រៅ​ប្រទេស​អស់រយៈ​ពេល​ប្រាំឆ្នាំ​មក៕