រដ្ឋាភិបាលជប៉ុនបានជំរុញឲ្យប្រទេសកម្ពុជាផ្តោតការយកចិត្តទុកដាក់លើបញ្ហាសុខភាពរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយចោល។
នៅក្នុងសារអេឡិចត្រូនិកឆ្លើយមកកាន់វីអូអេ កាលពីថ្ងៃព្រហស្បតិ៍ លោក Hironori Suzuki ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា «រដ្ឋាភិបាលជប៉ុនបានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យផ្តោតការយកចិត្តទុកដាក់ជាចាំបាច់ចំពោះលក្ខខណ្ឌសុខភាពរបស់លោក កឹម សុខា តាមរបៀបមនុស្សធម៌»។
សេចក្តីបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ទូតជប៉ុនធ្វើឡើង ក្រោយពីលោក Masato Otaka ឯកអគ្គរាជទូតទទួលបន្ទុកកិច្ចការអង្គការសហប្រជាជាតិនិងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយការបរទេសនៃក្រសួងការបរទេសជប៉ុន ជួបសន្ទនាជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ជំនួបក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាសិទ្ធិមនុស្សជប៉ុន-កម្ពុជាលើកទី១០ ដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ខែសីហា ក្នុងរាជធានីភ្នំពេញ។
ក្នុងកិច្ចសន្ទនានោះ មានការផ្លាស់ប្តូរយោបល់គ្នាជាច្រើន ទាក់ទិនសិទ្ធិមនុស្ស សេរីភាពនៃសកម្មភាពនយោបាយ បញ្ចេញមតិ ការប្រមូលផ្តុំ និងជំនួយកសាងសមត្ថភាពរបស់ជប៉ុនជូនប្រទេសកម្ពុជា ដែលរួមមានជំនួយបច្ចេកទេសច្បាប់ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសិទ្ធិមនុស្សនៅលើឆាកអន្តរជាតិ។ កិច្ចសន្ទនាក៏បានលើកឡើងពីករណីលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំក្នុងផ្ទះផងដែរ។ នេះបើផ្អែកតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតជប៉ុននិងការអះអាងទៅកាន់ក្រុមអ្នកកាសែតរបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Hironori Suzuki បានគូសបញ្ជាក់ថាប្រទេសជប៉ុន «បន្តតាមដានស្ថានភាពរបស់លោក(កឹម សុខា)យ៉ាងដិតដល់ជាមួយនឹងការចាប់អារម្មណ៍ខ្ពស់»។
ទោះជាយ៉ាងណាអ្នកការទូតដដែលមិនបានពន្យល់លម្អិតនោះទេ គ្រាន់តែបាននិយាយយោងដល់ស្ថានភាពនយោបាយនិងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា «មានផលប្រយោជន៍យ៉ាងសំខាន់សម្រាប់សហគមន៍អន្តរជាតិ»។
មុននឹងអាជ្ញាធរកម្ពុជាបញ្ជូនខ្លួនមកឃុំក្នុងផ្ទះ លោក កឹម សុខា ត្រូវឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំប្រទល់ប្រទេសវៀតណាម។អង្គការអន្តរជាតិផ្នែកការពារសិទ្ធិមនុស្សនិងសហគមន៍អន្តរជាតិជាច្រើនទាមទារឲ្យមានការទម្លាក់ចោលបទចោទលើលោក កឹម សុខា ដោយឥតលក្ខខណ្ឌ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាសុំមិនផ្តល់ការអធិប្បាយ ហើយបានបង្វែរសំណួរទៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា ការអធិប្បាយរបស់ភាគីជប៉ុន គ្រាន់តែជាការកត់សម្គាល់ពីស្ថានភាពនយោបាយទូទៅ និងករណីលោកកឹម សុខា។ ហើយភាគីកម្ពុជាក៏បានបកស្រាយពន្យល់ទៅកាន់ភាគីជប៉ុនរួចហើយដែរ។
«ខាងកម្ពុជាក៏បានពន្យល់ប្រាប់គាត់ទៅវិញដែរថា ទិដ្ឋភាពច្បាប់វាយ៉ាងម៉េច ហើយដំណាក់កាលនីតិវិធីរបស់លោក កឹម សុខា នេះ បានដល់ណាហើយ។ ហើយលោក កឹម សុខា មានសិទ្ធិអីខ្លះ តាមផ្លូវតុលាការ រួមទាំងសិទ្ធិទទួលបានការនៅថែទាំ មើលថែសុខភាពអីរបស់គាត់ហ្នឹងគឺថា គាត់អាចស្នើសុំបានទៅចៅក្រមស៊ើបសួរ ហើយសម្រេចយ៉ាងណានោះ ដោយសារគាត់ស្ថិតនៅក្រោមផ្លូវត្រួតពិនិត្យតាមផ្លូវតុលាការ»។
សហរដ្ឋអាមេរិក ក៏ធ្លាប់បានរិះគន់លើការឃុំខ្លួនអតីតប្រធានគណបក្សប្រឆាំងរូបនេះផងដែរ ដោយចាត់ទុកការចាប់ឃុំខ្លួនលោក កឹម សុខា ដោយ«គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌»។
ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានអះអាងថា ការអធិប្បាយរបស់ស្ថានទូតសហរដ្ឋអាមេរិកមានចេតនាបំភ្លៃនិងបំភាន់សាធារណមតិជាតិ និងមតិអន្តរជាតិ ឲ្យមានការយល់ច្រឡំចំពោះការអនុវត្តនីតិវិធី និងការអនុវត្តច្បាប់ដោយតុលាការកម្ពុជា៕